អន្តរជាតិ
ហេតុអ្វី​គ្រឿងទេស​ធ្លាប់ជា​វត្ថុ​ដែល​ថ្លៃ​ជាងមាស​កាលពី​បុរាណ​?
26, May 2019 , 4:59 pm        
រូបភាព
​អំឡុង​សម័យ​ដែល​មហាអំណាច​ធំៗ​បន្តដំណើរ​រុករក​ធនធាន​នៅតាម​សមុទ្រ ការដោះដូរ​ទំនិញ​ជាមួយនឹង​គ្រឿងទេស​ដូចជា ម្រេច ក្រវាញ ខ្ទឹម ខ្ញី និង​ម្សៅ​មើម​ឈើ​អា​រ៉ូ​មា​ទិច​ជា​ផ្នែក​មួយ​សំខាន់​នៃ​សេដ្ឋកិច្ច​មិនអាច​ខ្វះ​បាន​។ ដូច​ឃើញស្រាប់ នៅ​ឆ្នាំ ៤១០ ក្រុម​បក្សសម្ព័ន្ធ Visigoths ដែល​មក​គ្រប់គ្រង​ទីក្រុង​រ៉ូម របស់​អាណាចក្រ​រ៉ូ​មាំ​ង​បានទាមទារ​ឲ្យ​រ៉ូម​ប្រគល់​ម្រេចខ្មៅ​ចំនួន​ជាង​១៣០០​គីឡូក្រាម ជា​ថ្នូរ​នឹង​ការដោះលែង​ទីក្រុង​នេះ​។ ក្នុង​សតវត្ស​ទី​១៦ អ្នកធ្វើការ​នៅតាម​កំពង់ផែ​ទីក្រុង​ឡុង​ដ៏​សុខចិត្ត​ទទួលយក​ខ្ទឹមស​ជា​ចំណូល​បន្ថែម​ផង​។ ហេតុអ្វី​បានជា​គ្រឿងទេស​មានតម្លៃ​ខ្ពស់​យ៉ាងនេះ​?

 
​តាម​ការបកស្រាយ​រប​ស់​គេហទំព័រ silkroadspices.ca ការធ្វើ​ជំនួញ​គ្រឿងទេស​នេះ (Spice Trade) បានចាប់កំណើត​ឡើង​តាំងពី​៤០០០​ឆ្នាំមុន​មក​ម្លេះ នៅតាម​តំបន់​អាស៊ី​កណ្តាល​។ 
 
​ទោះបីជា​សព្វថ្ងៃ គ្រឿងទេស​ទាំងនេះ​មិនសូវ​ថ្លៃ​មែន តែ​នៅក្នុង​អំឡុង​សម័យបុរាណ​នោះ គ្រឿង​ទាំងនេះ​ជា​របស់​ដែល​អ្នកមាន​ទ្រព្យធន​ប្រើប្រាស់​ប៉ុណ្ណោះ​។ ដំបូង​ឡើយ អ្នកធ្វើ​ជំនួញ​មកពី​អាស៊ី​កណ្តាល​បាន​ប្រើប្រាស់​សត្វ​អូដ្ឋ​ជាច្រើន ដោយ​ឆ្លងកាត់​ដែនដី​វែង​អន្លាយ​ពី​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​ទៅកាន់​តំបន់​មួយចំនួនទៀត​ក្នុង​ទ្វីបអាស៊ី​។​
 
​ផ្លូវជំនួញ​ដែល​គេ​ប្រើប្រាស់​នេះ​មាន​ឈ្មោះថា «​ផ្លូវ​សូត្រ​»​។ វា​មាន​តួនាទី​យ៉ាងសំខាន់​ព្រោះថា ប្រទេស​ធំៗ​ជាច្រើន មានដូចជា ចិន ឥណ្ឌា អេ​ហ្ស៊ី​ប ពែ​ក្យ អារ៉ាប់ និង​អ៊ីតាលី ពឹងផ្អែក​លើផ្លូវ​មួយ​នេះ​សម្រាប់​សេដ្ឋកិច្ច​ប្រទេសជាតិ​របស់ខ្លួន​។ 
 
​ពេលខ្លះ ទ័ព​របស់​អាណាចក្រ​រ៉ូ​ម៉ាំង​ត្រូវ​បានទទួល​ចំណូល​ជា​បរិមាណ​អំបិល មិនមែន​ថវិកា​។ រ៉ូ​មាំ​ង​ក៏បាន​គ្រប់គ្រង​ទីក្រុង Alexandria នៃ​ប្រទេស​អេ​ហ្ស៊ី​ប​ក្នុង​ការនាំចេញ​នាំចូល​គ្រឿងផ្សំ​នៅក្នុង​តំបន់​របស់ខ្លួន​ដែរ​។ នៅ​ពាក់កណ្តាល​សតវត្ស​ន៍​ទៅ​១៣ ទីក្រុង Venice របស់​អ៊ីតាលី​បានទទួល​ភោគផល​យ៉ាងច្រើន​ពី​ពន្ធ​ដែល​បានដាក់​ទៅលើ​ឈ្មួញ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​។ ការធ្វើ​ដូចនេះ បានធ្វើ​ឲ្យ​ឈ្មួញ​ជាច្រើន​មិន​សប្បាយចិត្ត​យ៉ាងខ្លាំង​។ 
 
