ជាតិ
ក្រសួងពាណិជ្ជកម្ម រុះរើស្លាកយីហោរបស់អាជីវករចិន២កន្លែងនៅព្រះសីហនុ
× ភ្នំពេញ៖ ស្លាកយីហោអាជីវកម្មរបស់ជនជាតិចិនចំនួន២ទីតាំងនៅខេត្តព្រះសីហនុ ត្រូវបានមន្ត្រីក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន ចុះរុះរើ ព្រោះប្រើប្រាស់អក្ខរាវិរុទ្ធខ្មែរមិនត្រឹមត្រូវ។
លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះរុះរើស្លាកយីហោអាជីវកម្មជនជាតិចិនចំនួនពីរទីតាំង ដែលទី១ គឺហាងលក់សម្លៀកបំពាក់ឈ្មោះថា«ក្មេងស្រីជនជាតិចិន» និងទី២គឺហាងលក់ម្ហូបឈ្មោះថា«តូបលក់សាច់កម្ពុជា»។
បើតាមព័ត៌មានផ្សព្វផ្សាយលើហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម ហាងទាំងពីរនេះ បើកដំណើរការដោយគ្មានច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីមន្ទីរពាណិជ្ជកម្មខេត្ត និងការអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធផ្សេងទៀតឡើយ។
បន្ទាប់ពីរុះរើស្លាកហើយនោះ លោក វ៉េង សុធី ដែលជាអ្នកដឹកនាំប្រតិបត្តិការនេះ បានណែនាំដល់ម្ចាស់អាជីវកម្មទាំងនោះឲ្យបំពេញលក្ខខណ្ឌបី ដោយត្រូប្រើប្រាស់អក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវ ត្រូវសុំច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ និងត្រូវដាក់ពាក្យសុំលើកស្លាកយីហោ នៅច្រកចេញចូលតែមួយរបស់សាលារាជធានី ឬខេត្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com