នៅក្នុងទសវត្សរ៍កន្លងទៅ វិស័យសណ្ឋាគារនៅកម្ពុជា ពុំសូវមានភាពរីកចម្រើននោះទេ រីឯតម្លៃ ក៏មិនសូវខ្ពស់ដែរ។ ចំណែកជនបរទេសដែលបានមកដល់កម្ពុជា អាចជ្រើសរើសយក សណ្ឋាគារតម្លៃទាប សម្រាប់ការស្នាក់នៅរបស់ពួកគេ។ ជាការពិតណាស់ សណ្ឋាគារតម្លៃសមរម្យ នៅតែអាចរកបាននៅទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នគេសង្កេត ឃើញមានការរីកលូតលាស់នៃសណ្ឋាគារកម្រិតថ្មីមួយទៀត នៅក្នុងប្រទេសកម្ពុជា គឺសណ្ឋាគារបែបទំនើប។
យោងតាមទិន្នន័យពី ក្រសួងទេសចរណ៍ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិជាង៦លាននាក់ កាលពីឆ្នាំ២០១៨ ដែលបានកើនឡើងចំនួន១១% លើពីឆ្នាំ២០១៧។ លើសពីនេះទៀត រាជរដ្ឋាភិបាលបានកំពុងព្យាយាមជំរុញឲ្យមានកំណើនច្រើនថែមទៀត ត្រឹមចុងឆ្នាំ២០១៩ និង២០២០។ ប៉ុន្តែថាតើភ្ញៀវទេសចរទាំងនេះ មកពីប្រទេសណាខ្លះ?
ប្រទេសចិន បានក្លាយជាប្រភពនៃភ្ញៀវទេសចរដ៏ធំសម្រាប់ប្រទេសកម្ពុជា ដែលក្នុងឆ្នាំកន្លងទៅ ទេសចរចិនមានចំនួនជិត ២លាននាក់។ នៅដើមឆ្នាំនេះ ក្រសួងទេសចរណ៍ បានបង្ហើបថា ភ្ញៀវទេសចរចិន នឹងកើនឡើងដល់ ៣ លាននាក់ នៅត្រឹមចុងឆ្នាំ២០១៩នេះ។
កញ្ញា ឡេង សៀកជាង អ្នកគ្រប់គ្រងផ្នែកទីផ្សារនៅសណ្ឋាគារ Lumiere បានលើកឡើងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរ ដែលមកពីប្រទេសតំបន់អាស៊ី មានទំហំច្រើនជាងភ្ញៀវដែលមកពីប្រទេសប៉ែកអឺរ៉ុប។ កញ្ញា សៀក ជាង បានបន្ថែមថា៖«យើងមើលឃើញថាភ្ញៀវទេសចរថ្មីៗនេះ ហាក់មានទំនោរទៅរកការស្នាក់នៅក្នុងសណ្ឋាគារថ្មីៗ បែបទំនើប ដោយសារតែពួកគេចង់បានបន្ទប់ថ្មី ដែលមានប្រដាប់ទៅដោយបរិក្ខារទំនើបៗ»។
សណ្ឋាគារ Lumiere បានដំណើរការចាប់តាំងពីឆ្នាំ ២០១៧ និងជាសណ្ឋាគារមួយ ដែលផ្តល់កន្លែងស្នាក់នៅកម្រិតខ្ពស់។ បន្ទប់នៅសណ្ឋាគារនេះ មានតម្លៃចន្លោះពី១០០ដុល្លារ ដល់ ១៥០ ដុល្លារក្នុងមួយយប់។ អ្វីដែលពិសេសនេះទីនេះមានសេវាកម្មល្អបំផុត ដូចជាកន្លែងកម្សាន្តលើដំបូល អាលហែលទឹក និងបន្ទប់ប្រជុំជាដើម។ កញ្ញាក៏បានបញ្ជាក់ដែរថា អ្វីដែលធ្វើឲ្យអតិថិជនពេញបំផុតជាមួយសណ្ឋាគារ Lumiere គឺការរចនាដែលមានលក្ខណៈទាន់សម័យ និងទាក់ទាញបំផុតរបស់សណ្ឋាគារ។
សៀកជាង មើលឃើញថា អ្នកដែលមានវ័យពីជាង ២០ឆ្នាំ ទៅជាង ៣០ ឆ្នាំ គឺជាអ្នកមានទំនោរខ្លាំងបំផុត លើបរិបទនៃការស់នៅក្នុងសណ្ឋាគារបែបទំនើប ហើយម្យ៉ាងទៀតពួកគេមានអាចប្រើប្រាស់បច្ចេកវិទ្យាបានស្ទាត់ជំនាញ។
សក្តានុពលទីក្រុងភ្នំពេញ
ទោះបីជាខេត្តសៀមរាប ត្រូវបានគេចាត់ទុកជាទីក្រុងទេសចរណ៍ដ៏ធំរបស់កម្ពុជាក៏ដោយ អ្នកជំនាញផ្នែកអចលនទ្រព្យ នៅតែយល់ឃើញថា ទីក្រុងភ្នំពេញមានសក្តានុពលខ្លាំងបំផុត សម្រាប់ការអភិវឌ្ឍសណ្ឋាគារដែលមានលក្ខណៈទំនើប សម្រាប់បំពេញតម្រូវការទីផ្សារសម័យថ្មី។
