ពីនេះ ពីនោះ
«​ធ្វើស្រែ​ឱ្យមើល​ស្មៅ ទុកដាក់​កូនចៅ​ឱ្យមើល​ផៅសន្ដាន​»៖ ត្រឹមត្រូវ​១០០%​ទេ​?
26, May 2019 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដើម្បី​ផ្ដល់​ការអប់រំ​សីលធម៌ ចំណេះដឹង បទពិសោធន៍​ជីវិត និង​ការ​ក្រើនរំឭក​ដល់​កូនចៅ​របស់ខ្លួន បុព្វបុរស​ខ្មែរ​ជំនាន់​ដើម​ដែលមាន​ចំណេះដឹង​ខ្ពស់ និង បទពិសោធន៍ ច្រើន តែងតែបាន​រិះរក​វិធី​ផ្សេងៗ ដូចជា ការនិទាន​រឿង ការសូត្រ​កំណាព្យ ការ​ច្រៀង ចម្រៀង​អា​យ៉ៃ ចម្រៀង​ចាប៉ី និង​ការលើកឡើង​នូវ​ពាក្យស្លោក​ផ្សេងៗ ជាដើម ដោយ​បង្កប់ អត្ថន័យ​អប់រំ​គំនិត​ទស្សនវិជ្ជា​ផ្សេងៗ​។ ជាក់ស្ដែង ដើម្បី​ផ្ដល់​ចំណេះដឹង និង​បទពិសោធន៍​ទាក់ទង​នឹង​ការធ្វើ​ស្រែចម្ការ និង​ការជ្រើសរើស​គូស្រករ បុព្វបុរស​ខ្មែរ​ជំនាន់​ដើម​បានលើកឡើង​នូវ​សុភាសិត​មួយ​ថា «​ធ្វើស្រែ​ឱ្យមើល​ស្មៅ ទុកដាក់​កូនចៅ​ឱ្យមើល​ផៅសន្ដាន​»​។ តើ​សុភាសិត នេះ មាន​អត្ថន័យ និង​គោល​គំនិត​សំខាន់​យ៉ាងណាខ្លះ​ក្នុងការ​អប់រំ​?


 
​សុភាសិត​នេះ មាន​ពីរ​ឃ្លា គឺ​ធ្វើស្រែ​ឱ្យមើល​ស្មៅ និង​ទុកដាក់​កូនចៅ​ឱ្យមើល​ផៅសន្ដាន​។ «​ធ្វើស្រែ​ឱ្យមើល​ស្មៅ​»​ជា​ឃ្លា​មួយ​ដែល​ចង់​ផ្ដល់​ជា​គំនិត​ថា បើ​ចង់​ធ្វើស្រែ​ឱ្យបាន​ផល​ល្អ គឺ​ត្រូវ ជ្រើស​យ​កដីណា​ដែលមាន​ស្មៅ​ដុះ​ល្អ ពីព្រោះ​ដី​ណា​ដែលមាន​ស្មៅ​ដុះ​ល្អ មានន័យថា​ជា​ដី ដែលមាន​ជី​ល្អ​គ្រប់គ្រាន់ ហើយ​វា​ក៏​អាច​ធ្វើស្រែ​បាន​ផល​ល្អ​ដែរ​។ ដូច្នេះ ប្រសិនបើ​យើង​ធ្វើ ស្រែ​លើដី​នោះ​ប្រាកដ​ណាស់​ថា​យើង​នឹង​ទទួលបាន​ផល​ច្រើន​ជាក់​ជាមិនខាន​។ គំនិត​នេះ​ក៏​អាច​យកទៅអនុវត្ត​ចំពោះ​ការដាំ​ដំណាំ​ផ្សេងៗ​ក្រៅពី​ដំណាំ​ស្រូវ​ផងដែរ​។ លើសពីនេះ​ទៀត គេ​ក៏​អាច​យកគំនិត​នេះ​ទៅប្រើ​ប្រាស់​ចំពោះ​ការប្រកបមុខរបរ​ផ្សេងៗ​ទៀត​បានដែរ ដូចជា ប្រសិនបើ​យើង​ចង់​ប្រកបមុខរបរ​ណាមួយ​ឱ្យ​ទទួលបាន​ជោគជ័យ យើង​តែ​ត្រូវ​ពិនិត្យមើល ថា​តើ​មុខរបរ​របស់​យើង មាន​សក្ដានុពល​គ្រប់គ្រាន់ មាន​តម្រូវការ​ខ្ពស់​ពី​អតិថិជន​ភាគច្រើន ឬ មាន​ទីផ្សារ​ទូលំទូលាយ​ដែរឬទេ​។ ប្រសិនបើ​វា​មាន​កត្តា​ទាំងនេះ​ពេញលេញ នោះ​មុខរបរ របស់​យើង​នឹង​ទទួលបាន​ជោគជ័យ ដូចដែល​យើង​ទទួលបាន​ផល​ស្រូវ​ច្រើន​ដូច្នោះ​ដែរ​។​
 
