អន្តរជាតិ
បុរស​រដ្ឋ​ថៃ ឧ​ត្ត​ម​សេនីយ៍ Prem Tinsulanonda ស្លាប់​នៅ​វ័យ ៩៨​ឆ្នាំ
26, May 2019 , 11:53 am        
រូបភាព
ដោយ:
អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ Prem Tinsulanonda បានទទួល​មរណភាព​ក្នុង​មន្ទីរពេទ្យ​មួយនា​រាជធានី​បាងកក នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ២៦ ខែឧសភា ឆ្នាំ ២០១៩​នេះ​។ មូលហេតុ​នៃ​ការស្លាប់​នេះ គឺ​ដោយសារតែ គាំងបេះដូង ។

 
​បុរស​រដ្ឋ​ថៃ លោក Prem បានទទួល​មរណៈភាព​ដោយសារ គាំងបេះដូង នៅឯ​មន្ទីរ Phra Mongkut ។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ Khaosod ។ ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​ក្នុង​នយោបាយ​ថៃ លោក Prem ក៏បាន​កាន់តំណែង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​មហាក្សត្រ​ថៃ​ផងដែរ ។​
 
​ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍​រូបនេះ បាន​បាត់​បង់ជីវិត ៣​សប្តាហ៍​ក្រោយពី​លោក​បាន​ដឹកនាំ​ព្រះរាជ​ពិធី​រៀប​អភិសេក​រវាង ព្រះមហាក្សត្រ​ថៃ Vajiralongkorn និង​ព្រះមហាក្សត្រី​ថ្មី  Suthida  និង​មួយខែ ក្រោយពី លោក​បាន​ឈានចូល​វ័យ ៩៨​ឆ្នាំ​។ 
 
​កើត​ក្នុង​ឆ្នាំ​១៩២០ ក្នុង​ខេត្ត​ភាគ​ត្បូង​ប្រទេស​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ Prem បាន​ចូល​បម្រើកងទ័ព និង​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​ឡើង​ដំបូង ជា​សមាជិក​នៃ​គណៈកម្មាធិការ​តាក់តែង​រដ្ឋធម្មនុញ​ក្នុង​ឆ្នាំ​១៩៥៩  ក្រោម​ការដឹកនាំ​របស់​ឧ​ត្ត​ម​សេនីយ៍ Sarit Thanarat ។ 
 
​លោក ទទួលជោគជ័យ​ខ្លាំង​ទាំង​ក្នុង​ជួរ​កងទ័ព និង​អាជីព​នយោបាយ ដោយ​ឡើង​តំណែង​ពី​សមាជិក​ព្រឹទ្ធសភា​ទៅ​សមាជិក​រដ្ឋសភា និង​ទៅកាន់​ឧបនាយករដ្ឋមន្ត្រី ហើយ​ចុងក្រោយ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី ក្នុង​ឆ្នាំ​១៩៨០​។​
 
​លោក Prem បាន​កាន់តំណែង​កំពូល​នេះ​សម្រាប់​រយៈពេល​៨​ឆ្នាំ ដែល​អំឡុង​ពេលនេះ​ក្រោយមក​ប្រវត្តិសាស្ត្រ​ថៃ​ហៅថា យុគសម័យ «​ប្រជាធិបតេយ្យ​ពាក់កណ្តាល​»​។  អាណត្តិ​លោក ហ៊ុមព័ទ្ធ​ដោយ ការប៉ុនប៉ង់​ធ្វើ​រដ្ឋប្រហារ និង​ការមិន​ពេញចិត្ត​ពី​សមាជិកសភា​ថៃ មុននឹង​លោក បាន​ចុះ​ចេញពី​តំណែង​ក្នុង​ឆ្នាំ​១៩៨៨ ហើយ​បាន​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​រា​ជប​ល្គ័​ង​ថៃ​។ 
 
​ទោះបីជា​អវត្តមាន​ពី​ឆាកនយោបាយ​ក្តី លោក​ឧ​ត្ត​ម​សេនីយ៍ Prem បាន​បន្ត​ទទួលបាន​ការគោរព​ពី​កងទ័ព និង​មន្ត្រី​រដ្ឋាភិបាល​ថៃ​គ្រាក់ៗ​ដដែល រួមមាន នាយករដ្ឋមន្ត្រី​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com