ជាតិ
បិទផ្លូវតវ៉ា! តុលាការកំពូល នៅតែឲ្យ ជួប សម្លាប់ ជាប់ពន្ធនាគារមួយជីវិតដដែល
× តុលាការកំពូល បានប្រកាសសាលដីកានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ដោយសម្រេចឲ្យលោក អឿត អាង ហៅ ជួប សម្លាប់ ជាប់ពន្ធនាគារអស់មួយជីវិតដដែល ពីបទឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយនិងជាអ្នកសិក្សាពីការអភិវឌ្ឍសង្គមដ៏ល្បីនៅកម្ពុជា កាលពីអំឡុងខែ កក្កដា ឆ្នាំ២០១៦។
លោក ជួប សម្លាប់ ធ្វើបណ្តឹងសាទុក្ខទៅតុលាការកំពូល ក៏ព្រោះតែលោក ចង់ឲ្យតុលាការកំពូល សម្រាលទោសឲ្យខ្លះ បន្ទាប់ពីតុលាការភ្នំពេញ សម្រេចឲ្យលោក ជាប់ពន្ធនាគារអស់មួយជីវិត។ មុនឈានដល់តុលាការកំពូល លោក ក៏បានដាក់បណ្តឹងសាទុក្ខទៅសាលាឧទ្ធរណ៍រួមហើយដែរ។ ប៉ុន្តែ បណ្តឹងសុំសម្រាលទោសរបស់លោក ត្រូវបានតុលាការជាន់ខ្ពស់ទាំងពីរនេះ ច្រានចោល។
លោក អ៊ឹម ម៉ាច មេធាវីរបស់លោក ជួប សម្លាប់ មានការសោកស្តាយដែលតុលាការកំពូល ពុំបានសម្រាលទោសឲ្យកូនក្តី។ លោក ប្រាប់សារព័ត៌មានថ្មីៗបែបនេះថា «គាត់ ប្រាប់ខ្ញុំ និងបានសារភាពក្នុងសវនាការថា គាត់ពិតជាបានប្រព្រឹត្តអំពើហ្នឹងមែន ហើយសុំឲ្យតុលាការកំពូល សម្រាលទោស។ ការដាក់ទណ្ឌកម្មឲ្យគាត់ជាប់ទោសមួយជីវិត គឺធ្ងន់ធ្ងរពេក»។
លោកមេធាវី បន្តថា ការសម្រេចរបស់តុលាការកំពូលនាពេលនេះ គឺបិទផ្លូវតែតវ៉ា។ ប៉ុន្តែ លោក អះអាងថា លោក ជួប សម្លាប់ នៅអាចធ្វើបណ្តឹងមួយទៀត គឺបណ្តឹងសើរើ។ លោក សង្កត់ធ្ងន់ដូច្នេះថា «បើខាងគាត់ មានភស្តុតាងថ្មី ដែលបង្ហាញថា គាត់ មិនបានប្រព្រឹត្តអំពើហ្នឹងទេ គាត់អាចប្តឹងសុំឲ្យសើរើឡើងវិញ»។
យ៉ាងណាក៏ដោយ បណ្តឹងសើរើនេះ ទំនងជាមិនអាចកើតឡើងសម្រាប់លោក ជួប សម្លាប់ ឡើយ ព្រោះបណ្តឹងសើរើ អាចកើតឡើងបានលុះត្រាតែ លោក ជួប សម្លាប់ មានភស្តុតាងថ្មី ដែលបញ្ជាក់ថាលោក មិនបានសម្លាប់លោកបណ្ឌិត កែម ឡី តែតាំងពីដើមទីមក គឺលោកជាអ្នកសារភាពខ្លួនឯង ថាលោក ជាឃាតក៕
Tag:
ជួប សម្លាប់
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com