អន្តរជាតិ
វៀតណាម​-​អាមេរិក ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​កម្រិត​មួយ​ថ្មី​ទៀត
26, May 2019 , 7:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ព្រមព្រៀងគ្នា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ភាព​ដៃគូ​យុទ្ធសាស្ត្រ​ឲ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​មួយកម្រិត​ទៀត​។ ភាគី​ទាំងពីរ ក៏បាន​ប្តេជ្ញាចិត្ត​រួមគ្នា​ដើម្បី​បង្ហាញ​ពី​តួនាទី​ស្នូល​នៅក្នុង​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​កិច្ចការ​រក្សា​សណ្តាប់ធ្នាប់ និង​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​។​

 
​នា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ថ្ងៃ​២២-២៣ ឧសភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន លោក​រដ្ឋមន្ត្រីការបរទេស​វៀតណាម Phạm Bình Minh បាន​ចូលជួប​ពិភាក្សា​ជាមួយ​សម​ភាគី​អាមេរិក​លោក Mike Pompeo ដោយ​លោក បាន​អះអាងថា វៀតណាម ពិតជា​ផ្តល់​តម្លៃ​ខ្ពស់​លើ​ទំនាក់ទំនង​ជាមួយនឹង​អាមេរិក និង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការគោរព​ឯករាជ្យ​,​អធិបតេយ្យ និង​ប្រព័ន្ធ​នយោបាយ​គ្នា​ទៅវិញទៅមក​។​
 
​តាម​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម Vietnam News រដ្ឋមន្ត្រីការបរទេស​វៀតណាម​រូបនេះ បាន​ឲ្យ​ដឹងថា លោក ពិតជា​រីករាយ​ដែល​បានឃើញ​ការអភិវឌ្ឍ​យ៉ាង​វិជ្ជមាន​នៃ​ទំនាក់ទំនង​វៀតណាម​-​អាមេរិក​។ លោក គូសបញ្ជាក់ថា ភាគី​ទាំងពីរ មាន​សក្តានុពល​ខ្លាំង​លើ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ក្របខណ្ឌ​ទ្វេភាគី តំបន់ និង​លើ​ឆាក​អន្តរជាតិ ដែល​លក្ខខណ្ឌ​នេះ លោក ចង់​ឲ្យ​អាមេរិក​រក្សា​ស្ថិរភាព​ពាណិជ្ជកម្ម និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អប់រំ បច្ចេកវិទ្យា និង​វិស័យ​ការពារជាតិ​ជាមួយនឹង​វៀតណាម​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ភាគី​អាមេរិក ក៏បាន​កោតសរសើរ​ក្នុង​ទំនាក់ទំនង​ជាមួយនឹង​វៀតណាម និង​ថែមទាំង​ចង់​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ក្នុង​កម្រិត​មួយ​ថ្មី​ផងដែរ​។ តាមរយៈ​ជំនួប​នេះ អាមេរិក បានស្នើ​វៀតណាម​ធ្វើការ​ជាមួយគ្នា​ក្នុងការ​ពង្រឹង​ការផ្លាស់ប្តូរ​ប្រតិភូ​ជាន់ខ្ពស់ បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ក៏ដូចជា​គាំទ្រ​ដំណើរការ​ដោះស្រាយ​បញ្ហា​ដែល​សេសសល់​ក្រោយ​សង្គ្រាម​ផងដែរ​។ 
 
​ឆ្លៀតឱកាស​នោះ ភាគី​ទាំងពីរ ក៏បាន​ពន្លិច​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ជម្លោះ​រវាង​រដ្ឋ​អាស៊ាន​រួមទាំង​វៀតណាម​នោះ ជាមួយនឹង​ចិន ដោយ​ភាគី​ទាំងពីរ ចង់​ឲ្យ​រដ្ឋ​ពាក់ព័ន្ធ​យក​ច្បាប់​អន្តរជាតិ​មក​ដោះស្រាយ ខណៈ​អាមេរិក ក៏បាន​សន្យា​ជាមួយនឹង​វៀតណាម ក្នុងការ​ដើរតួនាទី​ស្នូល​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ពី​ស្ថិរភាព សន្តិភាព និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់​នេះ​។ 
 
​គួរ​ជម្រាប​បន្តិច​ថា វៀតណាម និង​អាមេរិក គឺជា​អតីត​គូបដិបក្ខ​នឹង​គ្នា​នៅក្នុង​អំឡុង​សង្គ្រាម​វៀតណាម​ក្នុងសម័យ​សង្គ្រាមត្រជាក់​។ ក៏ប៉ុន្តែ​គិត​ចាប់ពី​ឆ្នាំ​១៩៨៦ ដែលជា​ពេល​វៀតណាម ចាប់ផ្តើម​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច និង​បើកចំហ​សម្រាប់​ការធ្វើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ប្រទេស ភាគី​ទាំងពីរ ចាប់ផ្តើម​ងាក​រកគ្នា​ឆ្នាំ ១៩៩៥ រហូតដល់​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ និង​ដៃគូ​ដ៏​មាន​សក្តានុពល​ទាំង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ​៕ 

Tag:
 វៀតណាម​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com