កីឡាអន្តរជាតិ
អន្តរជាតិ
Lippi ទៅ​ដឹកនាំ​ជម្រើស​ជាតិចិន​លើក​ទី​ពីរ ដោយ​ផ្តោតលើ World Cup 2022 នៅ​កាតា​
24, May 2019 , 5:36 pm        
រូបភាព
​លោក Marcello Lippi ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើស​ជាតិចិន​វិញ​។ នេះ​បើតាម​ការប្រកាស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ចិន (CFA) នៅ​ថ្ងៃទី​២៤ ខែឧសភា​នេះ​។​


អត្ថបទទាក់ទង


​លោក Lippi ដែល​ជួយ​អ៊ីតាលី​ឈ្នះ​ពាន World Cup ឆ្នាំ​២០០៦ បាន​លាលែង​ពី​តំណែង​គ្រូបង្វឹក​ក្រោយ​ដឹកនាំ​ចិន​ធ្លាក់​ត្រឹម​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Asian Cup កាលពី​ខែមករា​កន្លងទៅ ហើយ​ត្រូវ​ជំនួស​វិញ​ដោយ​លោក Fabio Cannavaro​។ ប៉ុន្តែ​ក្រោយ​ដឹកនាំ​បានតែ​២​ប្រកួត Cannavaro ក៏​សម្រេច​លាលែង​ពី​តំណែង​វិញ​ក្រោយ​ចិន​ចាញ់​ថៃ និង​អ៊ូ​ស​បេ​គី​ស្ថាន​ក្នុង​ការប្រកួត​ពានរង្វាន់ China Cup​។​


  
​ការវិលត្រឡប់​សារជាថ្មី​របស់​គ្រូ​សញ្ជាតិ​អ៊ីតាលី​វ័យ​៧១​ឆ្នាំនេះ​គឺ​ផ្តោត​សំខាន់​លើ​ការនាំ​ក្រុម​យក្ស​ចិន​ក្នុង​យុទ្ធនាការ​ជម្រុះ​ដើម្បី​ដណ្តើម​កៅអី​ទៅកាន់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០២២ នៅ​កាតា​។ មហាអំណាច​លំដាប់​ទី​២​ពិភពលោក​មួយ​នេះ​ធ្លាប់​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ម្តង​ក្នុង​ឆ្នាំ ២០០២​។ 


 
​លោក Lippi បាន​ឡើង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិចិន​លើកដំបូង​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១៦ ហើយ​បរាជ័យ​ក្នុង​ការជួយ​ក្រុម​ពី​តំបន់​អាស៊ី​នេះ​ទៅ​បង្ហាញខ្លួន​ក្នុង World Cup នៅ​រុស្ស៊ី​ក្នុង​ឆ្នាំ​២០១៨​។​
 
​ចិន​បាន​ចំណាយ​ប្រាក់​ដ៏​ច្រើនសន្ធឹក​ដើម្បី​អភិ​វ​ឍ្ឍ​វិស័យ​កីឡាបាល់ទាត់​របស់ខ្លួន​តាមរយៈ​ការនាំយក​អ្នក​ដែលមាន​ឈ្មោះ​ល្បីៗ​ទៅ​បំផុសគំនិត​កីឡាករ​របស់​ពួកគេ​ដើម្បី​ឈានដល់​កម្រិត​ខ្ពស់​មួយ​។ តួយ៉ាង​ដូចជា​លោក Lippi នេះ​គឺ​ចិន​ត្រូវ​ចំណាយ​ប្រាក់​រាប់សិប​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។​
 
​កាលពី​ថ្មីៗ​នេះ ចិន​ថែមទាំង​សម្រេច​ដាក់ពាក្យ​ដេញថ្លៃ​ជា​ផ្លូវការ​ដើម្បី​សុំ​សិទ្ធិ​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អាស៊ី (Asian Cup) ឆ្នាំ​២០២៣ និង​មានបំណង​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ World Cup ឆ្នាំ​២០៣០ ទៀតផង​៕

Tag:
 បាល់ទាត់​
  Marcello Lippi
  ចិន​
  Fabio Cannavaro
© រក្សាសិទ្ធិដោយ thmeythmey.com