សៀមរាប៖ រពាក់ ជាប្រភេទវល្លិម្យ៉ាង ដែលមានដុះនៅតាមព្រៃរបោះ នាតំបន់ទំនាប ក្នុងប្រទេសកម្ពុជា។ វល្លិនេះ អាចយកទៅផលិតជាសម្ភារប្រើប្រាស់ផ្សេងៗ មិនខុសពីឫស្សីឡើយ។ ដ្បិតសម័យបច្ចុប្បន្ន មានការអភិវឌ្ឍជឿនលឿនដោយ ក៏សិប្បកម្មដែលផលិតចេញពីវល្លិរពាក់ នៅតែត្រូវប៉ាន់ក្នុងទីផ្សារ ហើយវាកាន់តែមានតម្លៃ នៅពេលផលិតផលមួយនេះ កម្រមានអ្នកចេះ ឯរពាក់ក៏កាន់តែខ្សត់។ អ្នកភូមិអារក្សស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប នៅមានសិប្បកម្មប្រពៃណីធ្វើពីរពាក់នេះ ហើយផលិតផលដែលធ្វើបាន មានទីផ្សារល្អគួរឱ្យកត់សម្គាល់។
សូមស្ដាប់បទយកការណ៍ ដែលរៀបចំដោយ អ្នកស្រី អ៊ីសា រ៉ហានី នៃសារព័ត៌មានថ្មីៗ ពីខេត្តសៀមរាបដូចតទៅ៖
វល្លិរពាក់ ជាអនុផលព្រៃឈើមួយប្រភេទ ដែលចាស់បុរាណតែងប្រើ ដើម្បីផលិតនូវសម្ភារប្រើប្រាស់ប្រចាំថ្ងៃ មានដូចជាបង្គី និងជាលជាដើម។ អ្នកភូមិអារក្សស្វាយ ក្នុងក្រុងសៀមរាប ដែលស្ថិតលើខ្នងទំនប់អញ្ចាញ និងទំនប់គោកចាន់ នៅមានរបរធ្វើសម្ភារប្រើប្រាស់ពីវល្លិរពាក់ ដែលចែកចាយលក់នៅតាមទីផ្សារយ៉ាងទូលំទូលាយ។
បើគេធ្វើដំណើរកាត់តាមភូមិអារក្សស្វាយ គេតែងបានឃើញអ្នកភូមិនេះ អង្គុយត្បាញសម្ភារផ្សេងៗនៅក្រោមផ្ទះ ដែលសកម្មភាពនេះ បានក្លាយជាការងារប្រចាំថ្ងៃ របស់ពួកគេបន្ទាប់ពីធ្វើស្រែ។ ភូមិនេះ ស្ថិតក្នុងចំណោមភូមិមិនច្រើនទេ ដែល ត្បាញ ចាក់ រពាក់ ធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗ។
កំពុងអង្គុយត្បាញនៅក្រោមផ្ទះ ជាមួយម្ដាយចាស់ និងកូនស្រីម្នាក់ ជួយត្រួសរពាក់ អ្នកស្រី ម៉ិត កឹង កំពុងត្បាញកន្ដ្រក ដោយដៃវាសឡើងចុះយ៉ាងរស់រវើក និងយ៉ាងប៉ិនប្រសប់។ អ្នកស្រីត្បាញកន្ដ្រក និងសម្ភារមួយចំនួនទៀត សម្រាប់ទុកឱ្យឈ្មួញកណ្ដាល ដែលបានបញ្ជាទិញ។ សម្ភារដែលផលិតបាន មិនសូវទុកនៅផ្ទះយូរទេ គឺតែងត្រូវបានឈ្មួញមកយកដល់ផ្ទះអស់ៗគ្មានសល់។ ឈ្មួញទាំងនោះ មានទាំងនៅក្នុងក្រុងសៀមរាប និងតាមខេត្តដទៃ។
