រថយន្ត
អន្តរជាតិ
ន័​រ​វែ​ស​ជា​ប្រទេស​ដែល​ប្រើ​រថយន្ត​អគ្គិសនី​ច្រើនជាងគេ​នៅលើ​ពិភពលោក​
24, Jun 2019 , 8:39 pm        
រូបភាព
រថយន្តអគ្គិសនីនៅក្រុងអូស្លូ (រូបភាព៖ Euro News)
រថយន្តអគ្គិសនីនៅក្រុងអូស្លូ (រូបភាព៖ Euro News)
ដោយ: ថ្មីៗ
​បច្ចុប្បន្ននេះ រថយន្ត​ដើរ​ដោយ​ចរន្តអគ្គិសនី​កំពុង​ពេញនិយម​ខ្លាំង​នៅលើ​ពិភពលោក​។ ឥឡូវនេះ រដ្ឋ​អឺរ៉ុប​ន័​រ​វែ​សបាន​ក្លាយជា​ប្រទេសមួយ​ដែលមាន​ភាគរយ​នៃ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នេះ​ឈានមុខ​គេ​។


 
​តាម​ទិន្នន័យ​ចុងក្រោយបង្អស់​ដែល World Economic Forum បាន​ដកស្រង់  ៤៩.១៤ ភាគរយ​នៃ​ចំនួន​ឡាន​ដឹក​អ្នកដំណើរ​ទាំងអស់​នៅ​ដែល​បាន​លក់​នៅ​ឆ្នាំ​២០១៨ នៅ​ន័​រ​វែ​ស​គឺជា​រថយន្ត​អគ្គិសនី​។ ភាគរយ​ដ៏​ខ្ពស់​នេះ​គឺ​លើស​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​លើ​ពិភពលោក ខណៈ​រដ្ឋ​អឺរ៉ុប​ដូចជា​អ៊ី​ស្លង់ និង​ស៊ុយអែត​មាន​រថយន្ត​នេះ​ត្រឹម ១៩% និង​៨% ប៉ុណ្ណោះ​។ 
 
​តាមរយៈ​តួលេខ​ដែល​បានបង្ហាញ​ខាងលើ បើ​គិតពី​ភាគរយ​ឡាន​អគ្គិសនី ប្រទេស​អ៊ី​ស្លង់​និង​ស៊ុយអែត​ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​លេខ​៣​រៀង​គ្នា បន្ទាប់ពី​ន័​រ​វែ​ស ខណៈដែល​ប្រទេស​ចិន​និង​អាមេរិក​នាំមុខគេ​រឿង​បរិមាណ​ឡាន​អគ្គិសនី​សរុប​ដែល​បាន​លក់​ចេញ ។ 
 
​ជាមួយគ្នានេះដែរ អ្នកបើកបរ​យានយន្ត​ប្រើ​ថាមពល​ឥន្ធនៈផូស៊ីល នៅក្នុង​រាជធានី​អូ​ស្លូ​នៃ​ប្រទេស​ន័​រ​វែ​សបាន​ប្រឈម​ជាមួយ​បញ្ហា​កកស្ទះ​ចរាចរណ៍​និង​កង្វះ​ទីធ្លារ​សម្រាប់​ចត ខណៈដែល​ក្រុមប្រឹក្សា​ក្រុង​កំពុង​តែមាន​ភាព​មមាញឹក​ក្នុងការ​សាងសង់​ទីលាន​ចត​ឡាន​ប្រភេទ​នេះ​ដោយ​ឥតគិតថ្លៃ​នៅ​ឆ្នាំ​២០២៤​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ ការ​ប្រាថ្នា​ចង់បាន​ឡាន​ដើរ​ដោយ​ចរន្តអគ្គិសនី គឺ​មិនមែន​ដោយសារ​ហេតុផល​ក្នុងការ​ការពារ​បរិស្ថាន​តែ​ម្យ៉ាង​នោះទេ​។ គុណសម្បត្តិ​ទីមួយ​គឺ ការទិញ​រថយន្ត​ប្រើ​អគ្គិសនី​នេះ នឹង​រួច​ផុតពី​បន្ទុក​ពន្ធ​ដែល​កំណត់ដោយ​រដ្ឋាភិបាល​ទៅលើ​កម្រិត​បំ​ភាយ​ផ្សែង​របស់​យានយន្ត​។ ការណ៍​នេះ​ធ្វើឱ្យ​ប្រជាជន​ន័​រ​វែ​ស​អាច​សន្សំសំចៃ​ថវិកា ខណៈដែល​ការទិញ កាន់កាប់ និង​ប្រើប្រាស់​រថយន្ត​នៅ​ប្រទេស​អភិវឌ្ឍ​មួយ​នេះ​ទាមទារ​ឱ្យមាន​ការចំណាយ​ច្រើនសន្ធឹក​សន្ធាប់​។ 
 
​គួរ​បញ្ជាក់ថា ប្រទេស​ន័​រ​វែ​សមាន​អត្រា​ប្រើប្រាស់​ឡាន​អគ្គិសនី​ខ្ពស់​ជាងគេ​ក្នុងចំណោម​ប្រជាជន ១០០០​នាក់ បើ​ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅលើ​ពិភពលោក​។ ទោះបីជា​យ៉ាងណាក៏ដោយ បើ​និយាយ​ពី​ចំនួន​រថយន្ត គឺ​វា​មាន​ទំហំ​តូច​បើ​ធៀប​នឹង​ទីផ្សារ​សកល ដោយសារតែ​ចំនួន​ប្រជាជន​សរុប​របស់​ន័​រ​វែ​ស​នេះ​មាន​ត្រឹមតែ​៥,៣​លាន​នាក់​ប៉ុណ្ណោះ​៕
 
​ប្រែ​សម្រួល​ដោយៈ យ៉​ន សុខន​
 

Tag:
 រថយន្ត​អគ្គិសនី​
  ន័​រ​វែ​ស
© រក្សាសិទ្ធិដោយ thmeythmey.com