ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
វិស័យ​សណ្ឋាគារ​បែប​ទំនើប​នៅក្នុង​ក្រុងភ្នំពេញ ចាប់ផ្តើម​បោះជំហាន​ទៅមុខ​
26, May 2019 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ទសវត្សរ៍​កន្លងទៅ វិស័យ​សណ្ឋាគារ​នៅ​កម្ពុជា ពុំ​សូវ​មាន​ភាព​រីកចម្រើន​នោះទេ រីឯ​តម្លៃ ក៏​មិនសូវ​ខ្ពស់​ដែរ​។ ចំណែក​ជនបរទេស​ដែល​បាន​មកដល់​កម្ពុជា អាច​ជ្រើស​រើសយក សណ្ឋាគារ​តម្លៃ​ទាប សម្រាប់​ការ​ស្នាក់នៅ​របស់​ពួកគេ​។ ជាការ​ពិតណាស់ សណ្ឋាគារ​តម្លៃ​សមរម្យ នៅតែ​អាច​រកបាន​នៅ​ទូទាំងប្រទេស​។ ទោះជា​យ៉ាងណាក៏ដោយ បច្ចុប្បន្ន​គេ​សង្កេត ឃើញ​មានការ​រីកលូតលាស់​នៃ​សណ្ឋាគារ​កម្រិត​ថ្មី​មួយទៀត នៅក្នុង​ប្រទេស​កម្ពុជា គឺ​សណ្ឋាគារ​បែប​ទំនើប​។​
​យោងតាម​ទិន្នន័យ​ពី ក្រសួងទេសចរណ៍ កម្ពុជា​បានទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង​៦​លាន​នាក់ កាលពី​ឆ្នាំ​២០១៨ ដែល​បាន​កើនឡើង​ចំនួន​១១% លើ​ពី​ឆ្នាំ​២០១៧​។ លើសពីនេះ​ទៀត រាជរដ្ឋាភិបាល​បាន​កំពុង​ព្យាយាម​ជំរុញ​ឲ្យ​មាន​កំណើន​ច្រើន​ថែមទៀត ត្រឹម​ចុងឆ្នាំ​២០១៩ និង​២០២០​។ ប៉ុន្តែ​ថា​តើ​ភ្ញៀវទេសចរ​ទាំងនេះ មកពី​ប្រទេស​ណាខ្លះ​?
 
​ប្រទេស​ចិន បាន​ក្លាយជា​ប្រភព​នៃ​ភ្ញៀវទេសចរ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា ដែល​ក្នុង​ឆ្នាំ​កន្លងទៅ ទេសចរ​ចិន​មាន​ចំនួន​ជិត ២​លាន​នាក់​។ នៅ​ដើម​ឆ្នាំនេះ ក្រសួងទេសចរណ៍ បាន​បង្ហើប​ថា ភ្ញៀវទេសចរ​ចិន នឹង​កើន​ឡើងដល់ ៣ លាន​នាក់ នៅត្រឹម​ចុងឆ្នាំ​២០១៩​នេះ​។​
 
​កញ្ញា ឡេង សៀក​ជាង អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ​នៅ​សណ្ឋាគារ Lumiere បាន​លើកឡើងថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ភ្ញៀវទេសចរ ដែល​មកពី​ប្រទេស​តំបន់​អាស៊ី មាន​ទំហំ​ច្រើនជាង​ភ្ញៀវ​ដែល​មកពី​ប្រទេស​ប៉ែក​អឺរ៉ុប​។ កញ្ញា សៀក ជាង បាន​បន្ថែមថា​៖«​យើង​មើលឃើញថា​ភ្ញៀវទេសចរ​ថ្មីៗ​នេះ ហាក់​មាន​ទំនោរ​ទៅរក​ការ​ស្នាក់​នៅក្នុង​សណ្ឋាគារ​ថ្មីៗ បែប​ទំនើប ដោយសារតែ​ពួកគេ​ចង់បាន​បន្ទប់​ថ្មី ដែលមាន​ប្រដាប់​ទៅដោយ​បរិក្ខារ​ទំនើបៗ​»​។​
 
