កៅអី​ក្រុមប្រឹក្សា​ជាង​៤​ពាន់ ត្រូវ​សន្និដ្ឋានថា បាន​លើ​បក្ស​ប្រជាជន​ស្ទើរ​ទាំងអស់​
ជាតិ
បោះឆ្នោត
កៅអី​ក្រុមប្រឹក្សា​ជាង​៤​ពាន់ ត្រូវ​សន្និដ្ឋានថា បាន​លើ​បក្ស​ប្រជាជន​ស្ទើរ​ទាំងអស់​
27, May 2019 , 4:13 pm        
រូបភាព
ដោយ: ថ្មីៗ
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បានបង្ហាញ​លទ្ធផល​ប​ឋ​មរួចហើយ ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ហៅ​ទូទៅ​ថា ការបោះឆ្នោត​ក្រុមប្រឹក្សា ក្នុង​អាណត្តិ​ទី​៣​នេះ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​។


 
​បើតាម​លទ្ធផល​បឋម មាន​អ្នកបោះឆ្នោត​១១៥៦៥​នាក់ ដែល​បាន​ទៅ​បោះឆ្នោត ក្នុងចំណោម​អ្នកបោះឆ្នោត​សរុប​១១៥៧២​នាក់ ដោយ​អ្នក​មិនបាន​ទៅ​បោះឆ្នោត មានតែ​៧​នាក់​ប៉ុណ្ណោះ (​ស្លាប់​ម្នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​)​។ អ្នកបោះឆ្នោត គឺជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។ 
 
​ក្នុងចំណោម​អ្នក​ទៅ​បោះឆ្នោត​ទាំង​១១៥៦៥​នាក់​នោះ អ្នកបោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ដល់​ទៅ​១១១២៣​នាក់​ឯណោះ ដែល​ស្មើនឹង​៩៦,១៧​ភាគរយ​។ ដូច្នេះ សំឡេងឆ្នោត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បើ​យកទៅ​ចែក​រក​អាសនៈ ស្ទើរតែ​បាន​អាសនៈ​ទាំងអស់ ក្នុងចំណោម​អាសនៈ​សរុប​៤១១៤​។ អាសនៈក្រុមប្រឹក្សារាជធានី ខេត្ត មាន​៥៥៩ ហើយ​អាសនៈក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ មាន​៣៥៥៥​។ អាចមាន​អាសនៈ​២-៣ បាន​ទៅលើ​គណបក្ស​ដទៃ​? 
 
​យ៉ាងណាក៏ដោយ គ​.​ជ​.​ប​. មិនទាន់​បែងចែក​អាសនៈ​ក្រុមប្រឹក្សា ដែល​គណបក្សនយោបាយ ត្រូវ​ទទួលបាន​នោះទេ​។ លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​ការបែងចែក​អាសនៈ នឹងត្រូវ​បង្ហាញ​នាពេលនោះ​។​
 
​មាន​គណបក្ស​៧ គឺ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច គណបក្ស​ខែ្មរ​រួបរួម​ជាតិ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដែល​បាន​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​អាណត្តិ​ទី​៣​នេះ​។ 
 
​លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង ដែល​គណបក្ស​របស់លោក ត្រូវបាន​រំលាយចោល​កាលពី​ចុងឆ្នាំ​២០១៧ បាន​ហៅ​ការបោះឆ្នោត​ក្រុមប្រឹក្សា ថា​ជាការ​បោះឆ្នោត​ក្លែងក្លាយ​លើក​ទី​៣​។ លោក រៀបរាប់ថា ការបោះឆ្នោត​ក្លែងក្លាយ​លើក​ទី​១ គឺជា​ការបោះឆ្នោត​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ហើយ​ការបោះឆ្នោត​ក្លែងក្លាយ​លើក​ទី​២ គឺជា​ការបោះឆ្នោត​តំណាងរាស្ត្រ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ 
 