​នៅ​អំឡុង​ឆ្នាំ ១៥០០ ឈ្មួញ​តាម​សំពៅ​ជាច្រើន​បានធ្វើ​ការរុករក និង​ធ្វើដំណើរ​ទៅតាម​តំបន់​​ឆ្ងាយៗ ក្នុង​គោលបំណង​ទៅរក​គ្រឿងទេស​បន្ថែមទៀត​។ ព័រ​ទុយ​ហ្គា​ល់ ជា​ប្រទេស​ដំបូង​ដែល​បានធ្វើ​ដំណើរ​តាម​សំពៅ​ដោយ​ឆ្លងកាត់​តាម​ឆ្នេរ​ទ្វីបអាហ្វ្រិក​យ៉ាង​ធំធេង ទៅកាន់​ប្រទេស​ឥណ្ឌា នៅក្នុង​ឆ្នាំ​១៤៩៧​។​
 
 ក្រោយមក អង់គ្លេស អេស្បាញ និង​ហូ​ឡង់ ក៏បាន​ចូលមក​ប្រកួតប្រជែង​ជាមួយនឹង​ជំនួញ​គ្រឿងទេស​នេះដែរ​។ នៅពេលដែល​ប្រជាជន​វណ្ណៈ​កណ្តាល​មានការ​កើនឡើង​ច្រើន ក្នុងអំឡុង​សតវត្ស​ទី​១៥ តម្រូវការ​គ្រឿងទេស​ក៏មាន​ការ​កើន​ខ្លាំង​ដែរ​។ 
 
​សង្គ្រាម​តូចៗ រវាង​អ្នកជំនួញ​អឺរ៉ុប ដែល​មក​ជួញ​គ្រឿងទេស​នៅតាម​តំបន់​អាស៊ី បាន​កើតឡើង​ជាមួយ​ប្រទេស​នានា​ដូចជា​ឥណ្ឌូណេស៊ី មា​ឡេ​ស៊ី និង​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ ស្របពេល​តម្រូវការ​គ្រឿង​ទេស​កើន​ខ្ពស់​ពេក​។ សង្គ្រាម​ទាំងនេះ​បាន​បន្ត​ទៅមុខ​អស់​រយៈពេល​ប្រមាណ​ជាង​២០០​ឆ្នាំ​។ អាមេរិក​ក៏បាន​ចូលខ្លួន​ក្នុង​ជំនួញ​មួយ​នេះដែរ ក្នុង​សតវត្ស​ទី​១៨​។ 
 
​អាមេរិក​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដែលមាន​ប្រភពដើម​នៃ​គ្រឿង​គ្រឿង​ផ្ទាល់​នៅតាម​តំបន់​នានា​ក្នុង​ទ្វីបអាស៊ី​។ អាមេរិក​ក៏​ចំណេញ​កប់​ក្តោង​ពី​ការជួញដូរ​គ្រឿងទេស​នេះដែរ ដោយ​ក្នុង​មួយឆ្នាំៗ កប៉ាល់​ដឹកជញ្ជូន​របស់​មហាអំណាច​នេះ​បានធ្វើ​ដំណើរ​ជាច្រើន​រយ​ជើង​ជុំវិញ​ពិភពលោក​។ 
 
​ក្រោយមក នៅពេលដែល​មធ្យោបាយ​ដឹកជញ្ជូន​មាន​ភាពប្រសើរឡើង លែង​សូវ​មាន​ភាពគ្រោះថ្នាក់ ហើយ​ផ្លូវ​ដឹកជញ្ជូន​កាន់​តែមាន​ភាពទូលំទូលាយ តម្លៃ​របស់​គ្រឿងផ្សំ​ទាំងនោះ​ក៏បាន​ធ្លាក់ចុះ​ជា​បណ្តើរៗ​។ ជំនួញ​គ្រឿងទេស​បាន​ធ្លាក់ចុះ​បន្តិច​ម្តងៗ​។ 
 
​លោហធាតុ និង​សារធាតុ​មានតម្លៃ​ដទៃទៀត​ដូចជា មាស និង​លោហៈ​កម្រ​ចាប់ផ្តើម​មានតម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​វិញ​ម្តង ដ្បិតថា​ក្នុង​សម័យកាល​នីមួយៗ ការរស់នៅ​របស់​មនុស្ស​មាន​ភាពខុសគ្នា​។ មួយទៀត​ដោយសារតែ​បដិវត្តន៍​ឧស្សាហកម្ម​នេះហើយ ទើប​តម្រូវការ​លោហធាតុ​ទាំងអស់​កើនឡើង​កាន់តែ​ខ្ពស់​
​ជា​បន្តបន្ទាប់​៕ 

Tag:
 ​គ្រឿងទេស
© រក្សាសិទ្ធិដោយ thmeythmey.com