​សណ្ឋាគារ Lumiere បាន​ដំណើរការ​ចាប់តាំងពី​ឆ្នាំ ២០១៧ និង​ជា​សណ្ឋាគារ​មួយ ដែល​ផ្តល់​កន្លែង​ស្នាក់នៅ​កម្រិត​ខ្ពស់​។ បន្ទប់​នៅ​សណ្ឋាគារ​នេះ មានតម្លៃ​ចន្លោះ​ពី​១០០​ដុល្លារ ដល់ ១៥០ ដុល្លារ​ក្នុង​មួយ​យប់​។ អ្វីដែល​ពិសេស​នេះ​ទីនេះ​មាន​សេវាកម្ម​ល្អ​បំផុត ដូចជា​កន្លែង​កម្សាន្ត​លើដំបូល អាល​ហែល​ទឹក និង​បន្ទប់​ប្រជុំ​ជាដើម​។ កញ្ញា​ក៏បាន​បញ្ជាក់ដែរថា អ្វីដែល​ធ្វើ​ឲ្យ​អតិថិជន​ពេញ​បំផុត​ជាមួយ​សណ្ឋាគារ Lumiere គឺ​ការ​រចនា​ដែលមាន​លក្ខណៈ​ទាន់សម័យ និង​ទាក់ទាញ​បំផុត​របស់​សណ្ឋាគារ​។​
 
​សៀក​ជាង មើលឃើញថា អ្នក​ដែលមាន​វ័យ​ពី​ជាង ២០​ឆ្នាំ ទៅ​ជាង ៣០ ឆ្នាំ គឺជា​អ្នកមាន​ទំនោរ​ខ្លាំង​បំផុត លើ​បរិបទ​នៃ​កា​រស់នៅក្នុង​សណ្ឋាគារ​បែប​ទំនើប ហើយ​ម្យ៉ាងទៀត​ពួកគេ​មាន​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​បាន​ស្ទាត់ជំនាញ​។​
 
​សក្តានុពល​ទីក្រុង​ភ្នំពេញ​


 
​ទោះបីជា​ខេត្តសៀមរាប ត្រូវបាន​គេ​ចាត់ទុកជា​ទីក្រុង​ទេសចរណ៍​ដ៏​ធំ​របស់​កម្ពុជា​ក៏ដោយ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ នៅតែ​យល់ឃើញថា ទីក្រុង​ភ្នំពេញ​មាន​សក្តានុពល​ខ្លាំង​បំផុត សម្រាប់​ការអភិវឌ្ឍ​សណ្ឋាគារ​ដែលមាន​លក្ខណៈ​ទំនើប សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​សម័យថ្មី​។​
 
​លោក សួស ចិន្តា ដែលជា​អគ្គលេខាធិការ​របស់​ស​មា​គម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មានប្រសាសន៍ថា ក្រៅពី​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ថ្ងៃ​ឈប់សម្រាក ភ្នំពេញ ក៏បាន​ទាក់ទាញ​អ្នកដំណើរ​បែប​ពាណិជ្ជកម្ម អ្នកជំនួញ មន្ត្រី​ទូត បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល (​រយៈពេល​ខ្លី​) អ្នកទេសចរ​ក្នុងស្រុក និង​ភ្ញៀវទេសចរ មកពី​តំបន់​ដទៃទៀត​ជាច្រើន​ជា​រៀងរាល់ថ្ងៃ​។ លោក​បាន​បន្ថែមថា​៖«​ទីផ្សារ​សណ្ឋាគារ​ក្នុង​ទីក្រុង​ភ្នំពេញ មិនទាន់​លើស​កំណត់​នោះទេ​។ ទីក្រុង​នឹង​នៅតែ​បន្ត​ពង្រីក​ខ្លួន ទៅ​តំបន់​ជាយក្រុង ហើយ​កត្តា​នេះ​នឹង​ជំរុញ​ឲ្យ​មាន​តម្រូវការ​កន្លែង​ស្នាក់នៅ​បន្ថែមទៀត នៅ​តំបន់​ទាំងនោះ​»​។​
 
