ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អចលនទ្រព្យ
តើ​កត្តា​អ្វីខ្លះ ដែល​ជំរុញ​ឲ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​បន្ត​រីកលូតលាស់​?
27, May 2019 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មួយ​ទសវត្ស​ន៍​ចុង​ក្រោយនេះ កម្ពុ​ជាមាន​សំណង់​អគារ​ធំៗ និង​ខ្ពស់ៗ​កាន់តែច្រើន​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​សក្តានុពល​មួយចំនួន រួមមាន​៖​ខេត្ត​សៀម​រាម និង​ខេត្ត​ព្រះសីហនុ​ជាដើម​។ សំណង់​អគារ​ពាណិជ្ជកម្ម អគារ​ខុន​ដូ បុរី និង​លំនៅដ្ឋាន​យ៉ាង​សម្បើម ដែលមាន​ស្រាប់ និង​កំពុង​បុកគ្រឹះ​កសាង​នៅពេល​បច្ចុប្បន្ន គឺ​បានមកពី​ការវិនិយោគ​របស់​វិនិយោគិន​ក្នុងស្រុក និង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​។ តើ​មាន​កត្តា​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​វិស័យ​សំណង់​បាន​រីកលូតលាស់​នៅ​កម្ពុជា​?
 
​សូម​ស្តាប់​បទ​សម្ភាស​រវាង​លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ លោក នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន KFA តទៅ​៖ 




 
​លោក រ៉ឹ​ម ភា​រី​៖ ឆ្នាំ​២០១៨ កម្ពុជា​រក្សាបាន​នូវ​កំណើន​សេដ្ឋ​កិ​ច្ឋ​ល្អ​លើសពី​ការរំពឹងទុក ពោល​គឺមាន​កំណើន​៧.៥​ភាគរយ ហើយ​អ្វីដែល​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​បែប​នេះ មកពី​កត្តា​ធំៗ​ពីរ គឺ​កំណើន​ឆាប់រហ័ស​នៃ​ការនាំចេញ និង​ការបន្ត​រីកលូតលាស់​នៃ​វិស័យ​សំណង់​។ នេះ​បើតាម​របាយការណ៍​មួយ​ស្តី​អី​ពី​«​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា​»​របស់​ធនាគារពិភពលោក ដែល​ចេញផ្សាយ​កាលពីដើម​ខែឧសភា​។ តើ​មាន​កត្តា​សំខាន់ៗ​អ្វីខ្លះ ដែល​ជំរុញ​ឲ្យ​វិស័យ​សំណង់​បន្ត​រីកលូតលាស់​នៅ​កម្ពុជា​?   
 
