កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ក្លិប PSG ជាប់បទចោទពីបទសូកប៉ាន់ដើម្បីឲ្យកាតាបានធ្វើម្ចាស់ផ្ទះកីឡារត់ប្រណាំងពិភពលោក
× ចៅក្រមបារាំងបានចោទប្រកាន់ប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi ពីបទប្រព្រឹត្តអំពើពុករលួយជុំវិញការសូកប៉ាន់ដើម្បីឲ្យកាតាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងឯកកីឡាអត្តពលកម្មពិភពលោកឆ្នាំ ២០១៩ ក្នុងក្រុងដូហា។
ប្រភពពីតុលាការបានដកស្រង់សម្តីរបស់ទីភ្នាក់ងារព័ត៌មាន AFP ថារឿងក្តីនេះបានផ្តោតលើការប្រកួតជើងឯករត់ប្រណាំងពិភពលោកដែលបានធ្វើឡើងក្នុងឆ្នាំ ២០១៧ កន្លងមក និងនៅចុងឆ្នាំ ២០១៩ ខាងមុខនេះ។ លោក Khelaifi ដែលជាម្ចាស់ស្ថានីទូរទស្សន៍ BeIn Sports របស់កាតាផងនោះកំពុងស្ថិតក្រោមការស៊ើបអង្កេតករណីពុករលួយចាប់តាំងពីខែមីនាមក។
ក្រុងឡុងដ៍របស់អង់គ្លេសបានប្រជែងឈ្នះកាតាក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះជើងឯកអត្តពលកម្មឆ្នាំ ២០១៧។ ប៉ុន្តែយ៉ាងណាកាតាទទួលសិទ្ធិដឹកនាំកីឡានេះវិញនៅឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅចន្លោះពីខែកញ្ញា ដល់ខែតុលា ក្រោយឈ្នះគូប្រជែងសហរដ្ឋអាមេរិក និងអេស្ប៉ាញ។ ការទទួលសិទ្ធិធ្វើម្ចាស់ផ្ទះនេះមានជាប់ពាក់ព័ន្ធការបង់ប្រាក់មិនប្រក្រតីចំនួនពីរលើកដែលមានចំនួនសរុប ៣,៥ លានដុល្លារអាមេរិកកាលពីឆ្នាំ២០១១។
ចៅក្រមបារាំងដែលពិនិត្យឡើងវិញជុំវិញការទូទាត់ប្រាក់ដ៏ច្រើននេះ បានរកឃើញ និងចោទប្រកាន់ក្រុមហ៊ុន Oryx Qatar Sports Investment ដែលមានលោក Nasser Al-Khelaifi និងបងប្រុសខ្លួនជាម្ចាស់នោះបានផ្ទេរប្រាក់ទៅក្រុមហ៊ុនមួយទៀតដែលគ្រប់គ្រងដោយកូនប្រុសរបស់លោក Lamine Diack អតីតប្រធានសហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ (IAAF)។
លោក Lamine Diack សញ្ជាតិសេណេហ្គាល់ អាយុ ៨៥ឆ្នាំជាប្រធាន IAAF ចន្លោះឆ្នាំ ១៩៩៩ ដល់ ២០១៥ ត្រូវចោទប្រកាន់ពីបទពុករលួយកាលពីខែមីនាកន្លងទៅទាក់ទងនឹងរឿងក្តីនេះ ខណៈកូនប្រុសរបស់លោក Papa Massata Diack ត្រូវតុលាកាចេញដីកាចាប់ខ្លួននៅឯប្រទេសកំណើត៕
Tag:
បាល់ទាត់
Paris Saint-Germain
Nasser Al-Khelaifi
IAAF
© រក្សាសិទ្ធិដោយ thmeythmey.com