អន្តរជាតិ
តើអ្នកដឹងអ្វីខ្លះអំពីព្រះអាទិត្យ? រូបភាព៖ Space Answer
× ព្រះអាទិត្យ វាជាអង្គមួយដែលស្ថិតនៅក្នុងលំហ និងជាប្រភពនៃពន្លឺ និងថាមពល។ វាជាផ្នែកមួយនៃមេឃដែលគ្រប់គ្នាមើលឃើញញឹកញាប់ជាងគេ។ តើអ្នកដែលដឹងថាព្រះអាទិត្យជាអ្វី? ហើយតើវាផ្សំឡើងពីធាតុអ្វី និងមានទំហំធំប៉ុនណា?
តាំងពីច្រើនសតវត្សមុន អ្នកប្រាជ្ញសម័យបុរាណជាច្រើនបានជឿថា ព្រះអាទិត្យមានគន្លងវិលជុំវិញភពផែនដី ដែលលំនាំនេះគេឲ្យឈ្មោះថា Heliocentric System ។ ច្រើនរយឆ្នាំក្រោយមក អ្នកវិទ្យាសាស្ត្រដែលមានដូចជា Nicholaus Copernicus (១៤៧៣-១៥៤៣) បានបង្ហាញថា ភពផែនដីទេដែលវិលជុំវិញព្រះអាទិត្យ។
នេះជាលំនាំ Geocentric System ដែលមនុស្សប្រើប្រាស់សព្វថ្ងៃ។ ការស្រាវជ្រាវរបស់បុគ្គលម្នាក់ តែងតែជាធនធានសម្រាប់ការស្រាវជ្រាវរបស់បុគ្គលម្នាក់ទៀត។ ក្នុងពេលសព្វថ្ងៃ ដោយសារតែប្រព័ន្ធបច្ចេកវិទ្យារបស់មនុស្សមានការរីកចម្រើនខ្ពស់ ជាពិសេសផ្នែកលំហវិទ្យា ការសិក្សាអំពីព្រះអាទិត្យក៏កំពុងតែមានការរីកចម្រើនខ្លាំងដែរ។
តាមការបកស្រាយរបស់គេហទំព័រ space-facts.com ព្រះអាទិត្យមានអាយុកាលជាង៤,៦ ពាន់លានឆ្នាំហើយ។ អង្កត់ផ្ចិតរបស់វាគឺប្រមាណជិត១,៤លានគីឡូម៉ែត្រ។ ព្រះអាទិត្យមានទម្ងន់ស្មើនឹងជាង៣,៣សែនដងនៃទម្ងន់របស់ផែនដី។
នៅស្រទាប់ខាងក្រៅ អង្គមួយនេះមានសីតុណ្ហភាពប្រមាណ៥៥០០អង្សារសេ។ តែ បើនៅស្រទាប់ខាងក្នុងជ្រៅ ព្រះអាទិត្យមានសីតុណ្ហភាពប្រហែលជា១៥លានអង្សារសេ។ ៧០ភាគរយផ្សំឡើងពីអ៊ីដ្រូសែន ចំណែកឯ២៨ភាគរយទៀតគឺផ្សំឡើងពីអេល្យូម។
ទាំងពីរនេះ គឺជាធាតុដែលងាយស្រួលសម្រាប់ការទ្រទ្រង់ចំហេះ។ ១៥០លានគីឡូម៉ែត្រ គឺជាចម្ងាយជាមធ្យមរវាងព្រះអាទិត្យ និងភពផែនដី។ ព្រះអាទិត្យគឺជាផ្កាយ ដូចផ្កាយដទៃទៀតដែលយើងមើលឃើញពេលយប់ដែរ។ ព្រះអាទិត្យគឺជាផ្កាយខ្នាតមធ្យមមួយដែលមានវត្តមាននៅក្បែរផែនដីជាងគេ។ ហេតុដូចនេះហើយ ទើបវាមានពន្លឺភ្លឺខ្លាំង។
បច្ចុប្បន្ន ផ្កាយរណបក្នុងលំហ និងប្រព័ន្ធពិនិត្យទំនើបជាច្រើន ត្រូវបានគេស្ថាបនាឡើងសម្រាប់ការសិក្សាអំពីព្រះអាទិត្យ។ ការប្រមូលទិន្នន័យទាំងអស់នេះមានគុណប្រយោជន៍សម្រាប់ការពិនិត្យមើលផ្កាយដទែទៀតក្នុងលំហដ៏ធំធេង និងការសិក្សាសម្រាប់អ្នកជំនាន់ក្រោយទៀត៕
Tag:
ព្រះអាទិត្យ
ចំណេះដឹងទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com