​លោក នួន រិទ្ធី​៖ នេះ​ជា​ទិដ្ឋភាព​ជាក់ស្តែង​ពី​កាលានុវត្តភាព​របស់​រា​ជ​រដ្ឋាភិបាល ដែល​បាន​ប្រឹងប្រែង​ជាង​៣​ទសវត្សរ៍​មកនេះ ហើយ​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​ទទួលបាន​ផ្លែផ្កា​យ៉ាង​ត្រចះត្រចង់​ពាក់ព័ន្ធ​នឹង​ស្ថិរភាព​នយោបាយ ដែល​នាំ​ឲ្យ​មាន​ស្ថិរភាព​សង្គម និង​ស្ថិរភាព​សេដ្ឋកិច្ច​។ ដូច្នេះ​កត្តា​ទាំង​៣​នេះហើយ បាន​ស្រូប​ទាញ​ការអភិវឌ្ឍន៍​នៅក្នុង​ស្រុក និង​ស្រូប​ទាញ​ការវិនិយោគ​ពី​ក្រៅប្រទេស (FDI)​។ ម្យ៉ាង​ប្រទេស​កម្ពុជា​នៅ​ចំ​កណ្តាល​បេះដូង​តំបន់​អាស៊ាន​។ អាស៊ាន កំពុង​ចែចូវ និង​ប្រទាញប្រទង់​គ្នា​រវាង​មហាអំណាច​ចិន និង​អាមេរិក ហើយ​កម្ពុជា ជា​ប្រទេស​ចំ​កណ្តាល ដែល​ការធ្វើដំណើរ​ចេញពី​កម្ពុជា​ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន គឺ​មិន​លើសពីរ​ម៉ោង​នោះទេ​។ នៅពេល​អាស៊ាន ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​តែមួយ អាស៊ាន​ពុំមាន​របាំង​គយ​ផង​នោះ ដូច្នេះ​គេ​អាច​ជ្រើសរើស​ប្រទេស​ដែលមាន​សក្តានុពល និង​ផ្តល់​អត្ថប្រយោជន៍​ខ្ពស់ ក្នុង​ការធ្វើ​ជំនួញ​។ ប្រទេស​កម្ពុជា មានច្បាប់​វិនិយោគ​ទាក់ទាញ​បំផុត និង​មានច្បាប់​អនុគ្រោះ​ពន្ធ​ច្រើនជាងគេ​បំផុត ព្រមទាំង​ជា​ប្រទេស​ទីផ្សារសេរី​។ លើសពីនេះ កម្ពុ​ជាមាន​ភាព​ច្នៃប្រឌិត ដែល​បាន​អនុគ្រោះ​ឲ្យ​ជនបរទេស អាច​បើក​ក្រុមហ៊ុន​១០០​ភាគរយ ខុសពី​ប្រទេស​ដទៃ​ជិតខាង​យើង មានន័យថា លំហូរ​ទុន​ចូល​ប្រទេស​កម្ពុជា គឺ​ងាយស្រួល​យកចេញ​ទៅវិញ ដែល​ខុសពី​ប្រទេស​ដទៃ​ចូល​ស្រួល​ចេញ​ពិបាក​។ កត្តា​មួយទៀត ការផ្គត់ផ្គង់​ថាមពល គឺ​ច្រើន និង​ល្អ​ជាង​មុន​។ ចំណែក​ផ្លូវថ្នល់​វិញ រដ្ឋាភិបាល លោក​បាន​បំពេញ​ស្ទើរតែ​១០០​ភាគរយ ដោយមាន​ផ្លូវ​ខ្វាត់ខ្វែង​។ បន្ថែម​ពីនេះ កម្ពុជា​មានច្បាប់​មួយ ដែល​អាច​ស្រូប​ទាញ​ក្នុង​កសាង​អគារ​ខ្ពស់​កាន់​តែមាន​ប្រសិទ្ធភាព​នោះ គឺ​អគារ​សហកម្មសិទ្ធិ ពោលគឺ​ជនបរទេស​អាច​ទិញ​អគារ​ខុន​ដូរ​សហកម្មសិទ្ធិ​របស់​យើង​ចាប់ពី​ជាន់​ទីមួយ​ឡើងទៅ ដែល​មិន​លើសពី​៤៩​ភាគរយ​នៃ​ភាគហ៊ុន​អគារ​ទាំងមូល​។ ច្បាប់​នេះ បានធ្វើ​ឲ្យ​សំណង់​អគារ​របស់​យើង​រីកដុះដាល ដោយ​ក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន អគារ​ចាប់ពី​៩​ជាន់​ឡើងទៅ មាន​លើសពី​១​ពាន់​អគារ​ហើយ​។ នេះ​និយាយ​តែ​ភ្នំពេញ មិនទាន់​រាប់​ខេត្ត​សក្តានុពល ដូចជា​៖ សៀមរាប និង​ខេត្ត​ព្រះសីហនុ ដែលមាន​គម្រោង​ជាច្រើន​សាងសង់​នៅ​ទីនោះ​។ 
 
​លោក រ៉ឹ​ម ភា​រី​៖ ពេល​វិស័យ​សំណង់​រីកលូតលាស់ ដោយមាន​អគារ​ខ្ពស់​ច្រើន​នៅ​កម្ពុជា តើ​បានផ្តល់​ផល​អ្វីខ្លះ​ដល់​ប្រជាជន​កម្ពុជា​?

