តើ​សង្វៀន​ថ្មី​នៅ​ឯក​ភ្នំ​ខេត្តបាត់ដំបង​ទទួល​ការគាំទ្រ និង​ដើរតួ​សំខាន់​យ៉ាងណា​ដើម្បី​ជួយ​វិស័យ​គុន​ខ្មែរ​?
ONE Championship
កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​សង្វៀន​ថ្មី​នៅ​ឯក​ភ្នំ​ខេត្តបាត់ដំបង​ទទួល​ការគាំទ្រ និង​ដើរតួ​សំខាន់​យ៉ាងណា​ដើម្បី​ជួយ​វិស័យ​គុន​ខ្មែរ​?
25, May 2019 , 9:59 pm        
រូបភាព
​សង្វៀន​ប្រដាល់​ថ្មី​មួយ​លេច​រូបរាង​ឡើង​នៅ​ខេត្តបាត់ដំបង​ប្រហែលជា ៤ ខែ​មកហើយ​។ សង្វៀន​ឈ្មោះថា «​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ​» ឬ « Ek Phnom Kun Khmer Arena»​។ ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​ជាមួយ​អ្នកគ្រប់គ្រង​ទូទៅ​លោក Matias Andrés អំពី​ការគាំទ្រ បញ្ហា​ប្រឈម និង ការរួមចំណែក​ក្នុង​វិស័យ​គុន​ខ្មែរ​ដូចខាងក្រោម​។

 
​ជម្រាបសួរ​លោក តើ​គោលបំណង​អ្វី​សំខាន់​ក្នុងការ​បង្កើត «​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ​»  នេះ​ឡើង​? 
 
Matias Andrés ៖ ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ «​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ​»  ខ្ញុំ​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ Miguel Acosta Meyer ដែល​តែងតែ​នាំ​កីឡាករ​បរទេស​មក​ប្រកួត​នៅ​កម្ពុជា​។ យើង​ចង់បង្ហាញ​ឲ្យ​ដឹងថា «​គុន​ខ្មែរ​» ជា​ក្បាច់គុន​អស្ចារ្យ​ដែល​អាច​ប្រកួត​កម្រិត​អន្តរជាតិ​។ ដូច្នេះហើយ​ទើប​ពួកយើង​នាំ​កីឡាករ​បរទេស​មក​ប្រកួត​នៅទីនេះ​ជាប្រចាំ​។ 
 
​តើ​សង្វៀន​នេះ​បង្កើតឡើងបាន​រយៈពេល​ប៉ុន្មាន​ហើយ​? តើ​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ​រហូតដល់​ពេលនេះ​? 
 
Matias Andrés ៖ «​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ​» ត្រូវបាន​បើក​ឲ្យ​ប្រកួត​ជា​ផ្លូវការ​នៅ​ដើមខែ កុម្ភៈ ឆ្នាំ ២០១៩​នេះ ហើយ​ខ្ញុំ​បានមក​ធ្វើការ​នៅទីនេះ​ខែ មីនា​។ យើង​មាន​បញ្ហា​ប្រឈម​ជាច្រើន ប៉ុន្តែ​យើង​ត្រូវតែ​ធ្វើការ​ឲ្យ​ខ្លាំងក្លា​ដើម្បី​ទទួលបាន​ជោគជ័យ​។ ខ្ញុំ​ចង់​ឲ្យ​គុន​ខ្មែរ​ដើរទៅ​មុខ​លឿន កាន់តែខ្លាំង និង ល្បី​ដូច​មួយ​ថៃ​។ ដូច្នេះហើយ​ទើប​យើង​ត្រូវធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែកគ្នា​។ ដោយសារ​ខ្ញុំ​មានបទពិសោធន៍​ជា ការី​និពន្ធ​នៅ​សង្វៀន​អន្តរជាតិ ONE Championship និង តាមដាន​ការរៀបចំ​ការប្រកួត​គុន​ចម្រុះ MMA នៅ​សង្វៀន UFC ជាច្រើន​ឆ្នាំ ខ្ញុំ​មានគំនិត​ថា ក្បាច់គុន​កម្ពុជា​អាច​អភិវឌ្ឍ​ខ្លួន​ទៅ​លឿន និង រីក​ច្រើន​នៅលើ​ឆាក​អន្តរជាតិ​។ បញ្ហា​ប្រឈម​ខ្លាំង​របស់​យើង គឺ​ត្រូវ​ប​ម្លែ​ង​ពី​គំនិត​ទៅជា​សកម្មភាព​។ យើង​មានការ​គាំទ្រ​ពី​អ្នកគាំទ្រ​គុន​ខ្មែរ ប៉ុន្តែ យើង​ក៏​ចង់បាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​ធំៗ​នៅ​កម្ពុជា​ដែរ និង ចង់ឃើញ​គុន​ខ្មែរ​ល្បី​ខ្ទរខ្ទារ​ទៅកាន់​ពិភពលោក​។ ជាមួយគ្នានេះ យើង​ក៏​ធ្វើការ​ជិតស្និទ្ធ​ជាមួយ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ដែរ​។ 