បញ្ចេញសំនៀងបែបភាសាអ្នកស្រុកសៀមរាប អ្នកស្រី ម៉ិត កឹង រំលឹកថា អ្នកស្រីចេះរបរត្បាញសម្ភារពីវល្លិរពាក់នេះ ច្រើនឆ្នាំហើយ គឺតាំងពីអ្នកស្រីនៅវ័យជំទង់មកម្ល៉េះ ដោយចេះតពីម្ដាយ។ អ្នកស្រីថា នៅសម័យមុន រពាក់ប្រើត្បាញសម្ភារប្រើប្រាស់ធម្មតា មានដូចជាបង្គី ជាលជាដើម ហើយងាយស្រួលរកតាមវាលស្រែ ជុំវិញផ្ទះ។ បច្ចុប្បន្ន ដោយសារអ្នកចេះរបរនេះកាន់តែច្រើន តម្រូវការទីផ្សារកើនឡើង ធ្វើឱ្យរពាក់កាន់តែខ្សត់ ជំរុញឱ្យអ្នករកក្នុងរបរនេះ ចេញទៅរករពាក់នៅស្រុកឆ្ងាយៗ។
ដោយសាររពាក់កាន់តែខ្សត់នៅក្នុងភូមិ ទើបអ្នករករបរនេះ ត្រូវឡើងទៅរកដល់ខេត្តកំពង់ធំ។ នៅទីនោះ រពាក់នៅមានច្រើន និងសម្បូរខ្នាតដែលកសិករចង់បាន។ អ្នកភូមិអារក្សស្វាយ រួមនឹងអ្នកភូមិជិតៗ ប្រមូលគ្នាទៅឡានជុំគ្នាពី៣០នាក់ ទៅ៥០នាក់ ដោយចេញពីភូមិ នៅម៉ោង២ភ្លឺ និងត្រឡប់មកដល់ផ្ទះវិញ នៅម៉ោងប្រមាណ៨ ឬ៩យប់។ ជារួមត្រូវចំណាយពេញមួយថ្ងៃ ដើម្បីដើររករពាក់។ ក្នុងមួយជើង ម្នាក់ៗអាចរករពាក់បានចន្លោះពី២០០ ទៅ៤០០រពាក់។ «ជិះឡានពីនេះទៅ គេយកម្នាក់១ម៉ឺនរៀល ឬច្រើនជាងនេះ តាមផ្លូវជិតឆ្ងាយ។ ពេលខ្លះ១៣,០០០(រៀល) ម្ដងទៅពី៣០ ទៅ៥០នាក់ មានអ្នកភូមិអារក្សស្វាយ គោកចាន់ ថ្នល់បាក់លាយគ្នា»។ នេះជាការលើកឡើងរបស់អ្នកស្រី ម៉ិត កឹង។
កំណើនអ្នកធ្វើសម្ភារពីរពាក់ មានការកើនឡើង នៅក្នុងភូមិអារក្សស្វាយ ដ្បិតមានអង្គការចុះបង្រៀនពីបច្ចេកទេស និងផលិតសម្ភារប្លែកៗតាមតម្រូវការទីផ្សារ។ អ្នកស្រី ម៉ិត កឹង ត្បាញទាំង កន្ដ្រកតូចធំ និងគម្របទាំងទំហំតូច និងធំ ក៏ដូចជាសម្ភារប្រើប្រាស់ និងសម្ភារលម្អច្រើនទៀត តាមការបញ្ជាទិញពីឈ្មួញ។ អ្នកស្រីថា ពេលចេញទៅរករពាក់មួយជើងៗ អ្នកស្រីអាចមានរពាក់ ដើម្បីធ្វើគម្របបាន៣ និងកន្ដ្រក៣ តែចំនួននេះមិនទៀងទេ ហើយសម្ភារនីមួយៗអាចលក់បានចន្លោះពី១៥,០០០រៀល ទៅ២ម៉ឺនរៀល។
នៅក្នុងរោងសហគមន៍ ដែលសង់ឡើងដោយអង្គការដែលចុះបង្រៀនពលរដ្ឋនៅអារក្សស្វាយពីការត្បាញរពាក់ អ្នកស្រី ព្រួន សុខា កំពុងអង្គុយត្បាញកន្ដ្រកម៉ូ ដសម័យមួយដ៏ស្រស់ស្អាត។ អ្នកស្រីជាមនុស្សម្នាក់ ដែលរៀនជំនាញត្បាញរពាក់នេះ តាំងពីតូចៗមកពីគ្រួសារ។ ត្បាញបណ្ដើរ និយាយបណ្ដើរ អ្នកស្រី សុខា រំលឹកថា ពេលឡើងទៅរករពាក់ម្ដងៗ នៅខេត្តកំពង់ធំ គឺមានការនឿយហត់ជាខ្លាំង ដោយត្រូវក្រោកពីយប់ និងត្រឡប់មកដល់ផ្ទះវិញ នៅយប់ថ្ងៃបន្ទាប់។ ទៅម្ដងៗ អ្នកស្រីរករពាក់បានពី ២០០ ទៅ៤០០ ដែលអាចផលិតកន្ដ្រក និងជាលបានចំនួន៦។
