អន្តរជាតិ
សិស្ស​អាមេរិក​ក្រីក្រ​ម្នាក់ ឈ្នះ​អាហារូបករណ៍​សរុប ៣​លាន​ដុល្លារ​ពីសា​លា​ជាង​៤០
26, May 2019 , 2:59 pm        
រូបភាព
ដោយ:
​សិស្ស​ឆ្នើម​អាមេរិក​ម្នាក់ ឈ្មោះ Tupac Mosley ឈ្នះ​អាហារូបករណ៍​សរុប ៣​លាន​ដុល្លារ ពី​សាកលវិទ្យាល័យ ៤៤ ដែល​ខ្លួន​បានដាក់​ពាក្យ​ចូលរៀន​។ អ្វីដែល​គួរ​កោតសរសើរ​នោះ សិស្ស​អាយុ ១៧​ឆ្នាំ​ម្នាក់នេះ ជា​សិស្ស​ក្រីក្រ ដែល​គ្មាន​ផ្ទះសម្បែង​។

 
​ស្ថិតក្នុង​ឆ្នាំ​បញ្ចប់​នៃ​ថ្នាក់​វិទ្យាល័យ សិស្ស​ឆ្នើម Mosley បានដាក់​ពាក្យសុំ​ចូលរៀន​ទៅកាន់​សា​លក​វិទ្យាល័យ​ចំនួន ៥០​ទីតាំង ។ ក្រោយមក យុវជន​រូបនេះ បានទទួល​ដំណឹង​ថា ខ្លួន​ឈ្នះ​អាហារូបករណ៍​ពី​សកល​វិទ្យាល័យ​ចំនួន ៤៤​កន្លែង ក្នុងនោះ​ក៏មាន អាហារូបករណ៍ Gates Scholarship របស់ មូលនិធិ Bill & Melinda Gates ផងដែរ​។​
 
​ជា​សិស្ស​ក្នុង​វិទ្យាល័យ​មួយ​ឈ្មោះថា Raleigh Egypt ក្នុង​រដ្ឋ Tennessee សហរដ្ឋអាមេរិក យុវជន Mosley ទទួលបាន​ពិន្ទុ A ជាប្រចាំ និង​បានបញ្ចប់​ការសិក្សា​ជាមួយ GPA ស្មើនឹង ៤,៣ ។ ក្នុង​ខែមករា ឆ្នាំ​២០១៩ កន្លងទៅ យុវជន​រូបនេះ ត្រូវបាន​ជ្រើសរើស​ជា សិស្ស​ឆ្នើម (Valedictorian) ដោយសារ​ពិន្ទុ GPA ដ៏​ខ្ពស់​របស់ខ្លួន​។​
 
​ប្រាប់​ទូរទស្សន៍​អាមេរិក CNN យុវជន Mosley និយាយថា រូបគេ ធ្លាប់​ដាក់​គោលដៅ​ផ្ទាល់ខ្លួន ដោយ​ឈ្នះ​អាហារូបករណ៍​សរុប​ឲ្យ​បាន​១​លាន​ដុល្លារ ដើម្បី​លើកមុខ​មាត់​សាលា​ខ្លួន ។  យុវជន​វ័យ ១៧​ឆ្នាំនេះ អះអាង​ទៀតថា គេ​ពុំ​ដឹងថា ឈ្នះ​អាហារូបករណ៍​សរុបដ​ល់​ទៅ ៣​លាន​ដុល្លារ​នោះទេ ហើយ​រូបគេ​បានទទួល​ដំណឹង​ដ៏​រីករាយ​នេះ គឺ​នៅពេលដែល​គេ​បានបញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​។ 
 
​ក្នុងចំណោម​អាហារូបករណ៍ ដែល​បានផ្តល់​ឲ្យ​ដោយសា​លក​វិទ្យាល័យ​ទាំង​៤៤​កន្លែង​នេះ យុវជន Mosley បានជ្រើសរើស​យ​សាកលវិទ្យាល័យ Tennessee State ។ ហើយ​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខ  Mosley នឹង​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​ខាងលើនេះ ដោយ​រូបគេ មានបំណង​សិក្សា​មុខជំនាញ វិស្វកម្ម​អេឡិចត្រូនិក​។​
 
​សូមបញ្ជាក់ថា ក្រោយពី​ឳ​ពុក​យុវជន Mosley បាន​បាត់​បង់ជីវិត​កាលពី​ថ្មីៗ​នេះ រូបគេ និង​ម្តាយ ជួប​វិបត្តិ​ហិរញ្ញវត្ថុ និង​ចុងក្រោយ​អ្នក​ទាំងពីរ បានក្លាយ​ជា​មនុ​ស្សឥត​ផ្ទះសម្បែង​។ យ៉ាងណាមិញ ពួកគេ បាន​ទៅសុំ​ជំនួយ​ពី​អង្គការ​ឯកជន​មួយ និង​រស់នៅ​ទីនោះ ។ ទោះបីជា Mosley ក្លាយជា​ក្មេង​ឥត​ផ្ទះសម្បែង​ក្តី រូបគេ នៅតែ​អាច​ជម្នះ​បញ្ចប់​ការសិក្សា ដោយ​ពិន្ទុ GPA ៤,៣ ដដែល និង​ក្លាយជា​សិស្ស​ឆ្នើម​ប្រចាំ​សាលា​ទៀតផង​៕
 

Tag:
 សហរដ្ឋអាមេរិក​
  សិស្ស​ក្រីក្រ​
  អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com