សង្គមអន្តរជាតិ​
អន្តរជាតិ
អភិបាលក្រុង​ម្នាក់​គ្រោង​ចែក Viagra ដល់​ពលរដ្ឋ​ព្រោះ​សាលា​ប្រឈម​បិទទ្វារ​ដោយសារ​គ្មាន​សិស្ស​
26, May 2019 , 9:59 am        
រូបភាព
ដោយ: ធីតា
​អភិបាលក្រុង Montereau នៅ​ដេ​ប៉ា​តឺ​ម៉​ង់ Loiret នៃ​ប្រទេស​បារាំង កាលពីពេល​ថ្មីៗ​កន្លងមកនេះ បានចេញ​ក្រឹត្យ​មួយ ដើម្បី​ផ្តល់​ថ្នាំ​ជំនួយ​ផ្លូវភេទ (Viagra) សម្រាប់​ស្វាមីភរិយា​ដែលមាន​អាយុ​ចន្លោះ​ពី​១៨​ទៅ​៤០​ឆ្នាំ​។ មូលហេតុ​អ្វី​? សាលា​នៅ​តំបន់​មួយ​នេះ ប្រឈម​បិទទ្វារ ដោយសារតែ​កង្វះ​សិស្ស​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន La Dépêche du Midi​។​

 
​ក្រុង Montereau មាន​ពលរដ្ឋ​ប្រមាណ​តែ​៦០០​នាក់​ប៉ុណ្ណោះ ដោយ​សាលារៀន​ប្រឈម​បិទទ្វារ ព្រោះ​គ្មាន​សិស្ស​រៀន​។ តប​ទៅនឹង​បញ្ហា​នេះ លោក Jean Debouzy ដែលជា​អភិបាលក្រុង បានដាក់​គោលការណ៍​ដ៏​មិន​នឹកស្មាន​ដល់​មួយ តាមរយៈ​ផែន​ការចែក​ថ្នាំ​ជំនួយ​ផ្លូវភេទ «Viagra» ដល់​គូ​ស្វាមីភរិយា​។​


 
«​លោក​អភិបាលក្រុង ផ្តល់ជូន​ថ្នាំ​គ្រាប់​តូច​ពណ៌​ខៀវ [​ប្រភេទ Viagra] ដល់​ស្វាមីភរិយា​អាយុ​ពី​១៨​ឆ្នាំទៅ​៤០​ឆ្នាំ ដើម្បី​ផ្តល់ឱកាស​សម្រាប់​ការបង្ករ​កំណើត ក៏ដូចជា​រក្សា​ដំណើរការ​សាលារៀន​នៅ​ឃុំ​ទាំងពីរ​ក្នុង​ក្រុង​»​។ នេះ​ជាការ​បញ្ជាក់​ក្នុង​ក្រឹត្យ ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​របស់​បារាំង​។​
 
​លោក​អភិបាលក្រុង Montereau បាន​ពន្យល់​ហេតុផល​ថា ក្រុង​មួយ​ដែល​គ្មាន​ក្មេងៗ ប្រៀបដូចជា​ក្រុង​មួយ​ដែល​ស្លាប់​យ៉ាង​ដូច្នោះ​ដែរ​។ លោក​បាន​បន្ថែមថា ការ​មាន​អារម្មណ៍​ផ្លូវភេទ ដើម្បី​ឈានដល់​ការបង្ក​កំណើត ត្រឹមត្រូវ មិនមាន​អ្វី​ខុសឆ្គង​នោះឡើយ​។​
 
​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ភ្នាក់ងារ​អធិការកិច្ច​សិក្សា រកឃើញថា សាលា​នៅក្នុង​ក្រុង Montereau ប្រឈម​បិទទ្វារ​ដោយសារ​គ្មាន​សិស្ស ជាពិសេស​នៅ​ខែកញ្ញា​ខាងមុខ ថ្នាក់រៀន​មួយ​ក្នុងចំណោម​ថ្នាក់រៀន​៤​នៅក្នុង​ឃុំ ត្រូវបាន​ប្រកាសថា បិទទ្វារ​ផ្លូវការ​។​
 
​ជាមួយគ្នានេះ​ផងដែរ លោក Jean Debouzy ត្រូវ​រង់ចាំ​គោលការណ៍​បន្ថែម​ពី​ក្រុមប្រឹក្សា​សាលាក្រុង ក៏ដូចជា​ការអនុញ្ញាត​ផ្ទាល់​ពី​ស្ថាប័ន​សុខាភិបាល​ផងដែរ​។ «​នៅពេល​ទទួល​បានការ​យល់ព្រម​ពី​ក្រុមប្រឹក្សា​ក្រុង យើង​នឹង​រៀបចំ​ថ្នាំ​ដាក់​ក្នុង​ស្តុក​»​។ លោក​បាន​អះអាង​យ៉ាង​ដូច្នេះ​។​
 
​នៅ​បារាំង ការប្រើប្រាស់ Viagra ត្រូវតែមាន​ការអនុញ្ញាត​ត្រឹមត្រូវ​ពី​វេជ្ជបណ្ឌិត​ជំនាញ ដូច្នេះ​គម្រោង​របស់លោក Jean Debouzy មិនអាច​ចេញ​ជា​រូបរាង​ឆាប់​នោះឡើយ​៕
 

Tag:
 បារាំង​
  អប់រំ​
  Viagra
© រក្សាសិទ្ធិដោយ thmeythmey.com