កីឡាអន្តរជាតិ
អន្តរជាតិ
បងជីដូនមួយម្ចាស់ក្លិប Man City ព្រមព្រៀងលើតម្លៃទិញយកក្លិប Newcastle ហើយ
×
លោក Mike Ashley បានយល់ព្រមលក់ក្លិប Newcastle United ទៅឲ្យសេដ្ឋីអារ៉ាប់លោក Sheikh Khaled bin Zayed Al Nehayan អាយុ៦១ឆ្នាំ ក្នុងតម្លៃ ៣៥០លានផោន (៤៤៥លានដុល្លារអាមេរិក)។ នេះបើតាមការផ្សាយរបស់សារព័ត៌មានអង់គ្លេស The Sun នៅថ្ងៃទី២៦ ខែឧសភា។
ប្រភពខាងលើបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងការទិញលក់រវាងលោក Ashley និង Sheikh Khaled បានឈានដល់ការបញ្ជូនឯកសារទៅកាន់ក្របខណ្ឌ Premier League ជាផ្លូវការហើយ។
កន្លងមក មហាសេដ្ឋីសញ្ជាតិអង់គ្លេស បានប្រកាសដាក់លក់ក្លិបសារិកាព្រៃក្នុងតម្លៃ ៤០០លានផោន ប្រហែល៥៣០លានដុល្លារ និងមានការដេញថ្លៃផងតាំងពីឆ្នាំ២០១៧មកម្លេះ។
លោក Ashley មានវ័យ៥៤ឆ្នាំ បច្ចុប្បន្នមានទ្រព្យរហូតដល់ ២.៩ពាន់លានដុល្លារ បានចំណាយប្រាក់១៣០លានផោន ប្រមាណ ១៧២លានដុល្លារទិញយកក្លិបក្នុងក្របខណ្ឌ Premier League មួយនេះ ពោលគឺរយៈពេល១២ឆ្នាំមកហើយចាប់តាំងពីឆ្នាំ២០០៧មក។ ក្រោមការកាន់កាប់របស់លោករយៈពេលជាងមួយទសវត្សរ៍មកនេះ Newcastle United ធ្លាប់ធ្លាក់ទៅកាន់លីកលំដាប់ទី២ Championship ២ដង។
ជុំវិញការដាក់លក់ក្លិបនេះ លោក Ashley ដែលជាអ្នកជំនួញសម្ភារកីឡាអង់គ្លេស Sports Direct International Plc ក៏ធ្លាប់លេចលឺថាមានអ្នកវិនិយោគចិនចាប់អារម្មណ៍ទិញយកក្លិបនេះផងដែរ។
លោក Sheikh Khaled ដែលយល់ព្រមទិញក្លិប Newcastle ក្នុងតម្លៃ ៤៤៥,២៤លានដុល្លារអាមេរិកនេះ គឺជាបងប្អូនជីដូនមួយជាមួយម្ចាស់ក្លិប Manchester City លោក Sheikh Mansour bin Zayed Al Nahyan មហាសេដ្ឋីសញ្ជាតិអេមីរ៉ាតអារ៉ាប់រួមដូចគ្នា។ Sheikh Khaled ក៏ធ្លាប់បរាជ័យក្នុងការដេញថ្លៃទិញក្លិបហង្សក្រហម Liverpool ដោយហ៊ានថ្លៃដល់ទៅ ២,៥៥ពាន់លានដុល្លារឯណោះកាលពីឆ្នាំមុន។
Newcastle ក្រោមការដឹកនាំរបស់លោក Rafael Benítez បញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី១៣ ក្នុងតារាង Premier League រដូវកាលនេះ ដោយរកបាន៤៥ពិន្ទុ ពីការប្រកួត៣៨លើក៕
Tag:
បាល់ទាត់
Newcastle United
Mike Ashley
Sheikh Khaled
© រក្សាសិទ្ធិដោយ thmeythmey.com