ជាតិ
សុខភាព
ក្រសួងសុខាភិបាល ប្រាប់​ឲ្យ​ប្រយ័ត្ន​ជំងឺឆ្លង​៧​មុខ ក្នុង​រដូវវស្សា
26, May 2019 , 9:39 pm        
រូបភាព
​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​(CDC) បាន​អំពាវនាវ​ពលរដ្ឋ​ប្រយ័ត្ន​ជំងឺឆ្លង​៧​មុខ នៅក្នុង​រដូវវស្សា ដែល​បាន​ឈាន​មកដល់​នេះ​។​

 
​ជំងឺ​៧​មុខ ដែល​ក្រសួងសុខាភិបាល ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន និង​បង្ការ​នោះ​រួមមាន ជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនផ្ដាសាយ គ្រុនក្ដៅ ជំងឺ​ចំលង​ពី​ចំណីអាហារ​និង​ទឹក ជំងឺ​អាសន្នរោគ និង​ជំងឺ​លិ​ប​តូ​។ ជំងឺ​ទាំងនេះ តែងតែ​កើត​ឡើងជា​ញឹកញយ​នៅ​រដូវវស្សា ជាពិសេស​ពេល​មាន​លិច​ទឹក ដែល​វា​ងាយ​នឹង​ចំលង​ពី​ទឹកនោម​សត្វ​កណ្ដុរ​។ ចំពោះ​រោគសញ្ញា​នៃ​ជំងឺ​មាន​លក្ខណៈ​គ្រុនក្ដៅ ឈឺក្បាល ឈឺ​សាច់ដុំ ក្អូ​ត លឿង​ស្បែក ក្រហម​ភ្នែក ឈឺពោះ កន្ទួល​លើ​ស្បែក​។ បើសិន​ព្យាបាល​មិនបាន​ត្រឹមត្រូវ​ទេ វា​អាច​វិ​វត្ត​ទៅជា​ខូច​តម្រងនោម ថ្លើម រលាក​ស្រោមខួរ និង​វិបត្តិ​ដង្ហើម​។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​(CDC)​។​
 
​ដើម្បី​ការពារ​សុខភាព​ពេលរ​ដូ​វ​ភ្លៀង ប្រជាពលរដ្ឋ​ត្រូវអនុវត្ត​វិធានការ​ដូចជា រក្សា​អាវ​ភ្លៀង ឆ័​ត្រ និង​ស្បែកជើង​លុយ​ទឹក ជាប់​ខ្លួន​ជានិច្ច​។ ត្រូវ​ងូតទឹក​ក្រោយពី​ត្រូវ​ទឹកភ្លៀង និង​ផឹកទឹក​ក្ដៅ ទឹក​ស៊ុប ឬ​ទឹកដោះគោ​ក្ដៅ​។ 
 
​បើតាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ពលរដ្ឋ​ទាំងអស់​ត្រូវ​អនាម័យ​ខ្លួនប្រាណ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹក​, បំបាត់​ដង្កូវទឹក​និង​ជម្រក​មូស​។ ត្រូវ​ផឹកទឹក​ឲ្យ​បាន​ច្រើន យ៉ាងតិច​២​លីត្រ​ក្នុង​១​ថ្ងៃ ដោយ​មិនត្រូវ​រង់ចាំ​រហូតដល់​ស្រេកទឹក​ខ្លាំង​ឡើយ​។ ចំពោះ​ការបរិភោគ​អាហារ គឺ​ត្រូវ​បរិភោគ​អាហារ​ប្រកបដោយ​ជីវជាតិ អនាម័យ និង​ចៀសវាង​បរិភោគ​ក្រោម​ដំណក់ទឹកភ្លៀង​។ ប្រជាពលរដ្ឋ​គួរតែ​បរិភោគ​អាហារ​សំបូរ​វីតាមីន​សេ​(C) ត្របែក ល្ហុង​ទុំ ចេកទុំ ក្រូចពោធិ៍សាត់ ស្ត្រូ​បឺ​រី​(Strawberries) បន្លែ​ព័​ណ៍​បៃតងចាស់​ដូចជា​(​ផ្ទី ស្លឹក​ងប់ ស្លឹក​បាស ខាត់ណា សណ្ដែក​គួ និង​ប៉េងប៉ោះ​ជាដើម​៕
 

Tag:
 ​រដូវវស្សា​
  ជំងឺឆ្លង​
  វិធី​បង្ការ​
© រក្សាសិទ្ធិដោយ thmeythmey.com