ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​ថា​សាលា​បច្ចេកទេស ជួយ​ឱ្យ​ពួកគេ​មាន​ជំនាញ​ច្បាស់លាស់ និង​ងាយស្រួល​រក​ការងារ​ធ្វើ​
26, May 2019 , 3:59 pm        
រូបភាព
​សៀមរាប​៖ បច្ចុប្បន្ន យុវជន​កាន់តែ​ច្រើនឡើង បាន​ចាប់អារម្មណ៍​ទៅនឹង​ការសិក្សា​ផ្នែក​បច្ចេកទេស និង​ជំនាញ​រយៈពេល​ខ្លីៗ ដូចជា​ផ្នែក​គ្រឿង​អេឡិចត្រូនិក ម៉ាស៊ីនត្រជាក់ អគ្គិសនី រថយន្ត និង​ម៉ូតូ​ជាដើម​។ យុវជន​យល់ថា ការសិក្សា​នៅ​សាលា​បច្ចេកទេស ជួយ​ឱ្យ​ពួកគេ​មាន​ជំនាញ​ច្បាស់លាស់ សិក្សា​លឿន និង​ងាយស្រួល​រក​ការងារ​ធ្វើ​។

 
 
​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ អ្នកស្រី អ៊ី​សា រ៉​ហា​នី អ្នកសារព័ត៌មាន​ថ្មីៗ ពី​ខេត្តសៀមរាប​ដូចតទៅ​៖ 




 
​ស្របពេល​កម្ពុជា​កំពុងអភិវឌ្ឍន៍ តម្រូវការ​ការងារ​ប​ច្ចេកទេស ក៏មាន​ច្រើន​ដែរ​។ ការដ្ឋាន​សាងសង់​មាន​ជាប់​ជា​ហូរហែ ហើយ​ការងារ ក៏​មិន​ខ្វះ​ដែរ សម្រាប់​អ្នក​ដែលមាន​ជំនាញ និង​បច្ចេកទេស​តាម​ស្ដង់ដា​។ គេ​សង្កេតឃើញថា នាពេល​បច្ចុប្បន្ន ស្របពេល​តម្រូវការ​អ្នកជំនាញការ​លើ​ការងារ​កាន់តែច្រើន ការបណ្ដុះបណ្ដាល​លើ​ការងារ​នេះ ក៏​កាន់តែ​កើនឡើង​ដែរ​។ 
​យុវជន​កាន់តែច្រើន បាន​យល់ និង​ងាក​មក​សិក្សា​នៅ​សាលា​បណ្ដុះបណ្ដាល​ប​ច្ចេ​ទេស និង​វិជ្ជាជីវៈ និង​ទទួលបាន​ឱកាស​ការងារ​ភ្លាមៗ​ក្រោយពេល​ពួកគេ​សិក្សា​រយៈពេល​ខ្លី​។ នៅ​ខេត្តសៀមរាប​មាន​សាលា​បណ្ដុះបណ្ដាល បច្ចេកទេស​ចំនួន​២ ដែល​ស្ថិតក្នុង​ក្របខណ្ឌ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ទទួល​សិស្ស​សិក្សា​លើ​បច្ចេកទេស​ផ្សេងៗ​ដោយ​មិន​គិតថ្លៃ​។​


 
​យុវជន វីរៈ ដែល​បាន​ចូលរៀន​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​អង្គរ រយៈពេល​ជាង​១០​ខែ​មកហើយ​នោះ បាន​និយាយថា ខ្លួន​បាន​រៀន​ចប់​ថ្នាក់​ទី​៩​នៅ​វិទ្យាល័យ និង​បន្ត​ចូលរៀន​នៅ​សាលា​នេះ​៣​ឆ្នាំ ផ្នែក​អគ្គិសនី ដែល​ការរៀន​នេះ មានតម្លៃ​ស្មើនឹង​សញ្ញាបត្រ​បាក់​ឌុប​ដែរ​។ វីរៈ ប្រាប់ថា​មានបំណង​បន្ត​ថ្នាក់​បរិញ្ញាបត្រ ឬ​បរិញ្ញាបត្ររង លើ​ផ្នែក​អគ្គិសនី​នេះ​ដដែល ប្រសិនបើ​ពេលទំនេរ​ពី​ការងារ​។​
 
​សិក្សា​ផ្នែក​អគ្គិសនី​ត្រឹម​១០​ខែ​ប៉ុណ្ណោះ តែ​វីរៈ​មានការ​ងារ​ធ្វើ​ទៅហើយ​។ វីរៈ​ថា ជំនាញ​វិជ្ជាជីវៈ គឺមាន​សារសំខាន់​ណាស់​សម្រាប់​ខ្លួន ក៏ដូចជា​យុវជន​ដទៃទៀត ស្រប​ពេលដែល​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ គឺមាន​តម្រូវ​ការងារ​បច្ចេកទេស និង​វិជ្ជាជីវៈ​ច្រើន​។ 
 
