អន្តរជាតិ
តើ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អាច​ត្រូវ​ដកហូត​តំណែង​តាមរបៀប​ណា​?
24, May 2019 , 9:59 pm        
រូបភាព
លោក ដូណាល់ ត្រាំ ពេលថ្លែងក្នុងសភា។ លោក ម៉ៃ ផេន អនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភាផងនោះ អង្គុយពីក្រោយជាមួយប្រធានសភាតំណាង ណាន់ស៊ី ផេឡូស៊ី ។ រូបភាព AFP
លោក ដូណាល់ ត្រាំ ពេលថ្លែងក្នុងសភា។ លោក ម៉ៃ ផេន អនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភាផងនោះ អង្គុយពីក្រោយជាមួយប្រធានសភាតំណាង ណាន់ស៊ី ផេឡូស៊ី ។ រូបភាព AFP
​បំណង​ដកតំណែង​ប្រធានាធិបតី​ពី​លោក ដូ​ណា​ល់ ត្រាំ មិនទាន់​ស្ងប់​នៅឡើយ​ទេ​ក្នុងចំណោម​សមាជិក​បក្ស​ប្រជាធិបតេយ្យ​។ ក្រុម​ប្រជាធិបតេយ្យ បាន​ជំរុញ​ដំណើរការ​ប្រឆាំង​លោក ត្រាំ ដោយយោង​លើ​បទល្មើស​បង្អាក់ដំណើរ​កា​រ​យុត្តិធម៌ ជា​ទោស​មួយ​ចែង​ក្នុង​ច្បាប់​អាមេរិក​ដែល​នាំទៅរក​ការដកតំណែង​ប្រធានាធិបតី​បាន​។ ប៉ុន្តែ​បើ​ចង់​ដកតំណែង​ប្រធានាធិបតី​ពី​លោក ត្រាំ មែន បក្ស​ប្រជាធិបតេយ្យ ត្រូវ​ឆ្លងកាត់​នីតិវិធី​ច្រើន និង​ចំណាយ​រាប់​ខែ​។​

 
​ក្រោម​រដ្ឋធម្មនុញ្ញ​អាមេរិក ប្រធានាធិបតី អាច​របូត​តំណែង​របស់ខ្លួន បើ​រកឃើញថា ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ដូចជា ទោស​ក្បត់ជាតិ ស៊ីសំណូក ឬ​បទឧក្រិដ្ឋ​កម្រិត​ខ្ពស់​ផ្សេងទៀត​។ ការបង្អាក់​ដំណើរការ​យុត្តិធម៌ ឬ​ការ​លាក់បាំង ក៏​ជា​ទោស​ដែល​អាច​នាំទៅរក​ការដកតំណែង​ដែរ​។ 
 
​មកទល់​បច្ចុប្បន្ន មិនទាន់មាន​ប្រធានាធិបតី​ណា ត្រូវបាន​ដកហូត​តំណែង​នៅឡើយ​ទេ​។ មាន​ប្រធាន​ធិបតី​បី​រូប​ដែល​ធ្លាប់​ឆ្លងកាត់​នីតិវិធី​ដកតំណែង​នេះ​។ ប្រធានាធិបតី រី​ឆាត និក​សុន ដែល​រង​រឿងអាស្រូវ Watergate បាន​សុំលាលែង​ពី​តំណែង​ក្នុង​ឆ្នាំ​១៩៧៤ ជាជាង​រង់ចាំ​ដល់​ការដកហូត​តំណែង​។ ប្រធានាធិបតី​ពីររូប​ទៀត​ដែល​រង​ការចោទប្រកាន់ គឺ​លោក អ៊ែន​ឌ្រូ ច​ន​សុន និង​លោក ប៊ី​ល គ្លី​ន​តុ​ន សុទ្ធតែ​អាច​រួចខ្លួន​វិញ​ក្នង​ករណី​រៀងៗ​ខ្លួន​។​
 
​នីតិវិធី​ដកតំណែង​ប្រធានាធិបតី​
 
​ក្នុងករណី​សមាជិកសភា​ជឿថា ប្រធានាធិបតី​ប្រព្រឹត្ត​កំហុស​ដូច​ករណី​ចែង​ខាងលើ ពួកគេ​អាច​ចាប់ផ្ដើម​នីតិវិធី​ដកតំណែង​បាន​។ ដំណើរការ​ចាប់ផ្ដើម​ជាដំបូង​នៅ​សភាតំណាងរាស្ត្រ ដោយ​សមាជិក​ណាមួយ អាច​ផ្ដើមសេចក្ដី​ស្នើច្បាប់​ស្ដីពី​ការដកតំណែង ហើយ​បញ្ជូន​ទៅកាន់​គណៈកម្មាធិកា​រ​ជំនាញ ដែលជា​ទូទៅ គឺ​គណៈកម្មាធិការ​យុត្តិធម៌​នៃ​សភា​តំណាង​។ 
 