​ហេតុផល​ដែល​ធ្វើ​ឲ្យ​លោក ចាត់ទុក​ការបោះឆ្នោត​ទាំង​៣​លើក​នេះ ថា​ជាការ​បោះឆ្នោត​ក្លែងក្លាយ គឺ​ដោយសារតែ​អតីត​គណបក្សប្រឆាំងរ​ប​ស់លោក ពុំបាន​ចូលរួម​។ លោក អះអាងថា ការបោះឆ្នោត​ក្លែងក្លាយ​ទាំងនេះ គឺ​នាំ​កម្ពុជា​ទៅរក​ប្រព័ន្ធ​ឯក​បក្ស​។ 
 
​លោក បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​ការបោះឆ្នោត​ក្លែងក្លាយ​ទាំង​៣​លើក​នេះ ធ្វើ​ឲ្យ​គណបក្សកាន់អំណាច ទទួលបាន​កៅអី​១០០​ភាគរយ នៅ​គ្រប់​ស្ថាប័នរដ្ឋ ពី​ថ្នាក់ជាតិ ដល់​ថ្នាក់មូលដ្ឋាន​»​។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច និយាយ​ការពារ​ថា ការបោះឆ្នោត​ក្រុមប្រឹក្សា ត្រូវបាន​អនុវត្ត​ត្រឹមត្រូវ​ទៅតាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់បោះឆ្នោត ហើយ​ក៏មាន​លក្ខណ​:​ប្រជាធិបតេយ្យ​ដែរ​។ លោក សរសេរ​ក្នុង​បណ្តាញ​ទំនាក់​ទំ​ង​តេ​ឡេ​ក្រាម​បែបនេះ​ថា «​ការបោះឆ្នោត​ក្លែងក្លាយ គឺ​អ្នក​ថា​និង​អ្នក​ផ្សាយ​ទេ ដែល​ក្លែងក្លាយ​នោះ​។ គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស​៤០​ឆ្នាំ ជា​គណបក្ស​ខ្លាំង មា​នក​ម្មវិ​ធី​នយោបាយ​ត្រឹមត្រូវ មានការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា​ច្រើន​លើសលុប​»​។​
 
​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បកស្រាយ​ទៀតថា «​ប្រទេស​មាន​បក្ស​តែមួយ ជា​ប្រទេស​ប្រជាធិបតេយ្យ​តាមបែប​បក្ស​តែមួយ មានការ​អភិវឌ្ឍ​រីកចម្រើន​ដូច​តែ​ប្រទេស​មាន​បក្ស​ច្រើន ដែល​តែងតែ​ឈ្លោះទាស់ទែង​គ្នា​មិនចេះចប់​»​។​
 
​ក្រោយ​អវត្តមាន​គណបក្សប្រឆាំង អាសនៈ​នៅ​គ្រប់លំដាប់​ថ្នាក់ បាន​ធ្លាក់​ទៅលើ​គណបក្សកាន់អំណាច​។ ការបោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៤ កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ គណបក្សកាន់អំណាច ទទួលបាន​អាសនៈ​ទាំងអស់ ហើយ​ការបោះឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ក៏​គណបក្សកាន់អំណាច ទទួលបាន​អាសនៈ​ទាំងអស់​ដែរ​។​
 
​ចំណែក អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ជាង​៥​ពាន់​របស់​អតីត​គណបក្សប្រឆាំង ក៏ត្រូវ​យកទៅ​ចែក​ឲ្យ​គណបក្សកាន់អំណាច​ស្ទើរ​ទាំងអស់ ដោយ​គណបក្ស​ផ្សេង​ទទួលបាន​តិចតួច​ប៉ុណ្ណោះ​។ 
 
​អាច​និយាយបានថា បច្ចុប្បន្ន អាសនៈ​ទាំង​៤​កន្លែង គឺ​អាសនៈ​រដ្ឋសភា អាសនៈ​ព្រឹទ្ធសភា អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង អាសនៈ​ឃុំ សង្កាត់ សុទ្ធតែ​ក្តោប​ក្តាប់​ដោយ​គណបក្សកាន់អំណាច​៕ 
 

Tag:
 បោះឆ្នោតក្រុមប្រឹក្សា​
  លទ្ធផល​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម