ពីនេះ ពីនោះ
តៀម​កាហ្វេ​ថ្មីៗ​៖ មនុស្ស​ខ្លះ​រិះគន់​តែ​របស់គេ តែ​មិន​ប្រឹង​ធ្វើ​របស់​ខ្លួនឯង​ទេ​
26, May 2019 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​សុធីរ តែងតែ​និយាយ​បន្ទោស​មន្ត្រីរាជការ រិះគន់​អាជ្ញាធរ​នៅ​ចំពោះមុខ​សំណាង ព្រោះ​សំណាង​ដែលជា​ក្លើ គឺជា​មន្ត្រី​។ តែ​ម្តងនេះ សំណាង​វាយបក​ទៅ​ក្លើ​សុធីរ​វិញ​យ៉ាងធ្ងន់ធ្ងរ​។​

 
​សុធីរ​៖ មកដល់ពេលនេះ​ហើយ​នៅមាន​មន្ត្រី​ខ្មោច នៅរស់​ស៊ីប្រាក់ខែ​រដ្ឋ​ទៀត​អ្ហា​? អ្ហែង​ក៏​ឃើញ​រដ្ឋមន្ត្រី​ព័ត៌មាន​ប្រកាស​ជម្រះបញ្ជី​មន្ត្រី​ខ្មោច​នៅ​ក្រសួង​គាត់​។ អញ​សង្ស័យ​តែ​មិនមែន​មានតែ​ក្រសួង​ហ្នឹង​ទេ នៅ​ច្រើន​កន្លែង​ទៀត សូម្បី​នៅ​ស្ថាប័ន​នីតិបញ្ញត្តិ​។ ជាពិសេស អា​ស៊ីញេ​ចុះ​វត្តមាន​នេះ ដូចជា​មិនបាន​ផល​អី​ទេ​។​
 
​សំណាង​៖ អ្អែង​រិះគន់ អ្ហែង​និយាយ ជា​សិទ្ធិ​របស់​អ្ហែង អញ​យល់​។ តែ​ម្ងៃៗ អញ​ឮ​តែ​អ្ហែង​និយាយថា អ្នកនេះ​អាក្រក់ អ្នកនោះ​អាក្រក់​។ អ្នកនេះ​អត់​ធ្វើការ អ្នកនោះ​អសមត្ថភាព អត់​ចេះ​ធ្វើការ​។ អ្ហែង​មិន​ហត់​ចិត្ត​ទេ​ហី​?
 
​សុធីរ​៖ ចុះបើ​វា​មាន​បញ្ហា​មែន​។ អ្ហែង​ក៏​ឃើញ​ដែរ​! រដ្ឋ​ថា​ខ្លួនឯង​ក្រ តែ​មន្ត្រី​ផ្ទះ​ធំ​ជាង​វិហារ​លោកសង្ឃ​ទៀត ហើយ​នៅ​គ្រប់កន្លែង​។ ប្រាក់ខែ​តិច​ទេ តែ​រថយន្ត​ទំនើប​ប៉ុណ្ណា​ក៏មាន​លុយ​ទិញ​ដែរ​។ អត្តសញ្ញាណ​បណ្ណ សៀវភៅ​គ្រួសារ មន្ត្រី​សរសេរ​ឈ្មោះ​ប្រជាជន​ខុស ហើយ​ត្រូវ​ឲ្យ​ប្រជាជន​រត់ការ​កែ​ពាក្យ ដូរ​ពាក្យ​ខ្លួនឯង ពេលខ្លះ​ត្រូវ​ទៅដល់​តុលាការ​ទៀត​។ សេវា​ខ្លះ រដ្ឋ​ចែង​មិន​ឲ្យ​បង់ប្រាក់​ទេ តែ​មន្ត្រី​ប្រាប់​ពលរដ្ឋ​ថា តាម​សទ្ធា តាម​មនោសញ្ចេតនា​។ 
 
​សំណាង​៖ អ្ហែង​រៀន​បាន​ច្រើន អ្ហែង​យល់ថា អ្វីៗ​ត្រូវការ​ពេលវេលា​ទេ​? គិត​ម្តងទៀត​មើល ក្រែងលោ វា​មាន​អ្វីៗ​ប្រសើរ​ជាង​កាល​ពេល​អ្ហែង​នៅ​ជា​និស្សិត ឬ​ប្រសើរ​ជាង​អ្ហែង​ទើប​ចេញ​ធ្វើការ​ដំបូង​កាលពី​១៥​ឆ្នាំមុន​? អញ​យល់ស្រប​ជាមួយ​ឯង​ថា នៅមាន​រឿង​ច្រើន​ដូច​អ្ហែង​បានលើកឡើង តែ​អញ​ថា វា​ក៏មាន​ចំណុច​ល្អប្រសើរ​ច្រើន​ដែរ​។​
 ​ច្រកចេញចូល​តែមួយ នៅតាម​ខណ្ឌ​ស្រុក មាន​សេវា​រាប់សិប ដែលមាន​មន្ត្រី​ល្អៗ គេ​ខិតខំ​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​។​
ខាង​វិស័យ​អប់រំ ក៏មាន​មន្ត្រី និង​គ្រូបង្រៀន​ជាច្រើន​ដែល​បាន​ខិតខំ​អនុវត្ត​វិធាន​កំណែទម្រង់ ដើម្បី​អនាគត​កូន​ខ្មែរ​ជំនាន់​ក្រោយ​។​
​អ្ហែង​បន្ទោស​គេ​ថា គេ​ធ្វើ​អ្វី​មិនកើត តែ​ស្ថាប័ន​គេ​មួយៗ មាន​បុគ្គលិក​រាប់រយ រាប់ពាន់នាក់​។ មើលខ្លួន​អ្ហែង​មើល អ្ហែង​ធ្វើបាន​អី​ខ្លះ​? បើ​អ្ហែង​ធ្វើបាន​ល្អ​ហើយ អ្ហែង​គួរតែ​បន្តធ្វើ​ឲ្យ​កាន់តែ​ល្អប្រសើរ​ទៅមុខទៀត ដើម្បីឱ្យ​ក្លាយជា​គំរូ​គេ ហើយ​គេ​នឹង​បាន​ធ្វើតាម​អ្ហែង​។​
​អញ​ថា បើ​អ្ហែង​នៅតែ​អង្គុយ​រិះគន់​ទេ អ្ហែង​នឹង​ខាត​ពេល​សម្រាប់​ការធ្វើ​ល្អ​របស់​អ្ហែង​។ អ្ហែង​យល់​ទេ​?
 

© រក្សាសិទ្ធិដោយ thmeythmey.com