​រៀងរាល់​ការប្រកួត​ប្រចាំ​សប្ដាហ៍ តើ​ទទួលបាន​ការគាំទ្រ​យ៉ាងណាដែរ​? 
Matias Andrés ៖ យើង​មាន​អ្នកគាំទ្រ​ជាច្រើន​មក​ទស្សនា​ការប្រកួតរ​បស់​យើង ហើយ​យើង​ព្យាយាម​ធ្វើ​អ្វីដែល​ថ្មី​ដើម្បី​ទទួល​ការគាំទ្រ​បន្ថែមទៀត និង ធ្វើ​ឲ្យ​កម្មវិធី​របស់​យើង​កាន់តែ​ទាក់ទាញ​។ ម្យ៉ាងវិញទៀត ពេល​មាន​វត្តមាន​ស៊ុប​ពើ​ស្ដារ​ដូចជា កែវ រំ​ចង់ និង ឃុន ឌី​មា ជាដើម តែងតែ​ទទួលបាន​ការគាំទ្រ​ច្រើន ប៉ុន្តែ​យើង​ក៏​ព្យាយាម​បង្ហាញ​វត្តមាន​កីឡាករ​វ័យក្មេង​ល្អៗ​ជំនាន់​ក្រោយ ដូចជា ឈុត សេរី​វណ្ណ​ថង និង​កីឡាករ​ផ្សេងៗ​ទៀត​។ នេះ​ជា​រឿង​ល្អ​ណាស់​ដែល​យើង​ផ្ដល់ឱកាស​ដល់​កីឡាករ​មាន​ទេពកោសល្យ​ជំនាន់​ក្រោយ ដែល​មនុស្ស​ភាគច្រើន​មិនទាន់​ស្គាល់​។ 
 
​តើ​ចំណូល និង ចំណាយ​អាច​ប្រាប់​បានទេ ថា​សមាមាត្រ​គ្នា ឬ យ៉ាងណា​? 
 
Matias Andrés ៖ យើង​ទើបតែ​ចាប់ផ្ដើម  ហើយ​យើង​ព្យាយាម​ឲ្យ​អ្នកគាំទ្រ​បានដឹង​នូវ​អ្វីដែល​យើង​មាន និង ធ្វើការ​ងារ​ឲ្យ​ខ្លាំង​ដើម្បី​គុន​ខ្មែរ​។ យើង​ទទួលបាន​ការគាំទ្រ​កាន់តែ​ច្រើនឡើង រួមទាំង​ទទួល​ការជួយជ្រោមជ្រែង​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង ទូរទស្សន៍​ក្នុងស្រុក​ជាច្រើន​ផង​។ ខ្ញុំ​រំពឹងថា​នឹង​ទទួល​ភាព​រីកចម្រើន​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ថ្ងៃ​អនាគត ប៉ុន្តែ​ពេលនេះ​យើង​កំពុងតែ​ចាក់​គ្រឹ​ង​ឲ្យ​រឹងមាំ​ចំពោះ​ការងារ​របស់​យើង​សិន​។ 


 
​តើ​ការរំពឹងទុក​បែបណា​ដើម្បី​ឲ្យ​កីឡាប្រដាល់​រីកចម្រើន​នៅ​បាត់ដំបង​? តើ​ផ្ដល់​ផលប្រយោជន៍​អ​អ្វីខ្លះ​ដល់​អ្នក​រស់នៅក្នុង​មូលដ្ឋាន​នោះ​?
 
Matias Andrés ៖ ទោះ​យើង​រៀបចំ​នៅ​ឯក​ភ្នំ ប៉ុន្តែ​យើង​មិន​ផ្ដោតលើ​តំបន់​នេះ​តែមួយ​មុខ​ទេ​។ បាត់ដំបង​ធ្លាប់ជា​ទីក្រុង​ក្បាច់គុន​មួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ យើង​ត្រូវតែ​បង្កើត​វា​សាជាថ្មី​។ យើង​កំពុង​ដើរ​មើល​កន្លែង​ហ្វឹកហាត់​ជាច្រើន​ដើម្បី​ស្វែងយល់​អំពី​ការប្រឹងប្រែង និង បញ្ហា​ប្រឈម​របស់​ពួកគេ​។ យើង​ធ្វើការ​ជិតស្និទ្ធ​ទាំង​ជាមួយ​គ្រូបង្វឹក និង កីឡាករ​ដើម្បី​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ល្អប្រសើរ​ឡើង​។ នៅពេលដែល​មនុស្ស​មាន​ឥទ្ធិពល យល់​អំពី​ការពិត​នៃ​កីឡាករ​គុន​ខ្មែរ ខ្ញុំ​គិតថា ពួកគេ​យល់ថា​នឹង​អាច​ផ្លាស់ប្ដូរ​ការរស់នៅ​រប​ស់​កីឡាករ​ឲ្យ​កាន់តែ​ល្អ​។ កីឡាករ​ខ្លះ​អត់​មាន​អាហារ​គ្រប់គ្រាន់​ដើម្បី​បរិភោគ ឬ អត់​មាន​ហ្គ​ង់​ហ្វឹកហាត់​ទេ តែ​ពួកគេ​នៅ​តស៊ូ​។ នេះហើយ​ជា​ក្ដី​ស្រលាញ់ ហើយ​ខ្ញុំ​តែងតែ​គាំទ្រ​ក្ដី​ស្រលាញ់​នេះ​។ បើសិនជា​យើង​អាច​ទ្រទ្រង់ កីឡាករ​គុន​ខ្មែរ​វ័យក្មេង យើង​នឹង​អាច​ផ្លាស់ប្ដូរ​ពិភព​គុន​ខ្មែរ​បាន​។ ខ្ញុំ​ជឿជាក់​លើ​រឿងនេះ​។ 

