អត្ថបទពាណិជ្ជកម្ម
កម្មវិធី​អប់រំ​ហិរញ្ញវត្ថុ​មូលដ្ឋាន ឆា​-​ឈី​ង របស់​មូលនិធិ​ព្រូ​ដិ​នស៍ នឹង​ពង្រីក​ការអនុវត្ត​បន្ថែមទៀត ក្នុង​សាលារៀន​ចំនួន​១៥០
24, May 2019 , 4:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ (​ថ្ងៃទី​២៣ ខែឧសភា​)៖ មូលនិធិ​ព្រូ​ដិ​នស៍ ដែលជា​ដៃគូ​អភិវឌ្ឍន៍​សហគមន៍រ​បស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​អាស៊ី បាន​ចូលរួម​សហការ​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​មូលនិធិ​សិទ្ធិ​កុមារ  ដើម្បី​ពង្រីក​ការអនុវត្ត​កម្មវិធី ឆា​-​ឈី​ង (Cha-Ching Money Smart Kids) រយៈពេល​៣​ឆ្នាំ​ទៀត  នៅតាម​សាលារៀន​ចំនួន​១៥០  ក្នុង​ខេត្ត​ចំនួន​៣ នៅ​កម្ពុជា​។​
​ជាមួយនឹង​ការពង្រីក​វិសាលភាព​នេះ កម្មវិធី ឆា​-​ឈី​ង ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ចំនួន​ប្រមាណ ១ សែន​នាក់ នៅក្នុង​ប្រទេស  ដោយ​រាប់បញ្ចូល​ទាំង​សិស្សានុសិស្ស​រៀន​ថ្នាក់​ទី​៤ និង​ទី​៥ ក៏ដូចជា​មាតា​-​បិតា​សិស្ស គ្រូបង្រៀន និង​មន្ត្រី​អប់រំ​តាម   បណ្តា​ខេត្ត​ផងដែរ​។​
 
​កម្មវិធី ឆា​-​ឈី​ង ត្រូវបាន​អនុវត្ត​ជា​លើកដំបូង​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤ តាមរយៈ​ភាពជា​ដៃគូ​ជាមួយនឹង​ស្ថានីយ៍ទូរទស្សន៍ ស៊ី​ធី​អិន (CTN) ដែលជា​ប៉ុស្តិ៍​ដ៏​មាន​ប្រជាប្រិយ​មួយ ដោយ​ចាក់​បញ្ចាំង​វីដេអូ​គំនូរជីវចល ឆា​-​ឈី​ង ចាប់តាំងពី​ពេលនោះ​មក​។ ក្នុង​ខែសីហា ឆ្នាំ​២០១៧ មូលនិធិ​ព្រូ​ដិ​នស៍ ក៏បាន​ចាប់​ដៃគូ​ជាមួយនឹង​អង្គការ​មូលនិធិ​សិទ្ធិ​កុមារ ដើម្បី​សាកល្បង​អនុវត្ត​កម្មវិធី ឆា​-​ឈី​ង នេះ​បន្ថែមទៀត ដោយ​ផ្តល់ជូន​គ្រូបង្រៀន នូវ​កិច្ច​តែងការ​មេរៀន និង​វគ្គ បណ្តុះបណ្តាល​ផ្សេងៗ ដើម្បី​ជួយ​ដល់​លោកគ្រូ​អ្នកគ្រូ​ទាំងនោះ អាចជួយ​ឱ្យ​កូនសិស្ស រៀន​អំពី​ជំនាញ​គ្រប់គ្រង​សាច់ប្រាក់ ដ៏​មាន​សារៈសំខាន់​នេះ​។ មេរៀន ឆា​-​ឈី​ង ត្រូវបាន​បង្រៀន​សាកល្បង ក្នុង​សាលារៀន​ចំនួន​២០ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែលមាន​សិស្ស​សរុប​ចំនួន ៧២៥ នាក់ ក្នុង​ឆ្នាំ​សិក្សា​២០១៧ និង​២០១៨​។​


 
​កម្មវិធី ឆា​-​ឈី​ង ក៏ត្រូវ​បាន​ណែនាំ​ឱ្យ​ស្គាល់ ដល់​កូនសិស្ស​ជាច្រើន​បន្ថែមទៀត ក្នុង​សាលាបឋមសិក្សា​ច្រើនជាង​២០​កន្លែង ក្នុងប្រទេស​កម្ពុជា តាមរយៈ​ការចុះ​ដោយផ្ទាល់ និង​ជា​បន្តបន្ទាប់​របស់​បុគ្គ​លិ​ក​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ដើម្បី​ជួយ​បង្រៀន​កូនសិស្ស​ទាំងនោះ នូវ​មូលដ្ឋានគ្រឹះ នៃ​ការគ្រប់គ្រង​សាច់ប្រាក់ ប្រកបដោយ​ភាព​ឆ្លាត​វៃ​។ 
 