សម្ភារដែលអ្នកស្រី សុខា ផលិតបាន គឺត្រូវបានឈ្មួញមកយកទៅអស់ មិនដែលសល់ឡើយ។ កន្ដ្រកមួយអ្នកស្រីលក់ឱ្យឈ្មួញ បានតម្លៃ២ម៉ឺនរៀល ហើយក្នុងមួយជើងៗ ដែលអ្នកស្រីទៅរករពាក់អាចធ្វើកន្ដ្រកបានចំនួន៦។ អ្នកស្រី សុខា ថារបរនេះជារបរនឿយហត់ តែបានរកចំណូលឱ្យអ្នកភូមិអារក្សស្វាយ បន្ទាប់ពីទំនេរ ពីរដូវធ្វើស្រែបានសមរម្យផងដែរ។
នារដូវប្រាំង សិប្បកម្មធ្វើពីរពាក់ មានគុណភាពល្អជាងខែវស្សា ព្រោះថាភ្លៀង អាចឱ្យរពាក់ខូចគុណភាព និងមានអុចខ្មៅៗមិនស្អាត។ នេះបើតាមការលើកឡើងរ បស់អ្នកស្រី សុខា។ សម្រាប់អ្នកស្រី សុខា របរត្បាញរពាក់ ចាត់ទុកជារបរប្រពៃណីរបស់អ្នកភូមិអារក្សស្វាយ ព្រោះថាពេលទំនេរពីការធ្វើស្រែ អ្នកភូមិនេះ តែងទៅរកវល្លិរពាក់ ដើម្បីអង្គុយត្បាញសម្ភារផ្សេងៗតាមផ្ទះ គ្រាន់បានចំណូលសម្រាប់ចាយវាយប្រចាំថ្ងៃក្នុងគ្រួសារ។ របរនេះ ក៏បានជួយឱ្យគ្រួសារអ្នកស្រី សុខា ដែលបានកូន២នាក់ក្នុងបន្ទុក បានរៀនសូត្រ និងចាយវាយប្រចាំថ្ងៃ បានយ៉ាងសមរម្យផងដែរ។
ចំណែកអ្នកស្រី ចាន់ ថែ ក៏កំពុងធ្វើកន្ដ្រក ដែលជាការបញ្ជាទិញពីអតិថិជនជាម្ចាស់សណ្ឋាគារមួយក្នុងក្រុងសៀមរាប។ កន្ដ្រកមានច្រើនទំហំ ដែលទំនងជាផ្ទុកសម្ភារប្រើប្រាស់ ក្នុងបន្ទប់សណ្ឋាគារ។ អ្នកស្រី ចាន់ ថែ មិនបានទៅបោចរពាក់នឹងគេទេ ដោយសារគ្មានកម្លាំង តែបានទិញបន្ដពីអ្នកជិតខាង ក្នុងតម្លៃ១ម៉ឺនរៀល សម្រាប់រពាក់១០០ដើម។
ដ្បិតបានកម្រៃពីរបរនេះមិនច្រើន តែអ្នកស្រី ចាន់ ថែ ដែលជាចាស់ទុំ និងរៀនរបរនេះពីម្ដាយ បាននិយាយថា ចង់ឱ្យក្មេងៗជំនាន់ក្រោយចេះ និងរៀនជំនាញនេះតទៅមុខទៀត គ្រាន់ធ្វើរបរប្រចាំថ្ងៃ ព្រោះថាជាការងារមួយ ដែលមិនត្រូវការប្រើដើមទុន ហើយអាចធ្វើនៅផ្ទះបាន ដោយងាយស្រួល។
បើទោះបីបច្ចុប្បន្ននេះ អ្នកភូមិអារក្សស្វាយ ពឹងលើផលវល្លិរពាក់ ដើម្បីបានចំណូលចិញ្ចឹមគ្រួសារមួយផ្នែកយ៉ាងណាក្ដី តែបរិមាណរពាក់កាន់តែខ្សត់ទៅៗ ដែលជាការបារម្ភចំពោះអ្នករករបរទទួលទានមួយនេះ។ អ្នកស្រី ម៉ិត កឹង និយាយដោយក្ដីបារម្ភខ្លះៗថា បើអស់ពីផលធម្មជាតិមួយនេះទៅ អ្នកស្រីមិនដឹងទៅធ្វើការអ្វីទៀតឡើយ ហើយក៏គ្មានចំណូលចូលផ្ទះ ដូចសព្វថ្ងៃនេះទៀតដែរ៕