«​ទុកដាក់​កូនចៅ​ឱ្យមើល​ផៅសន្ដាន​»​ជា​ឃ្លា​មួយ​ដែល​ចង់​ផ្ដល់​ជា​គំនិត​ថា ឪពុកម្ដាយ​គ្រប់រូប​បើ​ចង់​ជ្រើសរើស​គូស្រករ​ឱ្យ​កូនចៅ​របស់ខ្លួន​បានល្អ ត្រូវតែ​ពិនិត្យមើល​ឪពុកម្ដាយ ជីដូន​ជីតា ពូជ​អម្បូរ ឬ​ផៅសន្ដាន​របស់​កូនក្រមុំ ឬ​កូន​ក​ម្លោះ​ដែល​ត្រូវ​ជ្រើសរើស​នោះ​ជាមុនសិន ប្រសិន បើ​គ្រួសារ ពូជ​អម្បូរ ឬ​ផៅសន្ដាន​របស់គេ​ល្អ នោះ​ការផ្គូផ្គង​កូនចៅ​របស់​យើង​ជាមួយ​កូនចៅ​របស់​គ្រួសារ​នោះ​ពិតជា​មិន​ខុស​ឡើយ​។ គំនិត​នេះ​ក៏មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា​នឹង​ពាក្យស្លោក​មួយទៀត​ដែល​បាន​លើកឡើងថា​«​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​» ដែលមាន ន័យ​ថា ឪពុកម្ដាយ​យ៉ាងណា​កូន​ក៏​យ៉ាង​នោះដែរ​។ គំនិត​នេះ​គេ​ក៏​អាច​យកទៅអនុវត្ត​ចំពោះ ការ​ជ្រើស​មិត្តភក្ដិ ឬ​ដៃគូ​ក្នុងការ​រកស៊ី​បានដែរ មានន័យថា ប្រសិនបើ​នរណាម្នាក់​ចង់​ជ្រើស រើស​មិត្តភក្ដិ ឬ​ដៃគូ​រកស៊ី​ឱ្យបាន​ល្អ គេ​ត្រូវតែ​ពិ​ន្យិ​មើល​ពូជ​អម្បូរ ឬ​ផៅសន្ដាន​ជាមុនសិន បើ​មិន​ដូច​នោះទេ គេ​នឹងមិន​មិនអាច​ជ្រើសរើស​មិត្តភក្ដិ ឬ​ដៃគូ​រកស៊ី​បានល្អ​ឡើយ​។ 
 
​ប្រសិនបើ​យើង​ពិនិត្យមើល​សើរៗ​លើ​អត្ថន័យ​នៃ​ពាក្យស្លោក​នេះ​«​ធ្វើស្រែ​ឱ្យមើល​ស្មៅ ទុក ដាក់​កូនចៅ​ឱ្យមើល​ផៅសន្ដាន​» យើង​អាច​គិតថា គំនិត​របស់​វា​មាន​ភាព​ពេញលេញ និង គតិបណ្ឌិត​ល្អ​ឥ​ខ្ចោះ​។ 
 
