កីឡាជាតិ
ជាតិ
​គ្រូ​វិសាខា​រិះគន់​អាជ្ញាកណ្តាល​ដែល​ផ្លុំ​កញ្ចែ​ពិន័យ​ពេល​ក្រុម​ខ្លួន​មានឱកាស​មាស​នៅមុខ​ទី​ការពារជាតិ​
27, May 2019 , 2:47 pm        
រូបភាព
លោក ឃួន វិរៈ (រុបក្នុងរង្វង់) និងសកម្មភាពប្រកួតរវាងកីឡាករវិសាខាជាមួយក្រសួងការពារជាតិ, រូបភាពពី CNCC
លោក ឃួន វិរៈ (រុបក្នុងរង្វង់) និងសកម្មភាពប្រកួតរវាងកីឡាករវិសាខាជាមួយក្រសួងការពារជាតិ, រូបភាពពី CNCC
ដោយ:
​គ្រូបង្វឹក​វិសាខា បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការពិន័យ​ក្រុម​វិសាខា​របស់​អាជ្ញាកណ្តាល ដែល​កាត់ក្តី​ការប្រកួត​រវាង​ក្រុម​វិសាខា​ជាមួយ​ក្រសួងការពារជាតិ​នា​ជំនួប​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។ លោក​យល់ថា គ្មាន​ចំណុច​ណា ដែល​ត្រូវ​ចាប់កំហុស​លើ​វិសាខា​ក្នុង​កាលៈទេសៈ​បាល់​កាល​នោះឡើយ​។ លោក​បាន​រិះគន់ថា អាជ្ញាកណ្តាល​រូបនេះ​ប្រើ​អារម្មណ៍​ច្រើនជាង ប្រើ​ភាពជា​អាជ្ញាកណ្តាល​ឯករាជ្យ​ក្នុងការ​កាត់ក្តី​។ តែ​យ៉ាងណា លោក មិនបាន​ប្តឹង​ជំទាស់​តវ៉ា​ពាក់ព័ន្ធ​បញ្ហា​នេះឡើយ​។

 
 
​គ្រូបង្វឹក​ក្រុម​វិសាខា​លោក ហុក សុ​ជីវ័ន កាលពី​ថ្ងៃទី​២៥ ឧសភា ពោលគឺ​ក្រោយ​ជំនួប​វិសាខា​ចាញ់​ក្រសួងការពារជាតិ ១-០ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក ដើម្បី​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ចំពោះ​អាជ្ញាកណ្តាល [​លោក ឃួន វីរៈ​] ដែល​បាន​ពិន័យ​លើ​ក្រុម​វិសាខា ទាំង​លោក​យល់ថា កូនក្រុម​មិនបាន​បង្កកំហុស​។ លោក​មើលឃើញថា ក្នុងការ​ប៉ះទង្គិច​ដែល​កីឡាករ អ៊ុំ វិចិត្រ លោ​តទៅ​ចាប់​បាល់​កាលណោះ គឺជា​កំហុស​របស់​កីឡាករ​ក្រសួងការពារជាតិ មិនមែន​កំហុស​របស់​វិសាខា​នោះទេ​។ ដូច្នេះ​គ្មាន​ហេតុផល​ណា​ដែល​អាជ្ញាកណ្តាល​រូបនេះ ត្រូវ​ផ្លំ​កញ្ចែ​ពិន័យ​លើ​ក្រុម​វិសាខា ហើយ​ផ្តល់​បាល់​ឲ្យ​ក្រសួងការពារជាតិ​ឡើយ​។ 
 
