ឥណ្ឌា​និង​ជប៉ុន រួមដៃគ្នា​បន្សាប​ឥទ្ធិពល​ចិន​នៅ​ស្រីលង្កា​
អន្តរជាតិ
ឥណ្ឌា​និង​ជប៉ុន រួមដៃគ្នា​បន្សាប​ឥទ្ធិពល​ចិន​នៅ​ស្រីលង្កា​
27, May 2019 , 8:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីឥណ្ឌា លោក  Narendra Modi ចាប់ដៃជាមួយសមភាគីជប៉ុន លោក Abe Shinzo ប្រភពរូប៖ AFP
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ចាប់ដៃជាមួយសមភាគីជប៉ុន លោក Abe Shinzo ប្រភពរូប៖ AFP
​រដ្ឋាភិបាល​ឥណ្ឌា និង​ជប៉ុន  បានសម្រេច​សហការ​ជាមួយ​ស្រីលង្កា  ដើម្បី​អភិវឌ្ឍ​កំពង់ផែ​យុទ្ធសាស្ត្រ​របស់​ក្រុង​កូឡុំបូ ដែល​គ្របដណ្តប់​ដោយ​លុយ​វិនិយោគ​យ៉ាង​ក្រាស់ក្រែល​របស់​ចិន តាមរយៈ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​វិថី​»​។ ការ​ចាប់ដៃគ្នា​ត្រីភាគី​នេះ មាន​គោលដៅ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ឥទ្ធិពល​ជាមួយ​ក្រុង​ប៉េកាំង ដែលមាន​ឈ្មោះ​ពុំសូវល្អ​ខាង​អូសទាញ​ប្រទេស​ដទៃ ជាពិសេស​បណ្តា​ប្រទេស​ក្រីក្រ​ស្រេកឃ្លាន​លុយ​កម្ចី​ឲ្យ​ធ្លាក់​ចូលក្នុង​អន្ទាក់​បំណុល​ខ្លួន​។

 
​ជាក់ស្តែង ក្រុង​ប៉េកាំង បាន​រឹបអូស​យក​កំពង់​យុទ្ធសាស្ត្រ Hambantota របស់​ស្រីលង្កា កាលពី​ពី​ឆ្នាំ​២០១៧ ដោយសារ​ប្រទេស​ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា​នេះ គ្មាន​លទ្ធភាព​សងបំណុល​ឲ្យ​ក្រុមហ៊ុន​រដ្ឋ​ចិន​។ ហេតុការណ៍​នេះហើយ បាន​បង្ក​ការព្រួយបារម្ភ​ទៅដល់​សមាគម៍​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​អ្វីដែល​ពួកគេ​លើកឡើងថា ជា​គោលនយោបាយ «​អន្ទាក់​បំណុល​» របស់​រដ្ឋាភិបាល​ចិន ក្រោមរូបភាព​គំនិត​ផ្តួ​ត​ផ្តើម «​វិថី និង​ខ្សែក្រវាត់​» ។ 
 
​យោងតាម​ប្រភព​រដ្ឋាភិបាល​ឥណ្ឌា ប្រទេស​ទាំងបី​នេះ គ្រោង​ចុះហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​នាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​សាងសង់​ស្ថានីយ៍​កុង​តេ​ន័​រ​ខាងកើត​នៅ​កំពង់ផែ​ទឹក​ជ្រៅ​របស់​ទីក្រុង​កូឡុំបូ ។ ផែនការ​សាងសង់​ដែល​គេ​ប៉ាន់​ស្មានថា មាន​ទំហំ​វិនិយោគ​ដល់​ទៅ ៥០០​លាន​ដុល្លារ​នេះ គ្រោង​ចាប់ផ្តើម​ប្រតិបត្តិការ​នា​ខែមីនា ឆ្នាំ​២០២០​ខាងមុខ​។​
 