​គណៈកម្មាធិការ​ខាងលើ នឹង​ត្រួតពិនិត្យ​ភស្តុតាង​ដែល​ខ្លួន​ទទួលបាន ឬ​បើក​ការស៊ើបអង្កេត​ដោយ​ខ្លួនឯង​។ ក្នុងករណី​រកឃើញ​ភស្តុតាង​រឹងមាំ​ហើយ គណៈកម្មាធិការ​អាច​ស​រ​សេរ​មាត្រា​ពី​ការដកតំណែង​នេះ​តែម្ដង ដោយ​បញ្ជាក់​ពីបទ​ល្មើស រួច​បញ្ជូន​ទៅកាន់​សភា​តំណាងរាស្ត្រ​។ នៅ​សភា​ជាន់​ទាប សំណើ​ច្បាប់​ដកតំណែង​នេះ អាច​ត្រូវ​បានអនុម័ត​ដោយ​សំឡេង​ភាគច្រើន​ធម្មតា​។ បើ​ត្រូវ​បានអនុម័ត​ហើយ ជំហាន​បន្ទាប់ គឺ​ព្រឹទ្ធសភា​។​
 
​ព្រឹទ្ធសភា​អាមេរិក នឹង​ដើរតួនាទី​ជា​តុលាការ​ដើម្បី​សម្រេច​ក្ដី​នេះ​។ ជា​នីតិវិធី តំណាង​នៃ​សភា​តំណាង នឹង​ដើរតួ​ជា​រដ្ឋអាជ្ញា ឯ​ប្រធានាធិបតី និង​រដ្ឋមន្ត្រី​យុត្តិធម៌​ជា​ចុងចោទ​។ ចុងក្រោយ សមាជិក​ព្រឹទ្ធសភា​ទាំង​១០០​រូប នឹង​សម្រេច​ថា ត្រូវ​ដកតំណែង​ប្រធានាធិបតី ឬ​អត់​។ ត្រង់ចំណុច គេ​ត្រូវការ​សំឡេង​ពីរភាគបី​នៃ​សំឡេង​សមាជិក​ព្រឹទ្ធសភា​ទាំងអស់​ដើម្បី​ចោទប្រកាន់ រួច​ដកតំណែង​តែម្ដង​។ 
 
​តើ​លោក ត្រាំ អាច​អស់តំណែង​ឬទេ​?
 
​លទ្ធផល​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស Robert Mueller លើ​ករណី​លូកលាន់​ការបោះឆ្នោត​ពី​សំណាក់​រុស្ស៊ី លោក ត្រាំ បានបង្ហាញ​ពី​សកម្មភាព​របស់លោក​ក្នុងការ​បង្អាក់​ដំណើរកា​រ​ស៊ើបអង្កេត ដែល​នេះ​អាច​ប្រើ​ក្នុង​ដំណើរការ​ដកតំណែង​បាន​។ ជាមួយគ្នា​នោះ លទ្ធផល​នៃ​ការស៊ើបអង្កេត​របស់លោក Mueller ក៏​អាចជួយ​កាត់បន្ថយ​រយៈពេល​ការស៊ើបអង្កេត​របស់​ស​ភា​ផងដែរ បើសិនជា​សភា​ចាប់ផ្ដើម​នីតិវិធី​ដកតំណែង​។ 
 
​ក្នុងករណី​នីតិវិធី​ដកតំណែង​ចាប់ផ្ដើម​មែន​នោះ លោក ត្រាំ ក៏​មិនសូវ​បារម្ភ​ដែរ​។ ការប៉ុនប៉ង​ដកតំណែង​លោក អាច​ឆ្លងកាត់​សភាតំណាងរាស្ត្រ​ដោយ​ស្រួល ព្រោះ​ក្រុម​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគច្រើន​ស្រាប់​។ ប៉ុន្តែ​ពេលទៅដល់​ដំណាក់កាល​ព្រឹទ្ធសភា ការប្រឹងប្រែង​របស់​ក្រុម​ប្រជាធិបតេយ្យ ប្រហែលជា​ត្រូវ​អសារ​បង់ ព្រោះ​ក្រុម​សាធារណរដ្ឋ​កាន់កាប់​សំឡេង​ភាគច្រើន​ទៅហើយ លើកលែងតែ​បក្ស​សាធារណរដ្ឋ​បោះបង់​លោក ត្រាំ ៕

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com