អន្តរជាតិ
ម៉ាឡេស៊ី រឹបអូស​ទូក​នេសាទ​វៀ​ត​ណា​ម​ខុសច្បាប់​៣​គ្រឿង និង​មនុស្ស​៣៣​នាក់​
27, May 2019 , 2:00 pm        
រូបភាព
ប្រភពរូប៖​ Reuters
ប្រភពរូប៖​ Reuters
ដោយ:
​អាជ្ញាធរ​ម៉ាឡេស៊ី បាន​ឃាត់ខ្លួន​អ្នកនេសាទ​វៀតណាម​៣៣​នាក់ និង​រឹបអូស​ទូក​នេសាទ​៣​គ្រឿង​។ ចំណាត់ការ​នេះ បាន​ធ្វើឡើង​ក្រោយពី​អាជ្ញាធរ​ម៉ាឡេស៊ី បាន​រកឃើញថា ក្រុម​អ្នកនេសាទ​វៀតណាម​ទាំងនេះ បានធ្វើ​សកម្មភាព​នេសាទ​ត្រី​ខុសច្បាប់​ក្នុង​ដែនទឹក​ខ្លួន​។

 
 
​ក្រោយពី​ទទួលដំណឹង​ថា ទូក​នេសាទ​វៀតណាម​៣​គ្រឿង​ដែលមាន​បំពាក់​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់ បាន​បើក​ចូល​ដែនទឹក​ម៉ាឡេស៊ី​ត្រង់​ឆ្នេរ​Sabah អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ចាត់​កម្លាំង​ភ្លាមៗ​ទៅ​ឃាត់​ទូក​ទាំងបី​នោះ​ទុក​។ ហេតុការណ៍​នេះដែរ បាន​កើតឡើង​កាលពីដើម​សប្តាហ៍​មុន​។ 
 
​យោងតាម​កាសែត​ម៉ាឡេស៊ី The Star ភ្នាក់ងារ​ដែនទឹក​ម៉ាឡេស៊ី (MMEA) បញ្ជាក់​ឲ្យ​ដឹងថា ក្រោយ​ចុះ​ឆែកឆេរ ទូក​នេសាទ​វៀតណាម​ទាំងនេះ ពុំមាន​អាជ្ញា​បណ្ណ​ដើម្បី​ប្រតិបត្តិការ​ក្នុង​ទឹក​ទឹក​ម៉ាឡេស៊ី​ឡើយ​។ ហើយ​អ្នកនេសាទ​ជនជាតិ​វៀតណាម​ទាំង​៣៣​នាក់​នោះ ដែលមាន​អាយុ​ចន្លោះ​ពី ១៦ ដល់ ៥៥​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ល្មើ​សនឹង​ច្បាប់​នេសាទ​របស់​ម៉ាឡេស៊ី​។ 
 
​ជុំវិញ​ការឈាន​ដល់​ការចាប់ខ្លួន​អ្នកនេសាទ​វៀតណាម​ទាំងនេះ អាជ្ញាធរ​ម៉ាឡេស៊ី អះអាងថា ពួកគេ បាន​រក្សា​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​អេកូ​សមុទ្រ​របស់​ប្រទេស​ម៉ាឡេស៊ី​។ ជាមួយគ្នានេះដែរ អាជ្ញាធរ​ម៉ាឡេស៊ី ក៏បាន​រកឃើញ​បរិមាណ​ត្រី​ដល់​ទៅ ៩០០​គីឡូក្រាម​ផងដែរ​ក្នុង​ទូក​នេសាទ​ទាំងបី​គ្រឿង​របស់​វៀតណាម​នេះ​។ 
 
​សូមបញ្ជាក់ថា អ្នកនេសាទ​វៀតណាម​ជាច្រើន ត្រូវបាន​ចាប់ខ្លួន​ក្នុង​ដែនទឹក​របស់​ប្រទេស​ជិត​ខាត​ខ្លួន​។ តួយ៉ាង ចាប់តាំងពី​ដើមឆ្នាំ​២០១៨​មក ទូក​នេសាទ​វៀតណាម​ខុសច្បាប់​ប្រមាណ ១០១​ករណី បានធ្វើ​សកម្មភាព​នៅក្នុង​ដែនទឹក​នៃ​បណ្តា​ប្រទេស​ដទៃ រួមមាន ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ជាដើម​។​
 
​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍​វៀតណាម ទូក​នេសាទ​វៀតណាម​សរុប​ចំនួន ១៦៣​គ្រឿង និង​អ្នកនេសាទ ១២៥៨​នាក់ ត្រូវបាន​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​សំណុំរឿង​ប្រតិបត្តិ​ការនេសាទ​ខុសច្បាប់​ក្នុង​ដែនទឹក​ប្រទេស​ដទៃ​៕ 
 

Tag:
 ម៉ាឡេស៊ី​
  វៀតណាម​
  ទូក​នេសាទ​ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com