អន្តរជាតិ
UN ស្នើ​អន្តរជាតិ​ឲ្យ​ទុក​កងទ័ព​មី​យ៉ាន់​ម៉ា​ឲ្យ​ឯកោ និង​កាត់ទោស​មន្ត្រីជាន់ខ្ពស់​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​
26, May 2019 , 9:59 pm        
រូបភាព
ដោយ:
​ក្រុម​អ្នកជំនាញ​អង្គការសហប្រជាជាតិ បាន​រកឃើញ​ពី​មូលហេតុ​មួយចំនួន​ពាក់ព័ន្ធ​សកម្មភាព​របស់​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​ពីក្រោយ​នៃ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​។ ក្រុម​អ្នកជំនាញ បានផ្តល់​អនុសាសន៍ និង​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្អាក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាមួយនឹង​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​របស់​មី​យ៉ាន់​ម៉ា​ទៀតផង​។​


 
​ក្រុម​ស៊ើបអង្កេត​លើ​ស្ថានភាព​មី​យ៉ាន់​ម៉ា​របស់​អង្គការសហប្រជាជាតិ​នៅ​សប្តាហ៍​មុន បាន​បើក​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​១០​ថ្ងៃ ទៅកាន់​បណ្តា​ប្រទេស​ជុំវិញ​មី​យ៉ាន់​ម៉ា​ដើម្បី​ស្វែងរក​ការពិត​ពាក់ព័ន្ធ​នឹង​រឿង​ពីក្រោយ​នៃ​ស្ថានភាព​អសន្តិសុខ និង​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​របស់​មី​យ៉ាន់​ម៉ា​។  ក្រុម​នេះ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលទៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ឡើយ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Jakarta Post ប្រធាន​ក្រុម​បេសកកម្ម​ស្វែងរក​ការពិត​របស់​អង្គការសហប្រជាជាតិ លោក Marzuki Darusman បាន​ថ្លែង​ឲ្យ​ដឹងថា វិបត្តិ​ជនភៀសខ្លួន តម្រូវ​ឲ្យ​មាន​វិធានការ​ចាំបាច់ និង​ជាក់លាក់ ដ្បិត​កន្លងមក មី​យ៉ាន់​ម៉ា បាន​ប្រឹងប្រែង​តិចតួច​បំផុត​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​លើ​ស្ថានភាព​នៅក្នុង​ប្រទេស ពោលគឺ​ស្ថានភាព​ជារួម នៅ​ស្ងៀម​ទ្រឹង​តែម្តង​។ 
 
​ខណៈដែល​របាយការណ៍​របស់​អង្គការ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស បាន​អះអាង​ពី​ការរត់​ភៀសខ្លួន​របស់​ពលរដ្ឋ​ជាង ៧០ ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ក្រុម​អ្នកស៊ើប​អង្កេត បានបញ្ជាក់​ជាថ្មី​ថា ទាំង​ភាគី​យោធា និង​ស៊ីវិល​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា នៅតែ​បន្ត​បដិសេធ​ព្រឹត្តិការណ៍​នេះ និង​មិន​ទទួលស្គាល់​ចំណាត់ការ​តាមច្បាប់​អន្តរជាតិ​ទៀតផង​។
 
​តាម​ការគូសបញ្ជាក់រ​បស់​ក្រុម​អ្នកស្វែងរក​ការពិត​ដដែល​នេះ ចម្លើយ​ដែល​បានមក​ការជួប​សម្ភាសន៍​ជាមួយនឹង​រងគ្រោះ ដែល​បាន​ភៀសខ្លួន​ទៅដល់​ទាំង​បង់​ក្លា​ដែ​ស ម៉ាឡេស៊ី ថៃ និង​ឥណ្ឌូណេស៊ី បាន​បង្ហាញថា ក្រុម​យោធា​មី​យ៉ាន់​ម៉ា បាន​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ដង​ប្រឆាំង​ទៅលើ​ក្រុម​ជនជាតិភាគតិច​ជាច្រើន​ក្រុម​ក្នុង​ទម្រង់​ស្រដៀងៗ​គ្នា​។ សក្ខីកម្ម​នេះហើយ ដែល​ក្រុម​អ្នកស៊ើប​អង្កេត​នេះ ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តាច់​គ្រប់​ជំនួយ និង​ការគាំទ្រ​ផ្សេងៗ​ទៅកាន់​កងទ័ព​មី​យ៉ាន់​ម៉ា និង​កាត់ទោស​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​របស់​ប្រទេស​ទៀតផង​។ 
 
​គួរ​ជម្រាប​បន្តិច​ផងដែរ​ថា ករណី​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​នេះដែរ ក៏បាន​ទៅដល់​តុ​ពិភាក្សា​របស់​អង្គការសហប្រជាជាតិ​រួចហើយ​ដែរ ក៏ប៉ុន្តែ​ពន្លឺ​នៃ​ដំណោះស្រាយ នៅតែ​មិនទាន់មាន ខណៈ​បញ្ហា​ជាច្រើន ត្រូវបាន​រាយការណ៍​ថា បានកើត​ឡើងទៅ​លើ​ជនភៀសខ្លួន​ទាំងនោះ​។ ករណីនេះ​ផងដែរ ក៏​កំពុង​ស្ថិតក្រោម​ការពិនិត្យ និង​វាយតម្លៃ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផងដែរ​៕ 
 

Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com