​តើ​លោ​កមានអ្វី​ចង់​បន្ថែមទៀត​ចំពោះ​អ្វីដែល​ខ្ញុំ​មិនបាន​សាកសួរ​ខាងលើ​? 
 
Matias Andrés ៖ បាទ​! យើង​កំពុង​បង្កើត​ឲ្យ​មានកម្ម​វិធី Kun Khmer ULTRA​។ វា​ជា​រឿង​ខកចិត្ត​បន្តិច​ពេល​ឃើញ​កីឡាករ​ខ្មែរ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​សង្វៀន ONE Championship និង WLC ហើយ​ទទួលលទ្ធផល​មិនសូវ​ល្អ​។ ខ្ញុំ​ដឹងថា​កីឡាករ​កម្ពុ​ជាមាន​ទេពកោសល្យ និង​មាន​កម្លាំងចិត្ត ដូច​កីឡាករ​ល្បីៗ​ក្នុង​លោក​ដូចជា Buakaw, Conor McGregor, Angela Lee, Aung La Nsang, និង Manny Pacquiao​។ ប៉ុន្តែ​ដើម្បី​ក្លាយខ្លួនជា​ស៊ុប​ពើ​ស្ដារ​លំដាប់​ពិភពលោក អ្នក​ត្រូវតែ​ហ្វឹកហាត់​ឲ្យ​ដូច​គេ​។ យើង​ចង់​បង្កើត​ឲ្យ​មាន​ភាពខុសប្លែក​នៅទីនេះ​លើ​គុន​ខ្មែរ ប៉ុន្តែ​យើង​ក៏ត្រូវ​ការ​កិច្ចសហការ​គ្នា​ដែរ​។ ដោយមាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​អ្នកជំនួញ និង ការគាំទ្រ​ពី​ទស្សនិកជន យើង​ចង់ឃើញ​កីឡាករ​គុន​ខ្មែរ​រីកលូតលាស់ និង ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរលើ​ឆាក​អន្តរជាតិ​តាមរយៈ​ពួកគេ​។

កីឡាករ​ល្អ​ត្រូវតែ​ហាត់​ខ្លាំង​រៀងរាល់ថ្ងៃ មិន​ផឹក​គ្រឿង​ស្រវឹង ឬ មិន​ជក់បារី និង យល់​អំពី​តម្លៃ​គុន​ខ្មែរ​ដែលជា​គ្រឹះ​រឹងមាំ​ដើម្បី​បង្ហាញខ្លួន​នៅក្រៅ​ប្រទេស​។ នេះហើយ​ជា​អ្វីដែល​អ្នកគាំទ្រ​ចង់ឃើញ​នៅ Kun Khmer ULTRA​។ Kun Khmer ULTRA នឹង​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​ខ្លះៗ​។ វា​នឹង​បណ្ដុះ​គំនិត​ចេញពី​កីឡាករ​ក្មេងៗ​។ បើសិន​អ្នកជា​ជើងឯក Kun Khmer ULTRA អ្នក​បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ឡើង​ប្រកួត​តំណាង​ឲ្យ​កម្ពុជា លើ​ឆាក​អន្តរជាតិ​។ លើសពីនេះទៅទៀត ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ទូទៅ​ដឹង ថា យើង​កំពុង​ស្វែងរក​កីឡាករ​ល្អ​បំផុត​នៅ​ខេត្តបាត់ដំបង និង ផ្ដល់ឱកាស​ដល់​ពួក​ដើម្បី​ក្លាយខ្លួនជា ស៊ុប​ពើ​ស្ដារ​។ នេះហើយ​ជា​ឆ្នាំ​ដ៏​រំភើប​បំផុត​សម្រាប់​គុន​ខ្មែរ​៕ 
 

Tag:
 MMA
© រក្សាសិទ្ធិដោយ thmeythmey.com