ជាតិ
ក្រុមហ៊ុនទេសចរណ៍ជាង៦០ប្រទេស នឹងមកចូលរួមពិព័រណ៍ទេសចរណ៍នៅភ្នំពេញ នៅខែតុលាខាងមុខ សនិ្នសីទសារព័ត៌មានស្តីពីពិព័រណ៍ទេសចរណ៍កម្ពុជា-អន្តរជាតិ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី២៣ឧសភា
× ភ្នំពេញ៖ ក្រុមហ៊ុន ឬទីភ្នាក់ងារទេសចរណ៍តូច-ធំក្នុងប្រទស និងក្រុមហ៊ុនទេសចរណ៍មកពីជាង៦០ប្រទេស នឹងចូលរួមពិព័រណ៍ទេសចរណ៍កម្ពុជា-អន្តរជាតិឆ្នាំ២០១៩ (Cambodia Travel Mart_CTM 2019) នៅទីក្រុងភ្នំពេញ។ ពិព័រណ៍នេះ នឹងរៀបចំឡើង ចាប់ពីថ្ងៃទី១១-១៣តុលា ។ នេះបើតាម លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។
ក្នុងសនិ្នសីទសារព័ត៌មាន ស្តីពីពិព័រណ៍ទេសចរណ៍កម្ពុជា-អន្តរជាតិ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី២៣ឧសភា លោក សូ វិសុទ្ធី បាននិយាយថា ពិព័រណ៍នេះ ជាការផ្ដល់ឱកាសមាស ដល់ក្រុមហ៊ុន សមាគម ឬទីភ្នាក់ងារទេសចរណ៍ទាំងឡាយនៅកម្ពុជា មានលទ្ធភាពច្រើន ក្នុងការផ្សព្វផ្សាយពីផលិតផលទេសចរណ៍ ឬលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ដែលខ្លួនមាន ទៅឱ្យក្រុមហ៊ុនទិញកញ្ចប់ទស្សនកិច្ចទេសចរណ៍ ដែលមកពីក្រៅប្រទេស ដែលសុទ្ធសឹងជាដៃគូល្អៗ មកចូលរួមក្នុងព្រឹត្តិការណ៍ CTMនេះ។
លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍
លោកបន្ថែមថា ព្រឹត្តិការណ៍ទេសចរណ៍ ក៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពប្រទេសកម្ពុជា ក្នុងការបង្ហាញពីសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជំរុញឱ្យមានការអភិវឌ្ឍ ការវិនិយោគ ការរីកចម្រើនផ្នែកវិស័យទេសចរណ៍ និងវិស័យដទៃទៀត និងជំរុញឱ្យមានទំនាក់ទំនងពាណិជ្ជកម្មជាដើម។ ក្រៅពីនេះ ក៏ជាឱកាសបង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ស្នាមញញឹមពីធម្មជាតិរបស់ប្រជាជនខ្មែរ របៀបរបបនៃការរស់នៅ ការទទួលបដិសណ្ឋារកិច្ចរបស់កម្ពុជាចំពោះអន្តរជាតិ ហើយអ្នកសារព័ត៌មានទាំងនោះ នឹងរំលេចព័ត៌មានទាំងអស់នេះ។
លើសពីនេះ ក្នុងពិព័រណ៍នេះ ក៏នឹងមានសិក្ខាសាលាដ៏ពិសេសមួយ ដែលមានការចូលរួមពីវាគ្មិនល្បីៗមកពីជុំវិញពិភពលោក មកធ្វើបទបង្ហាញ ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកអ្វីដែលថ្មីៗ ពីវិស័យទេសចរណ៍ និងធុរកិច្ចទៅកាន់អ្នកចូលរួម ភាគីពាក់ព័ន្ធ ក៏ដូចជាយុវជនផងដែរ ពិសេសគឺនឹងមានបទបង្ហាញអំពីការអនុវត្តទីផ្សារតាមបច្ចេកវិទ្យាឌីជីផលទំនើប Digital Markting។លោក សូ វិសុទ្ធី បញ្ជាក់៖«កាលណាក្រុមហ៊ុនក្នុងស្រុក ចូលរួមលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ និងផលិតផលទេសចរណ៍របស់ខ្លួនកាន់តែច្រើន ពួកគេនឹងលក់បានកាន់តែច្រើន ហើយទទួលបានដៃគូល្អៗ គួរជាទីទុកចិត្តកាន់តែច្រើន»។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA)
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានជំរុញឲ្យក្រុមហ៊ុនទេសចរណ៍ សមាគម ឬទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ-ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន-អាហារដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍នានាក្នុងស្រុក និងភាគីពាក់ព័ន្ធ ចាប់យកឱកាសល្អនេះ ដើម្បីបង្កើនការលក់របស់ខ្លួនផង និងដើម្បីការរីកចម្រើនវិស័យទេសចរណ៍ផង។
សូមជម្រាបថា ព្រឹតិ្តការណ៍CTM កាលឆ្នាំ២០១៨ បានធ្វើឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដែលស្ដង់ក្រុមហ៊ុន-ភ្នាក់ងារទេសចរណ៍ចំនួន១៧៣ស្ដង់ចូលរួម។ ដោយឡែកឆ្នាំ២០១៩នេះ នឹងមានស្ដង់ពិព័រណ៍ជាង២០០ស្តង់៕
© រក្សាសិទ្ធិដោយ thmeythmey.com