​តាមរយៈ​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Sudarshana Gunawardana មន្ត្រី​នៃ​ការិយាល័យ​នាយករដ្ឋមន្ត្រី​ស្រីលង្កា បានបញ្ជាក់​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​នេះ កំពុងស្ថិត​ក្នុង​ដំណាក់​ការចរចា​នៅឡើយ​រវាង​ប្រទេស​ជប៉ុន ឥណ្ឌា និង​ស្រីលង្កា ។ ទាក់ទិន​នឹង​ផែនការ​នេះដែរ លោក Sudarshana បាន​បង្ហើប​ទៀតថា រដ្ឋាភិបាល​ស្រីលង្កា នឹង​កាន់កាប់​ចំណែក​ចំនួន ៥១​ភាគរយ ក្នុង​គម្រោង​សាងសង់​ស្ថានីយ៍​កុង​តេ​ន័​រ​ក្នុង​កំពង់ផែ​យុទ្ធសាស្ត្រ​នេះ​។ 
 
​មែនទែនទៅ នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​រដ្ឋាភិបាល​ក្រុង​កូឡុំបូ បាន​បោះដៃ​សុំ​អន្តរាគមន៍​ពី​ជប៉ុន និង​ឥណ្ឌា​។ តួយ៉ាង ចាប់តាំងពី​ឆ្នាំ​២០១៥​មក ស្រីលង្កា ចង់​បង្កើន​វត្តមាន​របស់​ក្រុង​ញូវដែលី និង​ក្រុង​តូ​ក្យូ​កាន់តែច្រើន​ក្នុងប្រទេស​ខ្លួន ក្រោយពី​បារម្ភ​ជុំវិញ​កំណើន​លុយ​វិនិយោគ​ខ្លាំង​ហួសប្រមាណ​របស់​ក្រុមហ៊ុន​ចិន ដែល​កំពុង​រុញ​ស្រីលង្កា​ឲ្យ​ជាប់​វ័ណ្ឌករ​បំណុល​ចិន​កាន់តែ​ជ្រៅ​។ 
 
​ជា​ឧទាហរណ៍​ស្រាប់ ស្រីលង្កា កាលពី​ឆ្នាំ​២០១៧ បានប្រគល់​កំពង់ផែ​យុទ្ធសាស្ត្រ​ភាគខាងត្បូង Hambantota ដែលមាន​តម្លៃ​១,៥​ពាន់​លាន​ដុល្លារ​នេះ ទៅ​ឲ្យ​ចិន ក្នុង​លក្ខខណ្ឌ​ជួល ៩៩​ឆ្នាំ បន្ទាប់ពី​ខ្លួន​ពុំមាន​លទ្ធផល​ដោះបំណុល​។ កំពង់ផែ​ទឹក​ជ្រៅ​នេះ បាន​ក្លាយជា​គំរូ​ដ៏​ចម្បង​មួយ​សម្រាប់​ដាស់តឿន​ដល់​បណ្តា​ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិថី របស់​ចិន ឲ្យ​មើលឃើញ​ពី​ភាពមិន​ក្រីក្រ​តី ដែល​អាច​កើតមានឡើង​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​យក្ស​នេះ​។  
 
​សូមបញ្ជាក់ថា ប្រធាន​ធិបតី​ចិន លោក ស៊ី ជិន​ភីង បាន​បង្កើត​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិថី​ក្នុង​ឆ្នាំ​២០១៣ ក្នុង​គោលដៅ​ត​ភ្ជាប់​ប្រទេស​ចិន​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត ដែល​ស្ថិតក្នុង​តំបន់ អឺរ៉ុប អាស៊ី និង​អាហ្វ្រិក តាមរយៈ​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​។ មកទល់នឹង​ពេលនេះ ប្រទេស​ចំនួន ១២៤ និង​អង្គការ​អន្តរជាតិ ២៩ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​គំនិត​ផ្តួចផ្តើម​នេះ​ជាមួយ​ចិន​៕
 

Tag:
 ឥណ្ឌា ជប៉ុន ចិន ស្រីលង្កា​
  BRI
© រក្សាសិទ្ធិដោយ thmeythmey.com