អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទស្សនកិច្ច​ផ្លូវរដ្ឋ​លោក ត្រាំ ៖ ជប៉ុន​យកចិត្ត​អាមេរិក​ដើម្បី​ឲ្យ​បន្ធូរដៃ​ក្នុង​បញ្ហា​ពាណិជ្ជកម្ម​?
27, May 2019 , 9:50 am        
រូបភាព
ប្រធានាធិបតីអាមេរិក-ដូណាល់-ត្រាំ-ត្រួតពលកងកិត្តិយសជប៉ុននៅឯរាជវាំងទីក្រុងតូក្យូ។-រូបភាព-AFP
ប្រធានាធិបតីអាមេរិក-ដូណាល់-ត្រាំ-ត្រួតពលកងកិត្តិយសជប៉ុននៅឯរាជវាំងទីក្រុងតូក្យូ។-រូបភាព-AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ជំទាវ​ទីមួយ មេ​ឡា​នៀ កំពុងធ្វើដំណើរ​ទស្សន​កិច្ច​ផ្លូវរដ្ឋ​បូ​ន​ថ្ងៃ​នៅ​ជប៉ុន​។ ទៅដល់​ទីក្រុង​តូ​ក្យូ​តាំងពី​ថ្ងៃទី​២៥ ខែឧសភា លោក ត្រាំ និង​ភរិយា​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ និង​ភរិយា ហើយ​បាន​ចំណាយពេល​ជា​លក្ខណៈ​ឯកជន​ជាច្រើន ដែល​បង្ហាញ​ពី​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ដ៏​ល្អ​។ ជប៉ុន បានរៀបចំ​ស្វាគមន៍​លោក ត្រាំ យ៉ាង​រាក់ទាក់​បំផុត​ក្នុងនាម​ជា​ភ្ញៀវ​បរទេស​ទីមួយ​នៃ​សករាជ Reiwa ប៉ុន្តែ​បញ្ហា​ពាណិជ្ជ​កម្មបាន​គ្របដណ្ដប់​ទស្សនកិច្ច​នេះ​។​

 
​ជប៉ុន​កំពុង​ប្រើប្រាស់​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដើម្បី​យកចិត្ត​អាមេរិក​ឲ្យ​បន្ធូរដៃ​ក្នុង​បញ្ហា​ពាណិជ្ជកម្ម​ទ្វេភាគី​? ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ក្លាយជា​មេដឹកនាំ​បរទេស​ដំបូង​គេ​ដែល​ចូលគាល់​អធិរាជ​ថ្មី ណា​រុ​ហ៊ី​តុ ដែល​ទើប​ឡើងគ្រងរាជ្យសម្បត្តិ​បាន​រយៈពេល​២៧​ថ្ងៃ​ប៉ុណ្ណោះ​។ នេះ​ជា​អ្វីដែល​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ រំពឹងថា នឹង​អាចជួយ​សម្រាល​ស្ថានការណ៍​ពាណិជ្ជកម្ម​ទ្វេភាគី​។​
 
​នៅ​ថ្ងៃទី​២៧ ខែឧសភា អធិរាជ ណា​រុ​ហ៊ី​តុ និង​អធិរាជ​នី ម៉ាសា​កុ បានរៀបចំ​ពិធី​ស្វាគមន៍​ដ៏​អធិកអធម​មួយ​សម្រាប់​ភ្ញៀវ​ពិសេស គឺ​លោក ត្រាំ និង​ស្ត្រី​ទីមួយ មេ​ឡា​នី នៅឯ​រាជវាំង​ទីក្រុង​តូ​ក្យូ​។ លោក ត្រាំ ចាត់ទុក​ជំនួប​ជាមួយ​អធិរាជ​ជប៉ុន ជា​ព្រឹ​ត្ត​ការណ៍​ដ៏​សំខាន់​ព្រោះ​វា​កើតឡើង​ក្រោយ​ប្រវត្តិសាស្ត្រ​បាន​ចារ​នៅ​ជប៉ុន​ដែល​អធិរាជ​ដាក់​រាជ្យ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ពីរ​រយ​ឆ្នាំ​។ មេដឹកនាំ​អាមេរិក​អះអាងថា វា​ជា​កិត្តិយស​សម្រាប់​លោក​ដែល​តំណាង​ប្រជាជន​អាមេរិក​ជួប​អធិរាជ​ថ្មី​។​
 
