អន្តរជាតិ
លោក ត្រាំ ប្រកាសភាពអាសន្នដើម្បីលក់អាវុធឲ្យសម្ព័ន្ធមិត្តអារ៉ាប់ ដោយមិនចាំបាច់ឆ្លងសភា
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៤ ខែឧសភា បានសម្រេចចិត្តបន្តផែនការលក់អាវុធទៅឲ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់ឈូងសមុទ្រ ជាទីដែលការប្រឈមមុខជាមួយអ៊ីរ៉ង់នៅតែក្ដៅគគុកដដែល។ ដោយសារការតានតឹងជាមួយអ៊ីរ៉ង់នេះ ទើបលោក ត្រាំ បានប្រកាសស្ថានភាពអាសន្នថ្នាក់ជាតិមួយដែលផ្ដល់សិទ្ធិឲ្យលោកលក់អាវុធដោយមិនចាំបាច់ឆ្លងកាត់សភាឡើយ។ ចំណាត់ការនេះ រងប្រតិកម្មខ្លាំងពីសភា ព្រោះវាលុបបំបាត់តួនាទីសភាក្នុងត្រួតពិនិត្យពាណិជ្ជកម្មអាវុធ។
ទុកសភាមួយឡែក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជំរុញការលក់អាវុធតម្លៃជាង៨ពាន់លានដុល្លារទៅសម្ព័ន្ធមិត្តបីប្រទេស គឺអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងហ្ស៊កដានី។ តាមពិតទៅ សភាប្រឆាំងការលក់អាវុធទៅប្រទេសទាំងបី ដោយបារម្ភថា អាវុធនឹងត្រូវប្រើក្នុងសង្គ្រាមនៅយេម៉ែន។ ប៉ុន្តែលោក ត្រាំ បានប្រកាសដាក់ប្រទេសក្នុងស្ថានអាសន្ន ក្រោមហេតុផលការប្រឈមមុខជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់ការលក់អាវុធតែម្ដងទៅ។
រដ្ឋបាលលោក ត្រាំ បានជូនដំណឹងទៅកាន់គណៈកម្មាធិការសភារួចហើយពីការបន្តនីតិវិធីលក់អាវុធំនួន២២មុខ។ សមាជិកសភាអាមេរិក មិនពិតជាសប្បាយចិត្តដែលលោក ត្រាំ ហ៊ានលក់អាវុធដោយមិនខ្វល់ពីការសុំភ្លើងពីសភាដូចដែលធ្លាប់ធ្វើនាពេលកន្លងមក។ ប៉ុន្តែពួកគេដឹងច្បាស់ថា ប្រធានាធិបតីអាមេរិករូបនេះ នឹងប្រើចន្លោះប្រហោងក្នុងច្បាប់គ្រប់គ្រងការនាំចេញអាវុធដើម្បីជម្នះការប្រឆាំងរបស់សភា។
ក្នុងច្បាប់គ្រប់គ្រងការនាំចេញអាវុធ លោកប្រធានាធិបតី ត្រាំ មានសិទ្ធិប្រកាសស្ថានភាពអាសន្នបាន ដើម្បីនាំអាវុធចេញទោះសភាជំទាស់ក្ដី។ សមាជិកព្រឹទ្ធសភា Chris Murphy និយាយថា លោក ត្រាំ អាចប្រើប្រាស់ច្បាប់នេះបាន ព្រោះដឹងថា សភាមិនអាចបដិសេធបាន។ ប៉ុន្តសមាជិកព្រឹទ្ធសភារូបនេះ មើលមិនឃើញពីភាពអាសន្នណាមួយដែលថ្នាក់ឲ្យលោក ត្រាំ ប្រើជាមូលហេតុដើម្បីលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីតប្រើនៅយេម៉ែនឡើយ។
សមាជិកសភាទាំងបក្សសាធារណរដ្ឋរបស់លោក ត្រាំ ទាំងបក្សប្រជាធិបតេយ្យ កំពុងបារម្ភខ្លាំងចំពោះសកម្មភាពរបស់លោកប្រធានាធិបតី។ ដ្បិតការប្រកាសភាពអាសន្នជាសិទ្ធិពេញទីរបស់ប្រធានាធិបតីមែនពិត ការកំណត់មូលហេតុឲ្យច្បាស់លាស់ក៏ជារឿងសំខាន់ដែរ។ សម្រាប់ករណីចុងក្រោយនេះ ការអះអាងត្រឹមថា អ៊ីរ៉ង់គំរាមកំហែងអាមេរិក ហាក់មិនទាន់គ្រប់គ្រានឡើយ។ កាន់តែបារម្ភសម្រាប់សមាជិកសភានោះ គឺប្រធានាធិបតីក្រោយៗ អាចធ្វើតាមលោក ត្រាំ ដែរមិនខាន។
ជុំវិញការលក់អាវុធនេះ រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ បានផ្ញើបញ្ជីឈ្មោះអាវុធដែលត្រូវលក់ទៅកាន់សភារួចហើយ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោកលើកឡើងថា ដៃគូអាមេរិកនៅមជ្ឈិមបូព៌ា ត្រូវការឲ្យកិច្ចព្រមព្រៀងទិញរបស់ពួកគេឆាប់ត្រូវបានបញ្ចប់ ដើម្បីទប់ទល់អ៊ីរ៉ង់។ ប្រមុខការបរទេសអាមេរិកដដែលនេះបន្តថា ការសម្រេចចិត្តមិនឆ្លងកាត់សភាលើកនេះ ជារឿងដែលកើតឡើងតែម្ដងនេះប៉ុណ្ណោះ៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
អ៊ីរ៉ង់
អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com