ជាតិ
សង្គមជាតិ
JICA,CMAC និងក្រសួងកសិកម្ម បានរួមគ្នាផលិតចំណីសត្វពីស្មៅ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក រូបភាពទី១ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
× ភ្នំពេញ៖ អង្គការ JICA បានសហការជាមួយក្រសួងកសិកម្ម និងមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ដើម្បីដាំ និងធ្វើអាជីវកម្មស្មៅ ប្រភេទ Sorghum Silage សម្រាប់ផលិតចំណីសត្វ។ គម្រោងនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៨មក។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាជាមួយលោក Yuji SEGOSHI ទីប្រឹក្សា និងជាអ្នកសម្របសម្រួលគម្រោងរបស់អង្គការ JICA និងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា អំពីគម្រោងដាំ និងការធ្វើអាជីវកម្មប្រភេទស្មៅចំណី Sorghum Silageនេះ កាលពីថ្ងៃទី២១ ខែឧសភា។ គម្រោងនេះទទួលបានការឧបត្ថម្ភ ពីអង្គការ JICA រយ:ពេល២ឆ្នាំ និងអនុវត្តដោយក្រុមហ៊ុន Applied Natural Products Co., Ltd (ANP) សហការនិងសម្របសម្រួលជាមួយអង្គការ CMAC និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងខេត្តបាត់ដំបង។
ក្នុងជំនួបនោះ លោក វេង សាខុន បានបង្ហាញការគាំទ្រចំពោះគម្រោងដាំស្មៅចំណី Sorghum Silage នេះ ខណៈដែលក្រសួង ក៏កំពុងជំរុញផលិតកម្មសត្វ និងចំណីសត្វដែរនោះ។
Yuji SEGOSHE ទីប្រឹក្សា និងជាអ្នកសម្របសម្រួលគម្រោងរបស់អង្គការ JICA បានថ្លែងក្នុងជំនួបនោះ កាលពីឆ្នាំ២០១៨ គម្រោងនេះផលិតចំណីសត្វបានប្រមាណ ២១១តោន សម្រាប់ផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះមួយ នៅរាជធានីភ្នំពេញ ដោយក្នុង១តោន ទទួលបានតម្លៃពី ៧០-៨០ដុល្លារអាមេរិក។ ដោយឡែកក្នុងឆ្នាំ២០១៩នេះ គម្រោងនេះ គ្រោងបង្កើនការផលិត ឲ្យបាន៤៥០តោន។ បើតាមលោក Yuji ក្រុមហ៊ុនក៏មានបំណងបោះទុនវិនិយោគ យកស្មៅប្រភេទនេះ មកផលិតជាជីកុំប៉ុស្តិ សម្រាប់បម្រើឲ្យវិស័យកសិកម្ម នាពេលអនាគតផងដែរ។
ទោះជាយ៉ាងនេះក្តី គម្រោងនេះ ក៏ជួបប្រឈមបញ្ហាមួយចំនួនដែរ។ បើតាមលោក Yuji SEGOSHE គឺការផលិតនៅមានកម្រិត ដែលនាំឲ្យការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការទីផ្សារ ហើយបញ្ហាចម្បងក្នុងពេលបច្ចុប្បន្ន គឺមធ្យោបាយ និងតម្លៃនៃការដឹកជញ្ជូន រួមជាមួយការខ្វះប្រភពទឹកស្រោចស្រព។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីននៅកម្ពុជា បានឲ្យដឹងថា ការដាំដុះស្មៅ Sorghum Silage សម្រាប់ផលិតជាចំណីសត្វនេះ កំពុងអនុវត្តនៅមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ នៅឃុំឆ្លាស់មាន់ ស្រុកគាល់ក្រឡ ខេត្តបាត់ដំបង។ គម្រោងនេះ គ្រោងចំណាយថវិកាជិត១លានដុល្លារ ហើយ JICA ជួយសាងសង់ឃ្លាំងមួយ,ផ្តល់ត្រាក់ទ័រ៤គ្រឿង និងសម្ភារវេចខ្ចប់ផលិតផលចំណីផ្អាប់ស្មៅ sorghum តាមខ្សែចង្វាក់គ្រឿងចក្រទាំងស្រុង។ នេះជាការបញ្ជាក់របស់លោក ហេង រតនា៕
Tag:
JICA
CMAC
ស្មៅ
ជីវៈវិទ្យា
ចំណីសត្វ
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com