 
​ជាមួយ​ការបង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត លោក ហុក សុ​ជីវ័ន បាន​រិះគន់​លើ​ការកាត់ក្តី​របស់​អាជ្ញាក​ណ្តា​ល​រូបនេះ​ផងដែរ ដោយ​លោក​បានចាត់ទុក​ការពិន័យ​លើ​ក្រុម​វិសាខា​របស់​អាជ្ញាកណ្តាល ថា ជាការ​កាត់ក្តី​ប្រើ​អារម្មណ៍​ច្រើនជាង​ច្បាប់​។ តែ​យ៉ាងណា​ថ្នាក់ដឹកនាំ​ក្លិប​វិសាខា​រួមជាមួយ​គ្រូបង្វឹក​រូបនេះ មិន​បានដាក់​បណ្តឹងសុំ​តវ៉ា​ពាក់ព័ន្ធ​បញ្ហា​នេះឡើយ គ្រាន់តែ​ស្នើ​ឲ្យ​អាជ្ញាកណ្តាល​រូបនេះ កាត់ក្តី​ឲ្យ​យុត្តិធម៌​ឈរលើ​គោលការណ៍​អាជ្ញាកណ្តាល​ឯករាជ្យ​។  
 
«​រៀងរាល់ឆ្នាំ ខ្ញុំ​តែងតែ​មិន​និយាយ ហើយ​នៅតែ​មិន​និយាយ តែ​រាល់​ឆ្នាំ​ខ្ញុំ​ស្លាប់​ដោយសារ​តែមួយ​កញ្ចែ​រប​ស់​អ្នក កញ្ចែ​របស់​អ្នកមាន​តម្លៃ​ណាស់​ខ្ញុំ​នៅតែ​មិនអាច​និយាយ​មិនអាច​តវ៉ា តើ​អ្នកមាន​យកចិត្ត​ជា​តុលាការ​ឯករាជ្យ​ម្នាក់​មក​កាត់សេចក្តី​រឺទេ​? កម្រិត FIFA ល្មម​ឈប់​យកគំនិត​បុគ្គល​ម​ក​ធ្វើការ​ទៅ​លោក​។ ពួក​ខ្ញុំ​ខំប្រឹងប្រែង​ណាស់ កុំមក​បំផ្លាញ​ពួក​ខ្ញុំ​ដោយសារ​មួយ​កញ្ចែ​របស់​អ្នក​»​។ នេះ​ជាការ​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត និង​រិះគន់​របស់លោក ហុក សុ​ជីវ័ន​។​
 
​បញ្ហា​ដែល​នាំ​ឲ្យ​មានការ​រិះគន់​នេះ​បន្ទាប់ពី​លោក ឃួន វីរៈ បាន​ផ្លំ​កញ្ចែ​ពិន័យ​លើ​កីឡាករ Eliel da Cruz Guardiano របស់​វិសាខា​ទាំង​រូបគេ​មិនបាន​បង្កកំហុស​។ តាម​រូបភាព​វីដេអូ​ដែល​ថត​ដោយ​ទូរទស្សន៍ BTV អ្នកចាំទី អ៊ុំ វិចិត្រ របស់​ក្រសួងការពារជាតិ​លោត​ចាប់​បាល់ ក្រោយ​ការទា​ត់របស់​កីឡាករ ឆេង ម៉េង ហើយ​ទៅ​ប៉ះ​ខ្សែការពារ​ម្នាក់ទៀត​របស់​ក្រសួងការពារជាតិ ដែលមាន Eliel Da Cruz នៅក្បែរនោះ​។ ក្រោយ​ពិន័យ​ភ្លាមៗ​របស់លោក ឃួន វីរៈ ទាំង​គ្រូបង្វឹក និង​កីឡាករ​របស់​វិសាខា​បាននាំគ្នា​តវ៉ា តែ​ពុំមាន​ប្រសិទ្ធភាព​។​
 
 
​កាលពី​ចុងខែ​មេសា កន្លងមក លោក​អាជ្ញាកណ្តាល ឃួន វីរៈ ក៏​ទទួលរង​ការរិះគន់​ពី​សំណាក់​លោក​ប្រាក់ សុវណ្ណារ៉ា ក្រោយ​ដែល​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​របស់លោក​ប​ញ្ច​ប់​ក្នុង​លទ្ធផល​ស្មើ ២-២ ជាមួយ​សូល​ទី​ឡូ​អង្គរ​ផងដែរ​៕
 

Tag:
 ហុក សុ​ជីវ័ន​
  Cambodia League 2019
  ឃួន វីរៈ
© រក្សាសិទ្ធិដោយ thmeythmey.com