​មុន​ចូលគាល់​អធិរាជ​ថ្មី លោក ត្រាំ បាន​ចំណាយពេល​មួយ​ថ្ងៃទី​២៦ ខែឧសភា ជាមួយ​លោក អា​បេ ហើយ​គេ​មើលឃើញ​ពី​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ស្អិតល្មួត​រវាង​មេដឹកនាំ​ទាំងពីរ​នេះ​។ លោក ត្រាំ និង​លោក អា​បេ បាន​លេង​កីឡា​ហ្គោល​ជាមួយគ្នា មុន​ទៅ​ទស្សនាការ​ប្រកួត​ស៊ូ​មូ ដែលជា​កីឡា​ប្រពៃណី​ជប៉ុន ហើយ​បានទទួល​អាហារ​ជាមួយគ្នា​ផង​។ ក្រោយ​ជំនួប​នៅ​រាជវាំង ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្ត្រី នឹង​ចរចា​គ្នា​ផ្លូវការ​លើ​បញ្ហាសំខាន់ៗ ពិសេស​ពាណិជ្ជកម្ម​។ 
 
​ការ​យកចិត្តយកថ្លើម​ភ្ញៀវ​ពិសេស​នេះ ទំនងជា​ការព្យាយាមរ​បស់​ជប៉ុន​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​អាមេរិក​បន្ធូរដៃ​ក្នុង​ការចរចា​ដោះស្រាយ​ពាណិជ្ជកម្ម​។ ប៉ុន្តែ​លោក ត្រាំ នឹងមិន​ត្រូវបាន​អូសទាញ​ដោយ​ងាយ​ឡើយ​។ គ្រាន់តែ​ទៅដល់​ជប៉ុន​ភ្លាម​នៅ​ថ្ងៃទី​២៥ ខែឧសភា លោក ត្រាំ បាន​រិះគន់​ភ្លាម​ឱនភាព​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ជប៉ុន ហើយក៏​ប្រកាសថា នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​យុត្តិធម៌​ជាង​មុន​បន្តិច​។ 
 
​មួយថ្ងៃ​ក្រោយ ប្រមុខរដ្ឋ​អាមេរិក​រូបនេះ បាន​បន្ទន់​សម្ដី​បន្តិច​វិញ​។ ក្រោយ​លេង​កីឡា​ហ្គោល​ជាមួយ​លោក អា​បេ មក លោក ត្រាំ លើកឡើងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន អាច​ពន្យារ​ដល់​ខែកក្កដា បន្ទាប់ពី​ការបោះឆ្នោត​ព្រឹទ្ធសភា​ជប៉ុន​រួចរាល់​សិន​។ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ជប៉ុន Toshimitsu Motegi និយាយថា ភាគី​ទាំងពីរ​ទំនង​មិនអាច​សម្រេច​កិច្ចព្រមព្រៀង​អ្វី​ឡើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ ព្រោះ​ភាពខុសគ្នា​នៅមាន​ច្រើន​។​
 
​ជា​ផ្នែក​មួយ​នៃ​វិធានការ​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ប្រឈមមុខ​នឹង​អ្វីដែល​លោក ត្រាំ ចាត់ទុកជា​កេងចំណេញ​របស់​ជប៉ុន រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន​ក៏​លើក​គំនិត​ដាក់​ពន្ធ​នាំចូល​លើ​រថយន្ត​ជប៉ុន ហើយ​ឲ្យ​ជប៉ុន​បើកទ្វារ​ទទួលយក​ទំនិញ​អាមេរិក​ឲ្យ​បាន​ច្រើន​។ ទិន្នន័យ​របស់​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​បង្ហាញថា ក្នុង​ឆ្នាំ​២០១៨ ឱនភាព​ពាណិជ្ជកម្មរ​វាង​ជប៉ុន និង​អាមេរិក​លើ​វិស័យ​ទំនិញ និង​សេវាកម្ម​មាន​ដល់​ទៅ​៥៦,៨​ពាន់​លាន​ដុល្លារ​ឯណោះ​។ នេះ​ជា​អ្វី​ដែ​លោក ត្រាំ មិន​ពេញចិត្ត​៕
 

Tag:
 អាមេរិក​
  ជប៉ុន​
  ដូ​ណា​ល់ ត្រាំ​
  ស៊ីន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com