​លោក Marc Fancy នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​ព្រូ​ដិ​នស៍  មានប្រសាសន៍ថា​៖ «​ក្រោយពី​ការសាកល្បង​អនុវត្ត​កម្មវិធី ឆា​-​ឈី​ង ប្រកបដោយ​ជោគជ័យ​រួចមក  ពួកយើង​ពិតជា​រីករាយ​ណាស់ ក្នុង​ការបន្ត​អនុវត្ត​កម្មវិធី​នេះ ទៅដល់​សាលារៀន និង​ក្មេងៗ​កាន់តែច្រើន​បន្ថែមទៀត  នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខ​ទៀត​»​។ 
 
​សម្រាប់​លោក Marc Fancy វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ផ្តល់នូវ​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​នៅតាម​សាលារៀន ដែល​នឹង​ជួយ​ឱ្យ​ក្មេងៗ​អភិវឌ្ឍ​ផ្នត់គំនិត​ពី​ធម្មជាតិ និង​ឥរិយាបថ​របស់​ពួកគេ ទៅលើ​ការគ្រប់គ្រង​សាច់ប្រាក់ តាំងពី​វ័យក្មេងៗ​ទៅ​។ លោក Marc Fancy បន្តថា​កម្មវិធី​អប់រំ​របស់​កម្មវិធី ឆា​-​ឈី​ង ពិតជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដែល​ជួយ​ឱ្យ​គ្រូបង្រៀន អាច​ចែករំលែក​ទេពកោសល្យ នៃ​ការគ្រប់គ្រង​សាច់ប្រាក់​ដ៏​សំខាន់ ទៅឱ្យ​កូនសិស្ស តាមរយៈ​ការបង្កើត​នូវ​សកម្មភាព​ចូលរួម​ដ៏​សកម្ម និង​សម្ភារ​ជាច្រើន ដែល​ត្រូវបាន​រៀបចំឡើង ដើម្បី​គាំទ្រ​ដល់​របៀប​រៀន​ផ្សេងៗ​គ្នា​របស់​ក្មេងៗ​។ Marc Fancy បន្ថែម​ដូច្នេះ​៖«​យើង​ពិត​ជាមាន​មោទកភាព​ណាស់ ក្នុងការ​គាំទ្រ​កម្មវិធី ឆា​-​ឈី​ង នៅ​កម្ពុជា ព្រមទាំង​ជួយ​អភិវឌ្ឍ​ក្មេងជំនាន់ក្រោយ ឱ្យ​ក្លាយជា​មនុស្សពេញវ័យ ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់​លើ​ផ្នែក​ហិរញ្ញវត្ថុ​»​។​


 
​លោក ណាត បូ​រឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រធាន​នៃ​គណៈកម្មការ​សម្របសម្រួល​លើ​គម្រោង​របស់​កម្មវិធី ឆា​-​ឈី​ង មានប្រសាសន៍ថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​បន្ត​គាំទ្រ​ដល់ដៃ​គូ​អភិវឌ្ឍន៍​ទាំងអស់  ដើម្បី​អនុវត្ត​កម្មវិធី​អប់រំ​ហិរញ្ញវត្ថុ​មូលដ្ឋាន ឆា​-​ឈី​ង​នេះ  សំដៅ​ផ្តល់​ប្រយោជន៍​ដល់​កុមារ​គ្រប់រូប ក្នុងប្រទេស​កម្ពុជា​។​
 
«Cha-Ching Money Smart Kids» គឺជា​កម្មវិធី​អប់រំ​ហិរញ្ញវត្ថុ ដែល​ទទួលបាន​ពានរង្វាន់ និង​ជា​កម្មវិធី​ដែល​បង្រៀន​ក្មេងៗ អំពី​ជំនាញ​ជា​មូលដ្ឋាន នៃ​ការគ្រប់គ្រង​សាច់ប្រាក់​។ កម្មវិធី​នេះ មាន​តួ​អង្គជា​គំនូ​ជី​វច​ល ចំនួន​៦​នាក់ ក្នុង​ក្រុម​តន្ត្រី​មួយ ដែល​ផ្សព្វផ្សាយ​ពី​មូលដ្ឋានគ្រឹះ​ហិរញ្ញវត្ថុ​ចំនួន​៤  រួមមាន​ការរក​លុយ ការ​សន្សំ ការចំណាយ និង​ការបរិច្ចាគ តាមរយៈ​បទ​ចម្រៀង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន​បទ​។​
 
​សម្រាប់​ព័ត៌មាន បន្ថែម​សូម​ចូលទៅ​កាន់​: www.prudencefoundation.com
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com