​តែ​ទៅជា​យ៉ាងណាក៏ដោយ ក៏​សុភាសិត​នេះ​ហាក់​នៅមាន​ជ្រុង​ចន្លោះប្រហោង​របស់​វា​ដែរ ដូច​ក្នុងករណី​ដី​ណាមួយ​ដែលមាន​ស្មៅ​ដុះ​ច្រើន​ក៏ដោយ ក៏​មិន​ប្រា​ដក​ថា​ស្រូវ​ដែល​គេ​នឹង​ដាំ ឬ ព្រោះ​លើដី​នោះ​ល្អ​មួយរយ​ភាគរយ​ដែរ ពីព្រោះ​ស្មៅ និង​ស្រូវ​អាច​មិន​ប្រាកដថា​ត្រូវការ ជី​ដូចគ្នា​ទាំងស្រុង​នោះទេ​។ លើសពីនេះ​ទៀត បើ​គ្រាន់​តែមាន​ដី​មាន​ជី​ល្អ​ក៏​មិនទាន់​គ្រប់គ្រាន់ ដែរ តាមពិត​ដំណាំ​ស្រូវ​នៅ​ត្រូវការ​ទឹក​និង​ពន្លឺ​គ្រប់គ្រាន់ ព្រមទាំង​ការ​ភ្ជួរ​រា​ស់ដីឱ្យ​បានល្អ និង ការថែទាំង​ហ្មត់ចត់ ជាប្រចាំ​ទៀត ទើប​អាច​ទទួលបាន​ផល​ស្រូវ​ល្អ​។​
 
​ដូចគ្នា​ដែរ កូនចៅ​ដែល​ចេញ​មកពី​គ្រួសារ ពូជ​អម្បូរ ឬ​ផៅសន្ដាន​ល្អ ក៏​មិន​ប្រាកដថា ពួក គេ សុទ្ធតែជា​មនុស្ស​ល្អ​ទាំងអស់​នោះដែរ សម​ដូច​សុភាសិត​ខ្មែរ​មួយ​ទៀតថា «​ដូង​មួយ​ធ្លាយ មាន​តក់មា​ននាល​»​។ លើសពីនេះ​ទៀត​បើទោះបីជា​ពួកគេ​ជា​កូន​ល្អ​ចេញពី​គ្រួសារ​ដែលមាន​ផៅសន្ដាន​ល្អ​ក៏ដោយ ប្រសិនបើ​ពួកគេ​មិន​បានទទួល​ការអប់រំ​ល្អៗ​បន្ថែមទៀត ហើយ​ការ​រស់ នៅក្នុង​ទំនាក់​ទំនងជា​ប្ដី​ប្រពន្ធ មិត្តភក្ដិ គ្រួសារ ឬ​ដៃគូ​រកស៊ី ដោយ​មិនចេះ​សន្សំ​សុខ មិន​ព្យាយាម​យល់ចិត្ត​គ្នា មិន​គោរព​គ្នា មិន​ស្មោះត្រង់ មិនមាន​សេចក្ដីស្រឡាញ់​ពិត មិនមាន​ការអត់ឱន មិន​ឧស្សាហ៍​ព្យាយាម មិន​បំពេញភារកិច្ច កាតព្វកិច្ច​រៀងៗ​ខ្លួន ទៅ តាម​គោលការណ៍​សីលធម៌ គុណធម៌ និង​ច្បាប់​ទេ ពួកគេ​ក៏​មិនអាច​ទទួលបាន​សុខុមាលភាព សុភមង្គល និង​សុខដុមភាព​ពេញលេញ​ដែរ​៕   

និពន្ធ និង​ពន្យល់​ដោយ​លោក ឈ​ត ប៊ុន​ថង                
 

Tag:
 សុភាសិត
© រក្សាសិទ្ធិដោយ thmeythmey.com