អន្តរជាតិ
បន្ទាប់ពី​ទូក​វៀតណាម ឥណ្ឌូណេស៊ី​បន្ត​រឹបអូស​ទូក​នេសាទ​ខុសច្បាប់​ពី​ហ្វីលីពីន​
27, May 2019 , 8:39 am        
រូបភាព
រូបភាព៖ Jakarta Post
រូបភាព៖ Jakarta Post
ដោយ:
​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​បន្ត​ឃាត់ និង​រឹបអូស​ទូក​នេសាទ​ពីរ​គ្រឿង​មកពី​ហ្វីលីពីន ដែល​បាន​ចូលធ្វើ​សកម្មភាព​ខុសច្បាប់​នៅក្នុង​ដែនទឹក​របស់​ឥណ្ឌូណេស៊ី​។ នេះ គឺជា​ចំណាត់​ការមិន​រើសមុខ និង​មិន​ដក​ដៃ​មួយ​របស់​បងធំ​អាស៊ាន ក្នុងការ​ធានា​មិន​ឲ្យ​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​បាត់បង់​ដោយសារ​ការបំពាន​រប​ស់បរ​ទេស​។​

 
​ក្រសួង​កិច្ចការ​ដែនសមុទ្រ និង​ជលផល​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​២៤ ឧសភា បានចេញ​សេចក្តីប្រកាស​មួយ​ស្តីពី​ការ​រឹបអូស​ទូក​នេសាទ​ហ្វីលីពីន​ពីរ​គ្រឿង ដែល​បាន​ចូល​នៅក្នុង​ដែនទឹក​របស់​ឥណ្ឌូណេស៊ី​ដោយ​ខុសច្បាប់​។ ឥណ្ឌូណេស៊ី បាន​ឃាត់ខ្លួន​ក្រុម​អ្នកនេសាទ​មួយចំនួន ជាមួយនឹង​វត្ថុតាង​ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Jakarta Post​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល មន្ត្រីជាន់ខ្ពស់​ឥណ្ឌូណេស៊ី បានបញ្ជាក់​បន្ថែមថា កងកម្លាំង​ល្បាត​ឥណ្ឌូណេស៊ី បាន​រឹបអូស​ទូក​នេសាទ​ខុសច្បាប់​នេះ ដោយមាន​ផ្ទុក​ប្រភេទ​ត្រី ទុ​ណា ជាង​មួយរយ​គីឡូក្រាម និង​ឧបករណ៍​នេសាទ​ផ្សេងទៀត ខណៈដែល​ក្រុម​នេសាទ ត្រូវបាន​អះអាងថា នឹងត្រូវ​ប្រឈម​នឹង​ការកាត់ទោស​ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ប្រមាណ ១,៩ លាន​ដុល្លារ​។ 
 
​គួរ​ឲ្យ​កត់សម្គាល់​នោះ ថ្មីៗ​នេះ ក្រសួង​កិច្ចការ​ដែនសមុទ្រ និង​ជលផល​ឥណ្ឌូណេស៊ី បានចេញ​របាយការណ៍​ស្តីពី​ប្រតិបត្តិការ​របស់ខ្លួន​គិត​ចាប់ពី​ខែមករា ឆ្នាំ​២០១៩ នេះ ដោយបាន​អះអាងថា ឥណ្ឌូណេស៊ី​បាន​រឹបអូស​ទូក​នេសាទ​បរទេស​ចំនួន​៣២​គ្រឿង ក្នុងនោះ​មកពី​វៀតណាម​មាន ១៥ គ្រឿង​, ម៉ាឡេស៊ី ១៤ គ្រឿង និង​មកពី​ហ្វីលីពីន មាន​៣​គ្រឿង​។​
 
​ដោយឡែក​បើ​គិត​ចាប់ពី​ការចាប់ផ្តើម​នៃ​ចំណាត់ការ​បង្ក្រាប​មួយ​នេះ ពោលគឺ​ចាប់ពី​លោក​ប្រធានាធិបតី​ចូ​កូ វី​ដូ​ដូ ឡើងកាន់​អំណាច​នៅ​ឆ្នាំ​២០១៤​មក ឥណ្ឌូណេស៊ី បាន​រឹបអូស និង​បំផ្លាញ​ទូក​នេសាទ​បរទេស​ដែល​ប្រតិបត្តិ​ការខុសច្បាប់​ក្នុង​ដែនទឹក​របស់​ឥណ្ឌូណេស៊ី​ចំនួន ៥៣៩​គ្រឿង ដែល​ក្នុងនោះ​ទូក​នេសាទ​មកពី​វៀតណាម មាន​ជាង​ពាក់កណ្តាល​នៃ​ទូក​សរុប ។​
 
​កន្លងមក​ដោយសារតែ​ការ​លួច​ចូល​នេសាទ​ពី​ទូក​បរទេស ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី​ខាតបង់​ចំណូល​ជាច្រើន​ជាច្រើន​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ដែល​បញ្ហា​នេះ តម្រូវ​ឲ្យ​រដ្ឋបាល​ដឹកនាំ​របស់លោក ចូ​កូ​វី ត្រូវ​ចាត់​វិធាន​តឹងរឹង​បំផុត រហូតដល់​ពេលខ្លះ ក៏​មានការ​រិះគន់ថា ចំណាត់ការ​របស់លោក ដែល​ពន្លិច និង​បំផ្លាញ​ទូក​នេសាទ​ខុសច្បាប់​ទាំងនោះ​ចូល ថា​ជា​គោលនយោបាយ​ឃោរឃៅ​មួយ​ទៀតផង​៕ 
 

Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com