ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន ទៅចូលរួមសន្និបាត UN-ESCAP នៅប្រទេសថៃ
× ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ឧសភានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ នៅទីក្រុងបាងកក ប្រទេសថៃ។
សន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ ធ្វើឡើងក្រោមប្រធានបទ «ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។
គោលបំណងនៃសន្និបាតនេះ គឺដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍ការងារដែល UN-ESCAP និងរដ្ឋជាសមាជិកបានអនុវត្តក្នុងឆ្នាំ២០១៨ និងអនុម័តលើផែនការ ព្រមទាំងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗទៀត ដែលបានស្នើឡើងដោយ UN-ESCAP និងរដ្ឋជាសមាជិកសម្រាប់ឆ្នាំ២០១៩។ របាយការណ៍ និងផែនការសកម្មភាពទាំងនោះនឹងដាក់ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិ (ECOSOC) និងអង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ នៅក្នុងអំឡុងខែកញ្ញា នៅបូរីញូយ៉ក។
សន្និបាតប្រចាំឆ្នាំនេះ នឹងមានការយាងចូលរួមពីម្ចាស់ក្សត្រី មហាចក្រី សិរិនថន និងថ្នាកដឹកនាំរដ្ឋជាសមាជិកចំនួន ៥៣ប្រទេស និងរដ្ឋសង្កេតការណ៍ចំនួន ៩រដ្ឋ នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក ។ ជាមួយគ្នានេះ ក៏មានតំណាងស្ថាប័នសំខាន់ៗរបស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនជាច្រើនទៀត ចូលរួមផងដែរ៕
Tag:
ហ៊ុន សែន
UN-ESCAP
ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com