​លោក នួន រិទ្ធី​៖ ផល​ទីមួយ គឺ​ម៉ាក្រូ​។ ការកើនឡើង​នៃ​កំណើន​ការងារ ព្រោះ​វិស័យ​សំណង់ ត្រូវការ​កម្លាំង​ពលកម្ម​រាប់សែន​នាក់​។ បច្ចុប្បន្ន ប្រទេស​កម្ពុជា​មិនទាន់មាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់​នោះទេ​។ ជាក់ស្តែង មាន​សំណង់​អគារ​ខ្លះ យក​កម្មករ​ជំនួយ​ពី​ចិន​មក​កសាង ដើម្បី​ឲ្យ​ទាន់សភាពការណ៍​។ ទី​ពីរ ការដឹកជញ្ជូន​នូវ​សម្ភារ​ដើម្បី​សាងសង់ ដូចជា ដែក ស៊ីម៉ងត៍ គ្រឿង​លម្អ គ្រឿង​ផ្គុំ​ផ្សេងៗ ដែល​កម្ពុជា​មិនទាន់មាន​សមត្ថភាព​ផលិត គឺ​ត្រូវការ​នាំចូល​។ មួយវិញទៀត វិស័យនេះ​បានធ្វើ​ឲ្យ​ផលទុនជាតិ​យើង​កើនឡើង​។ ទោះបី​វិនិយោគទុន មក​បណ្តាក់ទុន​សាងសង់​ជា​កម្មសិទ្ធិករ​របស់គាត់​មែន ប៉ុន្តែ វា​ស្ថិតនៅ​ក្នុងប្រទេស​កម្ពុជា​របស់​យើង​។ អ្នកវិនិយោគ មក​វិនិយោគ ពួកគេ​បាន​ប្រាក់ចំណេញ​ទៅវិញ តែ​អគារ និង​ដី​កម្មសិទ្ធិ​ស្ថិតនៅ​លើដី​កម្ពុជា និង​ជា​របស់​កម្ពុជា​។ ឧទាហរណ៍​ថា យើង​ទៅ​ប្រទេស​ថៃ យើង​ឃើញ​អគារ​ហ្នឹង ជា​របស់​ក្រុមហ៊ុន​ណា​ទេ​? អូ​! ក្រុង​បាងកក​សុទ្ធតែ​អគារ​ខ្ពស់​ធំៗ​។ ដូចគ្នា ភ្នំពេញ សុទ្ធតែ​អគារ​ខ្ពស់​ធំៗ ឬ​កម្ពុជា​ស្អាត​ណាស់​! ដូច្នេះ សុទ្ធតែ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន និង​រដ្ឋ​ផងដែរ ដែល​ផ្តល់​ផលចំណេញ​ដល់​កម្ពុជា​ទាំង​ម៉ាក្រូ និង​មីក្រូ​។ 


