លោក រ៉ា​ដូ គ្រោង​ដាំ​ឪឡឹក​ពូជ​ពណ៌​ស្វាយ និង​ពណ៌​ទឹកប្រាក់ ក្រោយ​ជោគជ័យ​លើ​ការដាំ​ពូជ​សាច់​លឿង
ជាតិ
លោក រ៉ា​ដូ គ្រោង​ដាំ​ឪឡឹក​ពូជ​ពណ៌​ស្វាយ និង​ពណ៌​ទឹកប្រាក់ ក្រោយ​ជោគជ័យ​លើ​ការដាំ​ពូជ​សាច់​លឿង
24, May 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក មួយ រ៉ា​ដូ ជា​អ្នក​ដាំ​បន្លែ​និង​ផ្លែឈើ​សុវត្ថិភាព នៅ​ភូមិ​ទួល ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដែល​ធ្លាប់បាន​ទទួលជោគជ័យ​រួចហើយ លើ​ការដាំ​ឪឡឹក​ពូជ​សាច់​លឿង​។ ដោយ​មើលឃើញ​ពី​ទិន្នផល​គាប់ចិត្ត​នេះ លោក រ៉ា​ដូ ក៏​គ្រោង​នឹង​ដាំ​ឪឡឹក​ពូជ​ពណ៌​ស្វាយ និង​ពណ៌​ទឹកប្រាក់ រួមទាំង​ពូជ​ឪឡឹក​ទម្ងន់​១០០​គីឡូ​បន្ថែមទៀត​។​

 
​គម្រោង​នៃ​ការដាំ​ពូជ​ឪឡឹក​ប្រភេទ​ទាំងនេះ គឺធ្វើឡើង​បន្ទាប់ពី​លោក រ៉ា​ដូ ទទួលបាន​ការបណ្ដុះបណ្ដាល​ពី​មិត្តភក្តិ​ជនជាតិ​ជប៉ុន ដែល​បាន​បង្រៀន​លោក ពី​របៀប​ដាំ​នៅក្នុង​ចម្ការ​ផ្ទាល់ ក្នុង​ផ្ទៃដី​ទំហំ​៤​ហិកតា ស្ថិតនៅក្នុង​ខេត្តមណ្ឌលគិរី​តែម្ដង​។ ចំណែក​ឪឡឹក​សាច់​លឿង ដែល​លោក ដូ ដាំ​បាន​ជោគជ័យ​ល្អ​ចំនួន​៣០០០​គុម្ព​នោះ គឺ​បានផ្ដល់​ទិន្នផល​ជា​ទឹកប្រាក់​ជិត​៧០០០​ដុល្លារ​វិញ ក្នុង​រយៈពេល​ពីរ​ខែ​នៃ​ការប្រមូល​ផល​។​


 
​ថ្លែងប្រាប់​សារព័ត៌មាន ThmeyThmey អ្នក​ដាំ​បន្លែ​និង​ផ្លែឈើ​សុវត្ថិភាព​រូបនេះ បាន​និយាយថា​៖«​ឪឡឹក​នេះ មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ សាច់​ស្រួយ​ខុសពី​ឪឡឹក​សាច់​ក្រហម​ទូទៅ »​។ 
 
​ទីផ្សារ​ឪឡឹក​ដែល​លោក រ៉ា​ដូ ផ្គត់ផ្គង់​នោះ​រួមមាន ខេត្តមណ្ឌលគិរី  រតនៈគិរី និង​ទីក្រុង​ភ្នំពេញ​។ ក្រៅពី​ដាំ​ឪឡឹក លោក រ៉ា​ដូ កំពុង​ដាំ​ផ្លែឈើ​មួយចំនួនទៀត​ដូចជា  ស្រកានាគ​ពណ៌​ស្វាយ ធុ​រេ​ន ត្រសក់ផ្អែម ផា​សិន​លឿង និង​ផ្លែ​ប៊័រ​ជាដើម​។ ជាមួយគ្នា​ក៏មាន​ដាំ​បន្លែ​ចម្រុះ ដូចជា​ទំពាំង​បារាំង ប៉េងប៉ោះ ម្ទេសហាវៃ ការ៉ុត និង​ដំឡូងបារាំង នៅលើ​ផ្ទៃដី​សរុប​៤​ហិកតា​ទៀតផង​។​


 
«​ដំណាំ​ទាំងនេះ មាន​ការដាំដុះ​ទៅតាម​បច្ចេកទេស​ត្រឹមត្រូវ  មាន​ស្តង់ដារ ដែល​ធានាបាន​នូវ​សុវត្ថិភាព​ខ្ពស់​ដល់​អ្នក​បរិភោគ​។ ខ្ញុំ​ក៏មាន​គម្រោង​នាំចេញ​បន្លែ និង​ផ្លែឈើ​ទាំងនេះ ទៅ​ប្រទេស​ជប៉ុន​ផងដែរ ព្រោះ​ខ្ញុំ​មាន​ដៃគូ​សហការ ជាមួយ​ជប៉ុន​ស្រាប់​។ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ត្រូវធ្វើ​ចំពោះមុខ គឺ​ត្រូវ​ពង្រីក​ការដាំ​ទាំងនេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក និង​ឈានដល់​ការនាំ​ចេញទៅ​បរទេស​»​។ នេះ​ជាការ​អះអាង​របស់លោក រ៉ា​ដូ​។​


 
​វា​ជា​រឿង​មួយ​ល្អ ដែល​កសិកម្ម​កម្ពុជា ចេះ​រក​គំនិត​ច្នៃប្រឌិត​ដាំ​ប្រភេទ​ដំណាំ​ប្លែកៗ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស​។ នេះ​ជា​ការលើក​របស់លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម ខេត្តមណ្ឌលគិរី បាន​លើកទឹកចិត្ត​ដល់​លោក មួយ រ៉ា​ដូ ឲ្យ​បន្ត​កិច្ចការ​វិស័យ​កសិកម្ម​បែបនេះ​ទៀត​។​
 
«​នេះ​ជា​គំរូ​ភាព​មួយ​យ៉ាង​ល្អ​ក្នុង​វិស័យ​កសិកម្ម ដែល​យើង​ចង់បាន​។ យើង​នឹង​ជួយ​គាំពារ​ដល់​កសិករ​ទាំង​នេះ ប្រសិនបើ​ត្រូវការ​យើង​ជួយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឃាង ដែល​បាន​បន្ថែមថា បច្ចុប្បន្ន​ផ្ទៃដី​ដាំ​ដុះ​បន្លែ និង​ផ្លែឈើ ទូទាំង​ខេត្តមណ្ឌលគិរី មាន​ជិត​៤០​ហិកតា​៕

Tag:
 កសិកម្ម​
  ឪឡឹក​
 ​មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com