អន្តរជាតិ
អាជីវកម្ម​នានា​ប្រឈមមុខ​នឹង​ផលប៉ះពាល់​មិន​ច្បាស់លាស់​ពី​ការជាប់គាំង​ផ្នែក​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​
26, May 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ខណៈពេលដែល​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​បន្ត​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម ដែល​បាន​ពង្រីក​ខ្លួន​ពី​ជម្លោះ​លើ​កម្មសិទ្ធិបញ្ញា និង​ការ​ប្រជែង​ទីផ្សារ ទៅដល់​បញ្ហា​សន្តិសុខ​ជាតិ​សំខាន់ៗ អាជីវកម្ម​នានា​ទូទាំង​ពិភពលោក កំពុងតែ​ប្រឈមមុខ​នឹង​ភាពមិនប្រាកដប្រជា​កាន់​តែ​ខ្លាំង​ឡើង​។​

 
​កាលពី​សប្ដាហ៍​មុន​គឺ​ពោរពេញ​ទៅដោយ​ការចរចា​ម្ដង​ហើយ​ម្ដងទៀត ការប្រកួតប្រជែង និង​ពេលខ្លះ​គឺ​ការចេញ​សេចក្ដីថ្លែងការណ៍​តតាំង​ដាក់គ្នា​ពី​សំណាក់​មន្ត្រី​សេត​វិមាន ក៏ដូចជា​បង្កើត​ឲ្យ​មាន​ស្ថានភាព​ភាន់ច្រឡំ​សម្រាប់​អាជីវកម្ម​នានា​ផងដែរ​។​
 
​ហើយ​ក្ដីសង្ឃឹម​ដែលថា​ជំនួប​ដោយឡែក​មួយ​រវាង​លោក​ប្រធានាធិបតី​អាមេរិក Donald Trump និង​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​កិច្ចប្រជុំ​កំពូល G-20 នៅ​ខែក្រោយ នឹង​នាំមក​នូវ​ដំណោះស្រាយ​ដល់​ជម្លោះ​ពាណិជ្ជ​កម្មនេះ ត្រូវបាន​បង្អាក់​ដោយ​លោក Gao Feng រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ចិន ដោយ​លោក​បាន​ថ្លែង​ក្នុង​ភាសា​ចិន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​បើសិនជា​អាមេរិក​ចង់​បន្ត​ការចរចា អាមេរិក​គួរតែ​រក្សា​ភាពស្មោះត្រង់ និង​កែប្រែ​សកម្មភាព​ខុសឆ្គង​រប​ស់​ខ្លួន ទើប​អាច​បន្ត​ការចរចា​បាន​»​។ នេះ​បើ​យោងតាម​ការបកប្រែ​រប​ស់​ស្ថាប័ន​សារព័ត៌មាន CNBC​។​
 
​លោក Goa បន្ថែមថា​៖ «​អាមេរិក​...​បង្ក្រាប​មកលើ​ក្រុមហ៊ុន​ចិន​មិនមែន​ត្រឹមតែ​ធ្វើ​ឲ្យ​ខូចខាត​ដល់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​នោះទេ ប៉ុន្តែ​វា​ថែមទាំង​បង្កើត​ឲ្យ​មានការ​គំរាមកំហែង​ដល់​សន្តិសុខ​នៃ​ខ្សែសង្វាក់​ឧស្សាហកម្ម និង​ការផ្គត់ផ្គង់​ជា​សកល​ផងដែរ​។ រដ្ឋាភិបាល​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​ទង្វើ​នេះ​។ យើង​នឹង​តាមដាន​ការវិវឌ្ឍ​នេះ​យ៉ាង​ដិតដល់ ក៏ដូចជា​ធ្វើការ​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់​»​។​
 
​ក្រុមហ៊ុន​មួយចំនួន​ក៏​ចង់​ត្រៀម «​លក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់​» ប៉ុន្តែ​មិន​ច្បាស់​ថា​ពួកគេ​គួរតែ​យ៉ាងដូចម្ដេច​ដោយសារតែ ស្ថានភាព​នៃ​ជម្លោះ​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពី ផ្លាស់ប្ដូរ​លឿន និង​មាន​ហានិភ័យ​ខ្ពស់​។​
 
​ឧទាហរណ៍ រដ្ឋបាល​របស់លោក​ប្រធានាធិបតី Trump បានចេញ​សេចក្ដីប្រកាស​មួយ​ថា ខ្លួន​នឹង​ហាមប្រាម​ការលក់​ចេញ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប ឲ្យ​ទៅ​ក្រុមហ៊ុន Huawei​ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន កាលពី​សប្ដាហ៍​មុន ដែល​នាំ​ឲ្យ​ក្រុមហ៊ុន Google ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដែលថា ក្រុមហ៊ុន Google នឹង​ឈប់​ផ្ដល់​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ខ្លួន​ឲ្យ​ទៅ​ក្រុមហ៊ុន Huawei ប្រើប្រាស់​នៅក្នុង​ស្មា​ត​ហ្វូ​ន​តទៅទៀត​។ ការណ៍​អាចធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Huawei​។​
 
​ប៉ុន្មាន​ថ្ងៃ​ក្រោយមក រដ្ឋបាល​របស់លោក Trump បានប្រកាស​ការ​ទុកពេល​ឲ្យ​រយៈ ៩០ ថ្ងៃ ដែល​ការណ៍​នេះ​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន Google កែប្រែ​សេចក្ដីថ្លែងការណ៍​ដើម​របស់ខ្លួន​មក​ថា ក្រុមហ៊ុន Google នឹងធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន Huawei ក្នុង​កម្រិត​មួយ​ដែលមាន​ដែន​កំណត់​ក្នុង​រយៈពេល ៩០ ថ្ងៃនេះ​។​
 
​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ក្រុមហ៊ុន Microsoft ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រតិបត្តិការ​អាជីវកម្ម​មួយចំនួន​ដល់​ក្រុមហ៊ុន Huawei ក៏បាន​ប្រកាសថា ពួកគេ​នឹង​បញ្ឈប់​ការធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com