 
​លោក រ៉ឹ​ម ភា​រី​៖ ទន្ទឹមនឹង​ផល​វិជ្ជមាន​ច្រើន តែ​វិស័យ​សំណង់​ក៏​ពើបប្រទះ នឹង​បញ្ហា​មួយចំនួន​ផងដែរ​។ របាយការណ៍​ធនាគារ​ពិភពលោក បាន​បង្ហាញថា វិស័យ​សំណង់ និង​អចលនទ្រព្យ​កាន់តែ​ងាយ​ធ្លាក់​ក្នុង​វដ្ត​ស្ថានភាព​ឆាប់​ប៉ោង ហើយ​ឆាប់​ផ្ទុះ​បែក​ទៅវិញ ហើយ​កំណើន​ការផ្តល់​ហិរញ្ញប្បទាន​ក្នុងស្រុក​សម្រាប់​វិស័យ​សំណង់ នឹង​កាន់តែ​បង្កើន​ហានិភ័យ​ថែមទៀត​ដល់​វិស័យ​ហិរញ្ញវត្ថុ​។ លោក​អាច​បញ្ជាក់​ពី​មូលហេតុ​ចម្បងៗ​អ្វីខ្លះ បានជា​វិស័យ​សំណង់​បែរជា​មាន​បញ្ហា​ទាំងនេះ​ទៅវិញ​?
​លោក នួន រិទ្ធី​៖ មាន​ចំណុច​ពីរ គឺ​កត្តា​វិជ្ជមាន​ដែល​ស្ថាប័ន​ឥណទាន បាន​លើកទឹកចិត្ត​អតិថិជន​ដែល​យក​កម្ចី​ទៅ​អភិវឌ្ឍន៍ ឬ​អតិថិជន ដែល​ចង់​ទិញ​លំនៅដ្ឋាន តាមរយៈ​បង់​រំលស់​។ ធនាគារ​ជា​ផ្នែក​មួយ​នៃ​ការប្រតិបត្តិ​នៅក្នុង​សេដ្ឋកិច្ច​។ ដូច្នេះ គាត់​បាន​វិភាគ​រួចហើយ មុន​អនុញ្ញាត​ផ្តល់​កម្ចី ឬ​បើក​គោលការណ៍​ឥណទាន​។ ដោយសារតែ​កម្រិតជីវភាព​របស់​ប្រជាជន​កម្ពុជា​នឹងមាន GDP វិ​វត្ត​ទៅជា​សេដ្ឋកិច្ច​មធ្យម​កម្រិត​ខ្ពស់ ដែលមាន​GDP ចន្លោះ​៣​ពាន់ ទៅ​៥​ពាន់​ដុល្លារ ក្នុង​មួយឆ្នាំ​។ ចំណុច​ទី​២ ការវិភាគ​របស់​ធនា​គារ​ពិភពលោក ថា នឹង​ប៉ោង​ជាដើម​នេះ ខ្ញុំ​គិតថា ការ​និទស្សន៍​នេះ គ្រាន់តែ​ជាការ​បារម្ភ​។ ខ្ញុំ​ដើរ​លើ​វិស័យនេះ​ជាង​១០​ឆ្នាំ​មកហើយ  យើង​ឃើញ​និកម្ម​នៃ​វិស័យនេះ មាន​បញ្ហា​១០​ឆ្នាំ​ម្តង​។ ២០០៨ មកដល់​ពេល​២០១៩​នេះ មាន​រយៈពេល​១១​ឆ្នាំ ដូច្នេះ វា​មិន​ស្ថិត​លើក​ម្ម​នៃ​ប្រវត្តិសាស្ត្រ​នោះទេ វា​ស្ថិត​លើ​ការកែច្នៃ និង​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ទៅវិញ​ទេ ដែល​ធ្វើ​ឲ្យ​អ្វីៗ​ទាំងអស់ មាន​ដើរ បង្អង់ មាន​ឈប់ ឬ​មាន​ហក់​ឡើង​។ វា​គ្រាន់តែ​យើង​ធ្លាប់​ដើរ​លឿន ដល់ពេល​យើង​បន្ថយល្បឿន គេ​មើលឃើញថា​គាំង​។ ខ្វះ​អ្វី ដែល​គេ​និទស្សន៍​ថា មុនពេល​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត គឺ​បញ្ហា​វិស័យ​អចលនវត្ថុ​កម្ពុជា​មានការ​គាំង និង​រាំងស្ទះ​ជាដើម តែ​ធាតុពិត​មិនមាន​ទេ​។ តែ​យើង​មើល​សញ្ញា បើ​ធនាគារ​ទាំងអស់ មិន​ផ្តល់​ឥណទាន​ដល់​វិស័យ​សំណង់ នោះ​ទើប​ជា​បញ្ហា​។ អ៊ីចឹង​ប្រជាជន​កម្ពុជា កំពុងមាន​តម្រូវការ​លំ​ដ្ឋា​ន​នៅក្នុង​ទីក្រុង​ភ្នំពេញ​មួយឆ្នាំ យ៉ាងហោចណាស់​ពី​៥​ពាន់​ទៅ​១​ម៉ឺន​ខ្នង ទាំង​លំដាប់​ទាប លំដាប់​ធ​ម្យ​ម និង​លំដាប់​ខ្ពស់​។ ដូច្នេះ ការផ្គត់ផ្គង់​បច្ចុប្បន្ននេះ មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។ តែ​គាត់​ថា​ប៉ោង​ហ្នឹង គឺពាក់ព័ន្ធ​តែ​អគារ​ខ្ពស់​ទេ ដូចជា​ការសាងសង់​ខុន​ដូរ​ជាដើម​។ គម្រោង​មាន​ច្រើន​នៅ​បច្ចុប្បន្ន​មែន តែ​សាងសង់​សម្រាប់​ផ្គត់ផ្គង់​ទៅ​អនាគត ដូច្នេះ បើ​ដាក់​ការបារម្ភ​បច្ចុប្បន្ន គឺ​មិនត្រូវ​ត្រឹមត្រូវ​។ ចំណែក​អគារ​សហកម្មសិទ្ធិ​រប​ស់​យើង ក៏​មិនទាន់មាន​ហា​នី​ភ័យ​ណា ដែល​គំរាមកំហែង​នោះទេ​។ 
 
