ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​មើលងាយ​របៀប​រស់នៅ​ទាំងនេះ​ឲ្យ​សោះ ព្រោះ​វា​អាចជួយ​បញ្ចុះ​កម្តៅ និង​បន្ថយ​ការឈឺ​ចាប់បាន​
25, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ផ្សំ​ចូលគ្នា​នៃ​ការ​ក្តៅខ្លួន និង​ឈឺខ្លួន​ច្រើនតែ​បង្កឡើង​ដោយ​ការបង្ក​រោគ​ដោយ​បាក់តេរី ឬ​វីរុស ហើយ​ភាគច្រើន​ជា​វីរុស​ជំងឺ​ផ្តាសាយ​តែម្តង​។ ការបង្ក​រោគ​នៅ​ពោះវៀន រលាក​សួត និង​ផ្លូវទឹក​ម៉ូ​ត្រ​ក៏មាន​អាកា​រៈ​ក្តៅខ្លួន និង​ឈឺខ្លួន​ដែរ​។​ការបង្ក​រោគ​ដោយ​បាក់តេរី​អាច​ព្យាបាល​បាន​ដោយ​ថ្នាំ​ផ្សះ ប៉ុន្តែ​បើ​វីរុស​វិញ ច្រើនតែ​ជា​វិញ​ដោយ​ខ្លួនឯង​។ យ៉ាងណាមិញ មិន​ខ្វល់​ថា ភាពមិន​ស្រួលខ្លួន​នេះ​ព្យាបាល​ដោយ​របៀប​ណា​ឡើយ តែ​បើសិនជា​អ្នក​ប្រើ​របៀប​រស់នៅ​ដូចខាងក្រោម​នេះ វា​នឹង​ជួយ​បញ្ចុះ​កម្តៅ និង​បន្ថយ​ការឈឺ​ចាប់បាន​កាន់តែ​លឿន​ផង​។

 
​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​
 
​ការសិក្សា​បាន​ឲ្យ​ដឹងថា ការ​គេង​មិនបាន​គ្រប់គ្រាន់​អាចធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ហើយ​ការ​សម្រាក​គ្រប់គ្រាន់​អាច​បង្កើន​មុខងារ​របស់​វា​វិញ​បាន​។ រាងកាយ​នឹងមាន​សមត្ថភាព​ក្នុងការ​សម្លាប់​ការបង្ក​រោគ​ដែល​ធ្វើ​ឲ្យ​ក្តៅខ្លួន និង​ឈឺខ្លួន​បាន​។ ទោះបីជា​អ្នក​ប្រើ​ថ្នាំ​បំបាត់រោគ​សញ្ញា​ក៏ដោយ ក៏​រាងកាយ​ត្រូវការ​សម្រាក​ដែរ ដើម្បី​មាន​សមត្ថភាព​កាន់តែខ្លាំង​ប្រឆាំងនឹង​ការបង្ក​រោគ​។ 
 
​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​ដើម្បី​បញ្ចុះ​កម្តៅ​
 
​ចូរ​ព្យាយាម​ងូតទឹក​ក្តៅ​ឧណ្ហៗ ឬ​ប្រើ​កន្សែង​ជូត​ខ្លួន ដើម្បី​ផ្តល់​ភាព​ត្រជាក់​ដល់​រាងកាយ​។ ចូរ​ចាំ​ថា អ្នក​មិនគួរ​ធ្វើបែបនេះ​ឡើយ​បើសិនជា​កំពុង​តែមាន​អាកា​រៈ​គ្រុន​។ ការ​ត្រជាក់​រាងកាយ​នឹងធ្វើ​ឲ្យ​ញាក់​ខ្លាំង ហើយក៏​ធ្វើ​ឲ្យ​ក្តៅខ្លួន​កាន់តែខ្លាំង​ទៀត​ដែរ​។ 
 
​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
 
​នៅពេល​រាងកាយ​ក្តៅខ្លួន​ខ្លាំង រាងកាយ​នឹង​បាត់បង់​ជាតិ​ទឹក​កាន់តែ​លឿន​។ ការ​ខ្សោះ​ជាតិ​ទឹក​អាចធ្វើ​ឲ្យ​អាកា​រៈ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​បាន​បើសិន​ជាការ​ក្តៅខ្លួន​កើតឡើង​ជាមួយនឹង​ការ​ក្អួត ឬ​រាករូស​។ រាងកាយ​ត្រូវការ​ជាតិ​ទឹក​ច្រើន​ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ជំរុញ​ដល់​ការ​ឆាប់​ជា​ពី​ការបង្ក​រោគ​។ ចូរ​ញ៉ាំ​ទឹក​ត្រជាក់​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​ផង និង​ផ្តល់​ភាព​ត្រជាក់​ដល់​រាងកាយ​ផង​។ ការ​ញ៉ាំ​តែ​បៃតង​នឹង​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។ តែបើ​អ្នក​រាក​វិញ វា​នឹងធ្វើ​ឲ្យ​រាក​កាន់តែខ្លាំង ដូច្នេះ​កុំ​ញ៉ាំ​តែ​បៃតង​ពេល​កំពុងតែ​រាក​អី​។ 
 
​ញ៉ាំ​អាហារ​សម្បូរ​សារធាតុ​អង់​ទី​អុកស៊ីដ​ង់​
 
​អាហារ​ដែល​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​អាចជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ធ្វើ​ឲ្យ​រាងកាយ​កាន់តែ​ងាយស្រួល​ប្រឆាំងនឹង​ការបង្ក​រោគ​បាន​។ អាហារ​ដែល​អ្នក​គួរតែ​ញ៉ាំ​នោះ​គួរតែ​ជា បឺ​រី​ពណ៌​ខៀវ ប៉េងប៉ោះ និង​ផ្លែឈើ​ផ្សេងៗ​ទៀត​ដែលមាន​ពណ៌​ចាស់ៗ​។ បន្លែ​ក៏​ល្អ​ដែរ​ជាពិសេស​ម្ទេស​ប្លោក​។ 
 
​ចូរ​ពាក់​ស្រោមជើង​សើម​
 
​វិធីសាស្ត្រ​មួយ​នេះ​នឹង​ជួយ​បញ្ចុះ​កម្តៅ​រាងកាយ​បាន​។ ចូរ​ពាក់​ស្រោមជើង​ស្តើង​ដែល​ជ្រ​លួ​ក​នឹង​ទឹក​ក្តៅ​ឧណ្ហៗ​។ ចូរ​ពាក់​ស្រោមជើង​នេះ​នៅ​ជើង​ទាំងសងខាង និង​ក្នុងពេល​គេង​។ ការធ្វើ​បែបនេះ វា​នឹង​ជំរុញ​ដល់​ឈាម និង​ទឹករងៃ​ធ្វើ​ចរាចរណ៍​ក្នុង​រាងកាយ​កាន់តែ​ល្អ ព្រមទាំង​ភ្ញោ​ច​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ទៀត​។ អ្នក​អាចធ្វើ​បែបនេះ ៥ ទៅ ៦​យប់​បាន​។ បន្ទាប់មក សម្រាក​រយៈពេល ២​យប់​សិន​ចាំ​បន្តទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com