ជាតិ
សេដ្ឋកិច្ច
ឥណ្ឌូណេស៊ី​-​កម្ពុជា ដែល​ធ្លាប់មាន​ជើងហោះហើរ​ត្រង់​មុន​ឆ្នាំ​១៩៧០ ឥឡូវ​ចាប់ផ្ដើម​ឡើងវិញ​
25, May 2019 , 5:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​ហ្សាការតា​-​ភ្នំពេញ នឹងត្រូវ​ចាប់ផ្ដើម​ដំណើរការ​ចាប់ពី​ពាក់កណ្ដាល​ខែមិថុនា​ឆ្នាំ​២០១៩ ឆាប់​ខាងមុខ​នេះហើយ​។ នេះ​បើតាម​ការអះអាង​របស់​តំណាង​ក្រុមហ៊ុន​អាកាសចរ​របស់​ឥណ្ឌូណេស៊ី Citilink ក្នុង​សន្និសីទកាសែត​ស្ដីពី​ការសម្ពោធ​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២៥​ខែឧសភា​។​


 
​លោក Heriyanto នាយករង​ផ្នែក​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Citilink បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​លោក​នឹង​ចាប់ផ្ដើម​ការហោះហើរ​ត្រង់ហ្សាការតា​-​ភ្នំពេញ ចាប់ពី​ពាក់កណ្ដាល​ខែមិថុនា ដោយ​ដំណើរការ​បី​ថ្ងៃ ច័ន្ទ ពុធ សុក្រ ក្នុង​មួយ​សប្ដាហ៍​។ Citilink នឹង​ប្រើ​យន្តហោះ Airbus A320 សម្រាប់​ប្រតិបត្តិការ​សេវា​កម្មនេះ ដែល​អាច​ផ្ទុក​អ្នកដំណើរ ១៨០​នាក់​។​
 
​បើតាម​លោក ថោង ខុន ឥណ្ឌូណេស៊ី ក៏ដូចជា​សិង្ហ​បុរី ម៉ាឡេស៊ី​ជាដើម មាន​ជើងហោះហើរ​ត្រង់​ជាមួយ​កម្ពុជា កាលពីមុន​សម័យ​សង្គ្រាម​ឆ្នាំ​១៩៧០ ហើយ​បាន​បញ្ឈប់​ការហោះហើរ​ត្រង់នេះ​អស់​ជាច្រើន​ទស្សវត្សរ៍ រហូតដល់​មានការ​ចាប់ផ្ដើម​ជាថ្មី​នាពេល​បច្ចុប្បន្ននេះ​។ មកទល់​នៅពេលនេះ កម្ពុ​ជាមាន​ជើងហោះហើរ​ត្រង់​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ស្ទើរ​ទាំងអស់ គឺ​នៅសល់តែ​ការតភ្ជាប់​ផ្ទាល់​ជាមួយ​ប្រទេស​ព្រុយ​ណេ​មួយទៀត​ប៉ុណ្ណោះ​។​
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ អះអាងថា ការបើក​ជើងហោះហើរ​ត្រង់នេះ នឹង​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ប្រទេស​ទាំងពីរ​កម្ពុជា និង​ឥណ្ឌូណេស៊ី បន្ថែមទៀត​។ លោក ថោង ខុន គូសបញ្ជាក់​ដូច្នេះ​ថា​៖«​មុន​មាន​ជើងហោះហើរ​ត្រង់ ទេសចរ​ឥណ្ឌូណេស៊ី​មក​កម្ពុ​ជាមាន​កំណើន​រួចទៅហើយ ដោយ​ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន ៥,៥​ម៉ឺន​នាក់​ក្នុង​កំណើន ១១,៨​ភាគរយ និង​នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩ មាន​ចំនួន ១,៥​ម៉ឺន​នាក់ កើន ១០,៨​ភាគរយ​។ យើង​ជឿជាក់ថា​នឹងមាន​ការកើនឡើង​ភ្ញៀវ​ទេចរ​ឥណ្ឌូណេស៊ី​មកកាន់​កម្ពុជា ហើយក៏​អាច​នាំ​ទេសចរ​កម្ពុជា​ទៅ​ឥណ្ឌូណេស៊ី​ផងដែរ​។ ហើយ​មិន​ត្រឹមតែ​ផ្លាស់ប្ដូរ​ទេសចរ​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ តែ​សំខាន់​អាច​ទាក់ទាញ​ទេសចរ​ប្រទេស​ទី​បី​ថែម​ទៀតផង​»​។​
 
​លោក ថោង ខុន រំពឹងថា ក្រៅពី​ចា​កាតា និង​ភ្នំពេញ ជើងហោះហើរ​ផ្ទាល់​បែបនេះ​ក៏​នឹងមាន ទៅ​តំបន់​ទេសចរណ៍​សំខាន់ៗ ដូចជា​កោះ​បាលី រមណីយដ្ឋាន​អង្គរ ជាដើម​។​
 
​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា អ្នកស្រី ឆាយ ស៊ីវ​លីន បាន​គាំទ្រ និង​បង្ហាញ​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការបើក​ជើងហោះហើរ​ត្រង់នេះ ដ្បិតថា កន្លងទៅនេះ​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​រវាង​ក​ម្ពុ​ជា និង​ឥណ្ឌូណេស៊ី ត្រូវ​ផ្ទេរ (Transit) នៅ​ប្រទេស​ដទៃ​សិន ដូចជា​ថៃ ម៉ាឡេស៊ី ជាមុនសិន ដែល​ត្រូវ​ចំណាយពេល​យូរ​ច្រើន​ម៉ោង ឬ​អាច​មួយ​យប់​ឯណោះ​។ អ្នកស្រី​លើកឡើង​ដូច្នេះ​ថា​៖«​កន្លងមក​ការហោះហើរ​ត្រូវ​ឆ្លងកាត់​បាងកក ម៉ាឡេស៊ី ឬ​វៀតណាម ដែល​ពិបាក​ក្នុងការ​ផ្ទេរ​ជើងហោះហើរ ដែល​ជួនកាល​រង់ចាំ​បួន​ប្រាំ​ម៉ោង​នៅ​ចំណុច​ណាមួយ ទម្រាំ​ទៅដល់ហ្សាការតា​។ ឥឡូវនេះ​ធ្វើ​ឲ្យ​យើង​ចំណេញ​ពេលវេលា ដែល​ធ្វើដំណើរ​ត្រឹម ៣​ម៉ោង​កន្លះ ជាជាង​យើង​ធ្វើដំណើរ​មួយថ្ងៃ​វាល់ល្ងាច ឬ​ពេលខ្លះ​មួយ​យប់​តែម្ដង​»៕
 

Tag:
 កម្ពុជា​-​ឥណ្ឌូណេស៊ី​
  ថោង ខុន​
  ហោះហើរ​ត្រង់​
© រក្សាសិទ្ធិដោយ thmeythmey.com