ចិន បន្ត​បង្ហាញ​ការចាប់អារម្មណ៍​ខេត្ត​ព្រះសីហនុ​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចិន បន្ត​បង្ហាញ​ការចាប់អារម្មណ៍​ខេត្ត​ព្រះសីហនុ​
25, May 2019 , 12:39 pm        
រូបភាព
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង វ៉ាង យ៉ាជុន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង វ៉ាង យ៉ាជុន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
ដោយ: ថ្មីៗ
​លោក វ៉ាង យ៉ា​ជុន អនុរដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​ចិន បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​លោក នឹង​ចុះ​ខេត្ត​ព្រះសីហនុ ដើម្បី​សិក្សា​អំពី​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ការវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ផ្សេងៗ​។


 
​ក្នុងជំនួប​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​២៤​ឧសភា​នេះ លោក វ៉ាង យ៉ា​ជុន បាន​អះអាង​បែបនេះ​ថា «​ចិន នៅតែ​បន្ត​ជំរុញ​ការវិនិយោគ​មកកាន់​ក​ម្ពុ​ជា និង​ជំរុញ​ការបើក​ទីផ្សារ​សម្រាប់​កម្ពុជា និង​ជួយ​ដល់​កម្ពុជា​លើ​គ្រប់​វិស័យ​»​។ ខ្លឹមសារ​នៃ​ជំនួប​នេះ ត្រូវបាន​ស្រង់​យកទៅ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។ 
 
​នៅ​ចំពោះ​សម្តេច ហ៊ុន សែន លោក វ៉ាង យ៉ា​ជុន បាន​និយាយ​ដូច​មេដឹកនាំ​កំពូលៗ​របស់ខ្លួន​ដែរ​ថា កម្ពុជា​និង​ចិន ជា​មិត្ត​ដែកថែប ហើយ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន នាពេលនេះ គឺ​ស្ថិតនៅ​លំដាប់​ល្អ​បំផុត​។ លោក បាន​សរសើរ​ពី​ភាពស្រស់ស្អាត​របស់​រាជ​ធានី​ភ្នំពេញ​។ 
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា  អរគុណ​ចិន ដែល​ជួយ​ជំរុញ​ការវិនិយោគ ឲ្យ​បាន​កាន់តែច្រើន មកកាន់​កម្ពុជា ហើយ​ថែមទាំង​ជួយ​ជ្រោមជ្រែង​បើកចំហ​ទីផ្សារ​កសិផល និង​ផលិតផល​ផ្សេងៗ​ជាច្រើន​ទៀត​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​របស់​ប្រទេស​ចិន​៕

Tag:
 កម្ពុជា​-​ចិន​
  វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com