លោក សួស ចិន្តា ដែលជាអគ្គលេខាធិការរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា ក្រៅពីភ្ញៀវទេសចរដែលមកកម្សាន្តក្នុងថ្ងៃឈប់សម្រាក ភ្នំពេញ ក៏បានទាក់ទាញអ្នកដំណើរបែបពាណិជ្ជកម្ម អ្នកជំនួញ មន្ត្រីទូត បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល (រយៈពេលខ្លី) អ្នកទេសចរក្នុងស្រុក និងភ្ញៀវទេសចរ មកពីតំបន់ដទៃទៀតជាច្រើនជារៀងរាល់ថ្ងៃ។ លោកបានបន្ថែមថា៖«ទីផ្សារសណ្ឋាគារក្នុងទីក្រុងភ្នំពេញ មិនទាន់លើសកំណត់នោះទេ។ ទីក្រុងនឹងនៅតែបន្តពង្រីកខ្លួន ទៅតំបន់ជាយក្រុង ហើយកត្តានេះនឹងជំរុញឲ្យមានតម្រូវការកន្លែងស្នាក់នៅបន្ថែមទៀត នៅតំបន់ទាំងនោះ»។
ជាមួយគ្នានេះដែរ អ្នកជំនាញមួយចំនួនសង្កេតឃើញថា វិស័យសណ្ឋាគារ គឺត្រូវការធនធានមនុស្សត្រូវការជំនាញ និងការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចបន្ថែមទៀត ដើម្បីបង្កើនគុណភាពសេវាកម្ម និងការប្រកួតប្រជែង។
លោក Peng Ponna សាស្ត្រាចារ្យនៅមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានលើកឡើងថា វិស័យសណ្ឋាគារនៅទីក្រុងភ្នំពេញនៅតែមានតម្លៃសមរម្យ បើប្រៀបធៀបទៅនឹងប្រភេទបន្ទប់ប្រហាក់ប្រហែលគ្នា នៅក្នុងប្រទេសផ្សេងៗ តំបន់អាស៊ីអាគ្នេយ៍។ ទោះយ៉ាងណា លោកបញ្ជាក់ថា អ្នកបើកសណ្ឋាគារ ត្រូវព្យាយាមបង្កើនជំនាញរបស់បុគ្គលិកឲ្យបានល្អ។
សម្រាប់ការពង្រឹងសមត្ថភាពនេះ លោក Ponna បាននិយាយថា សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានកំពុងខិតខំបណ្តុះបណ្តាលនិស្សិតផ្នែកបដិសណ្ឋារកិច្ចទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីប្រាកដថា ពួកគេទទួលបានមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់អនាគតការងារជាក់ស្តែងរបស់ពួកគេ។ លោក Ponna បានបន្ថែមថា៖«វិស័យសណ្ឋាគារ កំពុងផ្តល់ការងារយ៉ាងច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា»។
លោកសាស្ត្រាចារ្យមើលឃើញថា ទីផ្សារក្នុងវិស័យសណ្ខាគារ កាន់តែមានភាពប្រកួតប្រជែងខ្លាំង ដូច្នេះសណ្ឋាគារ ត្រូវតែផ្តល់សេវាកម្មឲ្យល្អជាងគេ ដើម្បីអាចឈរជើងបាន។
កញ្ញា សៀកជាង ក៏បានយល់ស្របដូចគ្នាដែរ ដោយបាននិយាយថា ទីផ្សារកំពុងតែមានការប្រែប្រួល ដូច្នេះការបង្កើនជំនាញដល់បុគ្គលិក ត្រូវតែដើរព្រមគ្នា ជាមួយនឹងភាពរីកចម្រើននៃបច្ចេកវិទ្យា។
ទាក់ទងនឹងបច្ចេកវិទ្យា សៀកជាងលើកឡើងថា៖«អតិថិជនអាចប្រៀបធៀបតម្លៃមើលថាតើមានបន្ទប់ទំនេរ ឬអត់ ឬអានមតិយោបល់អ្នកមកស្នាក់នៅមុនៗ និងកក់បន្ទប់តាមរយៈកម្មវិធីស្វែងរកអចលនទ្រព្យ តាមរយៈទូរស័ព្ទដៃ បានដោយខ្លួនឯងបាន។ យើងរំពឹងថា ការប្រកួតប្រជែងមានលក្ខណៈរឹងមាំឡើងនៅថ្ងៃអនាគត ដោយសារតែការអភិវឌ្ឍ បានផ្តល់ជម្រើសដ៏ច្រើន ដែលមានទាំងផ្ទះសំណាក់ សណ្ឋាគារ និងរមណីយដ្ឋាន»៕
(អត្ថបទពាណិជ្ជកម្ម)