​លោក រ៉ឹ​ម ភា​រី​៖ តើ​លោក នួន រិទ្ធី មើលឃើញ​ដូចម្តេច ចំពោះ​អនាគត​វិស័យ​សំណង់​នៅ​កម្ពុជា​?
 
​លោក នួន រិទ្ធី​៖ ខ្ញុំ​និទស្សន៍​ថា បើ​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សេដ្ឋកិច្ចកម្ពុជា​រឹងមាំ​ប៉ុណ្ណេះ ៥​ឆ្នាំ​ទៀត កម្ពុជា​នឹង​ក្លាយជា​សិង្ហ​បុរី​ទី​២ ព្រោះ​កម្ពុជា កំពុងមាន​គម្រោង​ជាច្រើន ហើយ​ប្រទេស​ជាច្រើន បាន​យក​កម្ពុជា​ជា​គោលដៅ​ក្នុងការ​អភិវឌ្ឍន៍​។ កម្ពុជា ជា​ប្រទេស​ក្នុងចំណោម​ប្រទេស​ដែល​បាន​ប្រយោជន៍​យ៉ាង​ធំ​បំផុត ពី​យុទ្ធសាស្ត្រ​វិថី​សូត្រ ដែល​ផ្តួចផ្តើម​ដោយ​ចិន​។  ដូច្នេះ កម្ពុ​ជាមាន​សក្តានុពល​ច្រើន ដោយមាន​ផែ​ទឹក ផែស្ងួត មាន​ដែនអាកាស​ធំ​ទូលាយ​។ លើសពីនេះ កម្ពុជា​បើក​ឲ្យ​មាន​ការហោះ​ត្រង់​ទៅ​សៀម​រាម និង​ខេត្ត​ព្រះសីហនុ ដើម្បី​សម្រួល​ដល់​អ្នកទេសចរ និង​អ្នកវិនិយោគ ដែល​ខុសពី​ប្រទេស​វៀតណាម ទាល់តែ​ហោះចូល​ក្រុង​ហូជីមិញ​សិន ទើប​ឲ្យ​ហោះ​ទៅ​ខេត្ត​ដទៃទៀត​៕        
 

Tag:
 សំណង់​
  នួន រិទ្ធី​
  អចលនទ្រព្យ​
  សំណង់​
  វិស័យ​សំណង់​
  ធនាគារ​
  ហិរញ្ញវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com