​ងាក​ទៅ​យុវជន តុង វិញ ដែល​កំពុង​ដើរ​ទស្សនា​រោង​ពិ​ព័រ​ណ៌ និង​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​វាយតម្លៃ​ផ្អែកលើ​សមត្ថភាព និង​ការផ្តល់​គុណ​វុ​ឌ្ឍ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​អង្គរ ក៏​កំពុង​សិក្សា​ផ្នែក​អគ្គិសនី តំណាលគ្នា​នឹង​យុវជន វីរៈ​ដែរ​។ តុង ស្រឡាញ់ និង​ចូលចិត្ត​ផ្នែក​ត​ភ្លើង​តាំងពី​តូច​មក​។ សម្រាប់​សាលា​បច្ចេកទេស តុង យល់ថា មាន​សារសំខាន់​ដល់​យុវជន​កម្ពុជា ព្រោះ​កម្ពុជា​ត្រូវការ​ជាង​ជំនាញ​ច្រើន រីឯ​ទីផ្សារការងារ​ក៏​សម្បូរ​ដែរ​។ ស្រប​ពេលដែល​កម្ពុជា​កំពុងអភិវឌ្ឍន៍​ដោយ​ត្រូវការ​អ្នកជំនាញ​ច្រើន រីឯ​តម្រូវ​លើ​ការងារ​ទាំងនោះ​ក៏​ច្រើន​ដែរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក តុង ថា ការងារ​ផ្នែក​បច្ចេកទេស​មាន​ច្រើន មិន​ខ្វះ​ទេ តែ​ថា​សំខាន់​ឱ្យតែ​យុវជន​មាន​សមត្ថភាព និង​ជំនាញ​ច្បាស់លាស់  ។​
 
​ចំណែក​យុវជន ពិន សុផល ដែល​ទើបនឹង​ដើរ​មើល​ស្ដង់​តាំង​ពិ​ព័រ​ណ៌ នៅ​បរិវេណ​វិទ្យាស្ថាន​ពហុបច្ចេកទេស​អង្គរ ក៏​សប្បាយរីករាយ ជាមួយនឹង​អ្វីដែល​ខ្លួន​ទទួលបាន តាមរយៈ​ការសិក្សា​ផ្នែក​បច្ចេកទេស និង​វិជ្ជាជីវៈ​នេះដែរ​។ សុផល រម្លឹកថា ដើមឡើយ​កាល​នៅ​រៀន​វិទ្យាល័យ គេ​មិនដឹង​ចាប់​ជំនាញ​អ្វី​ទេ តែ​ដល់ពេល​ខាង​សាលា​ចុះទៅ​ផ្សព្វផ្សាយ ក៏​ចាប់អារម្មណ៍​ផ្នែក​កុំព្យូទ័រ​តែម្ដង​។ សុផល ក៏បាន​សុំ​ការណែនាំ​ពី​ខាង​សាលា និង​បាន​សិក្សា​ផ្នែក​កុំព្យូទ័រ​នៅ​ឆ្នាំ​ទី​៣​ហើយ មកដល់ពេលនេះ ដែល​សញ្ញាបត្រ​មានតម្លៃ​ស្មើ​បាក់​ឌុប​។​
 
​ក្រៅពី​បញ្ចប់​ឆ្នាំ​ទី​៣​នេះហើយ សុផល មានបំណង​ត​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ដ្រ​កុំព្យូទ័រ ឬ​ជំនាញ​អាយ​ធី​។ សម្រាប់ សុផល សាលា​បច្ចេកទេស បានផ្តល់​ឱកាស​ការងា​រ​ដល់​យុវជន​ច្រើន ហើយ​តម្រូវការ​ទីផ្សារ​បច្ចេកទេស ក៏មាន​ច្រើន​ដែរ​។​


 
​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​អនុវត្តន៍ កម្មវិធី​បណ្ដុះបណ្ដាល​វិញ្ញាបនបត្រ​វិជ្ជាជីវៈ និង​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​វាយតម្លៃ​ផ្អែកលើ​សមត្ថភាព និង​ការផ្តល់​គុណ​វុ​ឌ្ឍ កាលពី​ពាក់កណ្ដាល​ខែឧសភា កន្លងទៅ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​អង្គរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ពេ​ជ សោភ័ន បាន​អរគុណ​ដល់​ធនាគារអភិវឌ្ឍន៍អាស៊ី និង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​តែងតែ​ផ្តល់​ការគាំទ្រ​ដល់​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​សាធារណៈ ហៅ​កាត់​ថា TVET ចាប់តាំងពី​ឆ្នាំ​១៩៩៦ ដោយ​ចាប់ផ្តើម​ពី​គម្រោង​ជំនាញ​មូលដ្ឋាន រហូតមកដល់​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​កំពុង​ដំណើរ​រហូតដល់​បច្ចុប្បន្ន​។ គម្រោង​ថ្មី ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី បន្ត​ការគាំទ្រ​ដែរនោះ គឺ​គម្រោង​ជំនាញ​សម្រាប់​ការប្រកួតប្រជែង ដែល​ទើប​នឹងដាក់​អនុវត្តន៍​នៅ​ថ្ងៃទី​១០ ឧសភា ឆ្នាំ​២០១៩​។​
 
​លោក ពេ​ជ សោភ័ន ក៏​សូមឱ្យ​ដៃគូ​ទាំងអស់​បន្ត​គាំទ្រ​ដល់​វិស័យ TVET បន្តទៀត ព្រោះថា​វិស័យនេះ ត្រូវ​ប្រើប្រាស់​ដើមទុន​ខ្ពស់ ដើម្បី​អប់រំ​បណ្ដុះបណ្ដាល​គ្រូបង្រៀន​ថ្មី និង​ចាស់ សម្ភារ​បច្ចេកទេស​ឧបករណ៍​ថ្មីៗ សាងសង់​គ្រឹះស្ថានសិក្សា និង​រោង​ជាង ធានា​ដល់​ការបណ្ដុះបណ្ដាល​សិក្ខាកាម​សិស្ស​និស្សិត​មាន​លក្ខណៈ​សមស្រប ប្រកបដោយ​គុណភាព ស្ដង់ដា​សមត្ថភាព ដើម្បី​បំពេញតម្រូវការ​ជំនាញ​ដែល​តែងតែ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​៕ 
 

Tag:
 វិទ្យាស្ថាន​ពហុបច្ចេកទេស​អង្គរ​
 ​យុវជន​
 ​អប់រំ​
 ​ជំនាញ​វិជ្ជាជីវៈ​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com