អន្តរជាតិ
ការព្យាយាម​ចោទប្រកាន់​លោក Donald Trump នាំ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​បាត់​ការគាំទ្រ​
27, May 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​តំ​ណា​រាស្ត្រ​អាមេរិក​កំពូល​ម្នាក់​នៃ​គណបក្ស​សាធារណរដ្ឋ បាន​ទស្សន៍ទាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​កាន់កាប់​សភា ព្យាយាម​ឱ្យមាន​ការចោទប្រកាន់​លោក​ប្រធានាធិបតី​អាមេរិក Donald Trump នោះ លោក​ប្រធានាធិបតី​នឹង​បាន​ជាប់​បោះឆ្នោត​មួយ​អាណត្តិ​ទៀត​នៅ​ឆ្នាំក្រោយ ហើយ​គណបក្ស​សាធារណរដ្ឋ​នឹងមាន​សំឡេង​ភាគច្រើន​កាន់កាប់​សភា​វិញ​។

 
 
​លោក Lindsey Graham សមាជិក​ព្រឹទ្ធសភា​រដ្ឋ South Carolina ដែលជា​សម្ព័ន្ធមិត្ត​រប​ស់លោក Trump បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ Fox News កាលពី​ថ្ងៃអាទិត្យ​ថា​ប្រសិនបើ​លោកស្រី Nancy Pelosi ជា​មេដឹកនាំ​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ អនុញ្ញាត​ឱ្យមាន​ចាប់ផ្តើម​ស៊ើបអង្កេត​ការចោទប្រកាន់​នោះ «​វា​នឹង​ក្លាយជា​ការធ្វើអត្តឃាត​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​»​។​
 
​លោក Graham បាន​និយាយថា «​ការងារ​របស់លោក​ស្រី Pelosi ស្ថិតនៅលើ​បន្ទាត់​កំណត់​មួយ​» ដោយ​អាស្រ័យ​ថា តើ​ជាយថាហេតុ អ្នកស្រី​អាច​បន្ទន់ចិត្ត​លើ​ការអនុញ្ញាតឱ្យ​បើកសវនាការ​ចោទប្រកាន់ ឬ​យ៉ាងណា​។​
 
​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​ជាង​៣០​នាក់ និង​តំណាងរាស្ត្រ​គណបក្ស​សាធារណរដ្ឋ​ម្នាក់​នៅក្នុង​សភា​មាន​៤៣៥​អាសនៈ បាន​អំពាវនាវ​ឱ្យមាន​សវនាការ​ចាប់ផ្តើម​ការចោទប្រកាន់​ប្រឆាំងនឹង​លោក Trump ដើម្បី​ពិចារណា​ថា តើ​លោក​បាន​រារាំង​យុត្តិធម៌​ដោយ​ការព្យាយាម​រារាំង​ការស៊ើបអង្កេត​របស់លោក Robert Mueller រដ្ឋអាជ្ញា​ពិសេស​ទាក់ទង​នឹង​ការ​លូកដៃ​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦​ដែល​លោក Trump បានឈ្នះ​នោះ​។​
 
​បើទោះបីជា​សភាតំណាងរាស្ត្រ​នេះ​សម្រេច​ចោទប្រកាន់​លោក Trump ក៏ដោយ ក៏​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ទំនងជា​នឹងមិន​ដក​លោក​ចេញពី​តំណែង​នោះទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com