កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់​ក្លិប PSG ជាប់​បទ​ចោទ​ពីបទ​សូកប៉ាន់​ដើម្បី​ឲ្យ​កាតា​បានធ្វើ​ម្ចាស់ផ្ទះ​កីឡា​រត់ប្រណាំង​ពិភពលោក​
24, May 2019 , 9:19 pm        
រូបភាព
​ចៅក្រម​បារាំង​បាន​ចោទប្រកាន់​ប្រធាន​ក្លិប Paris Saint-Germain លោក Nasser Al-Khelaifi ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ជុំវិញ​ការ​សូកប៉ាន់​ដើម្បី​ឲ្យ​កាតា​ទទួលបាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជើងឯក​កីឡាអត្តពលកម្ម​ពិភពលោក​ឆ្នាំ ២០១៩ ក្នុង​ក្រុង​ដូ​ហា​។​


 
​ប្រភពពី​តុលាការ​បាន​ដកស្រង់​សម្តី​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​រឿងក្តី​នេះ​បាន​ផ្តោតលើ​ការប្រកួត​ជើងឯក​រត់ប្រណាំង​ពិភពលោក​ដែល​បានធ្វើ​ឡើង​ក្នុង​ឆ្នាំ ២០១៧ កន្លងមក និង​នៅ​ចុងឆ្នាំ ២០១៩ ខាងមុខនេះ​។ លោក Khelaifi ដែលជា​ម្ចាស់​ស្ថា​នី​ទូរទស្សន៍ BeIn Sports របស់​កាតា​ផង​នោះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ករណី​ពុករលួយ​ចាប់តាំងពី​ខែមីនា​មក​។​
 
​ក្រុង​ឡុង​ដ៍​របស់​អង់គ្លេស​បាន​ប្រជែង​ឈ្នះ​កាតា​ក្នុងការ​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ​ជើងឯក​អត្តពលកម្ម​ឆ្នាំ ២០១៧​។ ប៉ុន្តែ​យ៉ាងណា​កាតា​ទទួល​សិទ្ធិ​ដឹកនាំ​កីឡា​នេះ​វិញ​នៅ​ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ​ចន្លោះ​ពី​ខែកញ្ញា ដល់​ខែតុលា ក្រោយ​ឈ្នះ​គូប្រជែង​សហរដ្ឋអាមេរិក និង​អេ​ស្ប៉ា​ញ​។ ការទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ការបង់ប្រាក់​មិន​ប្រក្រតី​ចំនួន​ពីរលើក​ដែលមាន​ចំនួន​សរុប ៣,៥ លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​២០១១​។ 
 
​ចៅក្រម​បារាំង​ដែល​ពិនិត្យឡើងវិញ​ជុំវិញ​ការទូទាត់​ប្រាក់​ដ៏​ច្រើន​នេះ បាន​រកឃើញ និង​ចោទប្រកាន់​ក្រុមហ៊ុន Oryx Qatar Sports Investment ដែលមាន​លោក Nasser Al-Khelaifi និង​បងប្រុស​ខ្លួន​ជា​ម្ចាស់​នោះបាន​ផ្ទេរប្រាក់​ទៅ​ក្រុមហ៊ុន​មួយទៀត​ដែល​គ្រប់គ្រង​ដោយ​កូនប្រុស​របស់លោក Lamine Diack អតីត​ប្រធាន​សហព័ន្ធ​កីឡាអត្តពលកម្ម​អន្តរជាតិ (IAAF)​។ 
 
​លោក Lamine Diack សញ្ជាតិ​សេ​ណេ​ហ្គា​ល់ អាយុ ៨៥​ឆ្នាំ​ជា​ប្រធាន IAAF ចន្លោះ​ឆ្នាំ ១៩៩៩ ដល់ ២០១៥ ត្រូវ​ចោទប្រកាន់​ពីបទ​ពុករលួយ​កាលពី​ខែមីនា​កន្លងទៅ​ទាក់ទង​នឹង​រឿងក្តី​នេះ ខណៈ​កូនប្រុស​របស់លោក Papa Massata Diack ត្រូវ​តុលាកា​ចេញ​ដីកាចាប់ខ្លួន​នៅឯ​ប្រទេស​កំណើត​៕

Tag:
 បាល់ទាត់​
  Paris Saint-Germain
  Nasser Al-Khelaifi
  IAAF
© រក្សាសិទ្ធិដោយ thmeythmey.com