​ជាមួយគ្នានេះដែរ អ្នកជំនាញ​មួយចំនួន​សង្កេតឃើញថា វិស័យ​សណ្ឋាគារ គឺ​ត្រូវការ​ធនធានមនុស្ស​ត្រូវ​ការជំនាញ និង​ការបណ្តុះបណ្តាល​ផ្នែក​បដិសណ្ឋារកិច្ច​បន្ថែម​ទៀត ដើម្បី​បង្កើន​គុណភាព​សេវាកម្ម និង​ការប្រកួតប្រជែង​។ 
 
​លោក Peng Ponna សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​លើកឡើងថា វិស័យ​សណ្ឋាគារ​នៅ​ទីក្រុង​ភ្នំពេញ​នៅតែមាន​តម្លៃ​សមរម្យ បើ​ប្រៀបធៀប​ទៅនឹង​ប្រភេទ​បន្ទប់​ប្រហាក់ប្រហែលគ្នា នៅក្នុង​ប្រទេស​ផ្សេងៗ តំបន់​អាស៊ីអាគ្នេយ៍​។ ទោះយ៉ាងណា លោក​បញ្ជាក់ថា អ្នកបើក​សណ្ឋាគារ ត្រូវ​ព្យាយាម​បង្កើន​ជំនាញ​របស់​បុគ្គលិក​ឲ្យ​បានល្អ​។​
 
​សម្រាប់​ការពង្រឹង​សមត្ថភាព​នេះ លោក Ponna  បាន​និយាយថា សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​កំពុង​ខិតខំ​បណ្តុះបណ្តាល​និស្សិត​ផ្នែក​បដិសណ្ឋារកិច្ច​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង ដើម្បី​ប្រាកដថា ពួកគេ​ទទួលបាន​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ សម្រាប់​អនាគត​ការងារ​ជាក់ស្តែង​របស់​ពួកគេ​។  លោក Ponna បាន​បន្ថែមថា​៖«​វិស័យ​សណ្ឋាគារ កំពុងផ្តល់​ការងារ​យ៉ាងច្រើន ដល់​ប្រជាពលរដ្ឋ​កម្ពុជា​»​។​
 
​លោក​សាស្ត្រាចារ្យ​មើលឃើញថា ទីផ្សារ​ក្នុង​វិស័យ​ស​ណ្ខា​គារ កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង ដូច្នេះ​សណ្ឋាគារ ត្រូវតែ​ផ្តល់​សេវាកម្ម​ឲ្យ​ល្អ​ជាងគេ ដើម្បី​អាចឈរជើង​បាន​។​
​កញ្ញា សៀក​ជាង ក៏បាន​យល់ស្រប​ដូចគ្នា​ដែរ ដោយបាន​និយាយថា ទីផ្សារ​កំពុងតែ​មានកា​រ​ប្រែប្រួល ដូច្នេះ​ការបង្កើន​ជំនាញ​ដល់​បុគ្គលិក ត្រូវតែដើរ​ព្រម​គ្នា ជាមួយនឹង​ភាព​រីកចម្រើន​នៃ​បច្ចេកវិទ្យា​។​
 
​ទាក់ទង​នឹង​បច្ចេកវិទ្យា សៀក​ជាង​លើកឡើងថា​៖«​អតិថិជន​អាច​ប្រៀបធៀប​តម្លៃ​មើលថា​តើ​មាន​បន្ទប់​ទំនេរ ឬ​អត់ ឬ​អាន​មតិយោបល់​អ្នក​មក​ស្នាក់​នៅមុនៗ និង​កក់​បន្ទប់​តាមរយៈ​កម្មវិធី​ស្វែងរក​អចលនទ្រព្យ តាមរយៈ​ទូរស័ព្ទដៃ បាន​ដោយ​ខ្លួនឯងបាន​។ យើង​រំពឹងថា ការប្រកួតប្រជែង​មាន​លក្ខណៈ​រឹងមាំ​ឡើង​នៅ​ថ្ងៃ​អនាគត ដោយសារតែ​ការអភិវឌ្ឍ បានផ្តល់​ជម្រើស​ដ៏​ច្រើន ដែលមាន​ទាំង​ផ្ទះសំណាក់ សណ្ឋាគារ និង​រមណីយដ្ឋាន​»៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 សណ្ឋាគារ​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com