អន្តរជាតិ
វៀតណាម​ចង់​នាំ​ផ្លែ​ប័​រ​ទៅ​ផ្សារ​អាមេរិក ខណៈ​មាន​ក្តីបារម្ភ​ថា ត្រាំ អាច​បិទ​ការនាំ​ចូល​ប័​រ​ពី​ម៉ិ​ក​ស៊ិ​ក​
25, May 2019 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​វៀតណាម​កំពុង​ស្វះ​ស្វែងរក​ឱកាស​នាំចេញ​ផ្លែ​ប័​រ (avocado) របស់ខ្លួន​ចូលទៅ​កាន់​ទីផ្សារ​អាមេរិក បន្ទាប់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ គំរាម​បិទ​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក​ដែល​អាច​នាំ​ឲ្យ​មាន​កង្វះខាត​ផ្លែឈើ​ប្រភេទ​នេះ សម្រាប់​ផ្គត់ផ្គង់​ប្រជាជន​អាមេរិក​។​


 
​ក្រសួងកសិកម្ម​វៀតណាម​បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការចរចា​នាំចេញ​ផ្លែ​ប័​រ​ទៅកាន់​អាមេរិក​នៅ​ពាក់កណ្តាល​ខែឧសភា​នេះ ស្រប​ពេលដែល​អាមេរិក​អាច​នឹង​ឈប់​នាំចូល​ផ្លែឈើ​នេះ​ពី​ម៉ិ​ក​ស៊ិ​ក​ផង​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​វៀតណាម​លោក Le Van Duc បាន​លើកឡើងថា បច្ចុប្បន្ន វៀតណាម​កំពុង​នាំចេញ​ផ្លែ​ប័​រ​ក្នុង​បរិមាណ​តិចតួច​ទៅកាន់​សហភាព​អឺរ៉ុប ក៏ប៉ុន្តែ​មិនទាន់មាន​លទ្ធភាព​នាំចូល​ទៅក្នុង​ទីផ្សារ​អាមេរិក​នៅឡើយ​ទេ​។​
 
​បើតាម​មន្ត្រី​រូបនេះ ផ្ទៃដី​ចម្ការ​ដាំ​ប័​រ​នៅ​វៀតណាម​មានការ​កើនឡើង ដ្បិតថា ផ្លែឈើ​ប្រភេទ​នេះ​មាន​តម្រូវការ​ខ្ពស់​ក្នុងស្រុក​និង​អន្តរជាតិ​។ លោក​បន្ថែមថា វៀតណាម​មាន​ចំណាប់អារម្មណ៍​ក្នុង​ការនាំ​ផ្លែឈើ​នេះ​ទៅ​ទីផ្សារ​អាមេរិក ប៉ុន្តែ​ខ្លួន​មិនទាន់​ហ៊ាន​សន្និដ្ឋានថា ការនាំចេញ​នឹង​អាចធ្វើ​ទៅបាន​ឬ​អត់​ទេ​។​
 
​នេះ​ក៏ដោយ​សារ​វា​ត្រូវ​ចំណាយ​ពេលវេលា​ចរចា​យូរ​ទៀត​លើ​លទ្ធភាព​នៃ​ការផលិត រួមជាមួយ​គុណភាព​និង​ស្តង់ដារ​នៃ​ទំនិញ ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ដទៃ​បាន​។​
 
​តាមពិតទៅ តម្លៃ​ផ្លែ​ប័​រ​នៅ​ផ្សារ​អាមេរិក​បាន​ហក់​ឡើង​ជិត​៥០% កាលពី​ខែមេសា​កន្លងទៅ ខណៈដែល​មានការ​ព្រួយបារម្ភ​ថា​លទ្ធភាព​នៃ​ការផ្អាក​ការនាំ​ចូល​ផ្លែឈើរ​នេះ​ទាំងស្រុង​ពី​ម៉ិ​ក​ស៊ិ​ក​អាច​នឹង​កើតមាន​ផង​។ បច្ចុប្បន្ន រិ​មាណ​ប័​រ ៨០% នៅ​អាមេរិក ត្រូវ​ផ្គត់ផ្គង់​ដោយ​ម៉ិ​ក​ស៊ិ​ក​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដដែល កាលពី​ឆ្នាំមុន​អាមេរិក​បាន​ដំឡើង​ពន្ធ​នាំចូល​ផ្លែ​ប័​រ​ជាង​ប្រាំបួន​សែន​តោន​មកពី​ម៉ិ​ក​ស៊ិ​ក​ដែលមាន​តម្លៃ​ស្មើនឹង ២,១​ពាន់​លាន​ដុល្លា ដែល​ស្មើនឹង​១០​ដង​នៃ​តម្លៃ​ប័​រ​ដែល​ដែល​នាំចូល​ទៅកាន់​ទីផ្សារ​អាមេរិក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​លើ​ពិភពលោក​៕
 
​ប្រែ​សម្រួល​ដោយ​៖ យ៉​ន សុខន​
 

Tag:
 ផ្លែ​ប័​រ​
  អាមេរិក​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com