ជាតិ
រដ្ឋាភិបាលជប៉ុននឹងផ្ដល់ជំនួយជិត ៥លានដុល្លារ នៅពេលសម្ដេច ហ៊ុន សែន ទៅជប៉ុនចុងខែនេះ
× ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមសន្និសីទអន្តរជាតិលើកទី២៥ស្ដីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀតនៅទីក្រុងតូក្យូ ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងសន្និសីទខាងលើនេះ សម្ដេចនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាគន្លឹះលើមូលបទរបស់សន្និសីទ«ការស្វែងរកសណ្ដាប់ធ្នាប់ពិភពលោកថ្មី-ការជម្នះភាពវឹកវរ» ព្រមទាំងចែករំលែកទស្សនៈវិស័យ លើបរិបទសកលលោកបច្ចុប្បន្ន មាគ៌ាឆ្ពោះទៅមុខ និងការប្ដេជ្ញាចិត្តនិងរួមចំណែករបស់កម្ពុជា ក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និងវិបុលភាពរួមនៅតំបន់អាស៊ី-បាស៊ីហ្វិក និងក្នុងពិភពលោក។
បន្ទាប់ពីសន្និសីទនេះ សម្ដេច ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ដើម្បីពិភាក្សាបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។ នាឱកាសនោះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតផ្លាស់ប្ដូរសារព្រមព្រៀង ស្ដីពីការផ្ដល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍កម្ពុជាចំនួន២ ។ ទី១ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម-សាងសង់ស្ថានីយកុងតេន័រ ក្នុងទឹកប្រាក់ ២០០លានយ៉េន (ប្រហែល១,៨លានដុល្លារ) និងទី២ គម្រោងអាហារូបការណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េន ( ៣,១លានដុល្លារ)។
អំឡុងពេលទស្សនកិច្ចនេះ សម្ដេច ហ៊ុន សែន ក៏នឹងទទួលជួបតំណាងក្រុមហ៊ុនជាច្រើនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com