គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានបង្ហាញលទ្ធផលបឋមរួចហើយ ស្តីពីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលហៅទូទៅថា ការបោះឆ្នោតក្រុមប្រឹក្សា ក្នុងអាណត្តិទី៣នេះ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។
បើតាមលទ្ធផលបឋម មានអ្នកបោះឆ្នោត១១៥៦៥នាក់ ដែលបានទៅបោះឆ្នោត ក្នុងចំណោមអ្នកបោះឆ្នោតសរុប១១៥៧២នាក់ ដោយអ្នកមិនបានទៅបោះឆ្នោត មានតែ៧នាក់ប៉ុណ្ណោះ (ស្លាប់ម្នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍)។ អ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។
ក្នុងចំណោមអ្នកទៅបោះឆ្នោតទាំង១១៥៦៥នាក់នោះ អ្នកបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា មានដល់ទៅ១១១២៣នាក់ឯណោះ ដែលស្មើនឹង៩៦,១៧ភាគរយ។ ដូច្នេះ សំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា បើយកទៅចែករកអាសនៈ ស្ទើរតែបានអាសនៈទាំងអស់ ក្នុងចំណោមអាសនៈសរុប៤១១៤។ អាសនៈក្រុមប្រឹក្សារាជធានី ខេត្ត មាន៥៥៩ ហើយអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មាន៣៥៥៥។ អាចមានអាសនៈ២-៣ បានទៅលើគណបក្សដទៃ?
យ៉ាងណាក៏ដោយ គ.ជ.ប. មិនទាន់បែងចែកអាសនៈក្រុមប្រឹក្សា ដែលគណបក្សនយោបាយ ត្រូវទទួលបាននោះទេ។ លទ្ធផលផ្លូវការនៃការបោះឆ្នោត នឹងត្រូវប្រកាសនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ហើយការបែងចែកអាសនៈ នឹងត្រូវបង្ហាញនាពេលនោះ។
មានគណបក្ស៧ គឺ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៊ិច គណបក្សខែ្មររួបរួមជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និង គណបក្សខ្មែរសាធារណរដ្ឋ ដែលបានចូលរួមប្រកួតក្នុងការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះ។
លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលគណបក្សរបស់លោក ត្រូវបានរំលាយចោលកាលពីចុងឆ្នាំ២០១៧ បានហៅការបោះឆ្នោតក្រុមប្រឹក្សា ថាជាការបោះឆ្នោតក្លែងក្លាយលើកទី៣។ លោក រៀបរាប់ថា ការបោះឆ្នោតក្លែងក្លាយលើកទី១ គឺជាការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយការបោះឆ្នោតក្លែងក្លាយលើកទី២ គឺជាការបោះឆ្នោតតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ហេតុផលដែលធ្វើឲ្យលោក ចាត់ទុកការបោះឆ្នោតទាំង៣លើកនេះ ថាជាការបោះឆ្នោតក្លែងក្លាយ គឺដោយសារតែអតីតគណបក្សប្រឆាំងរបស់លោក ពុំបានចូលរួម។ លោក អះអាងថា ការបោះឆ្នោតក្លែងក្លាយទាំងនេះ គឺនាំកម្ពុជាទៅរកប្រព័ន្ធឯកបក្ស។
លោក បានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ការបោះឆ្នោតក្លែងក្លាយទាំង៣លើកនេះ ធ្វើឲ្យគណបក្សកាន់អំណាច ទទួលបានកៅអី១០០ភាគរយ នៅគ្រប់ស្ថាប័នរដ្ឋ ពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច និយាយការពារថា ការបោះឆ្នោតក្រុមប្រឹក្សា ត្រូវបានអនុវត្តត្រឹមត្រូវទៅតាមរដ្ឋធម្មនុញ្ញនិងច្បាប់បោះឆ្នោត ហើយក៏មានលក្ខណ:ប្រជាធិបតេយ្យដែរ។ លោក សរសេរក្នុងបណ្តាញទំនាក់ទំងតេឡេក្រាមបែបនេះថា «ការបោះឆ្នោតក្លែងក្លាយ គឺអ្នកថានិងអ្នកផ្សាយទេ ដែលក្លែងក្លាយនោះ។ គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស៤០ឆ្នាំ ជាគណបក្សខ្លាំង មានកម្មវិធីនយោបាយត្រឹមត្រូវ មានការគាំទ្រពីប្រជាជនកម្ពុជាច្រើនលើសលុប»។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បកស្រាយទៀតថា «ប្រទេសមានបក្សតែមួយ ជាប្រទេសប្រជាធិបតេយ្យតាមបែបបក្សតែមួយ មានការអភិវឌ្ឍរីកចម្រើនដូចតែប្រទេសមានបក្សច្រើន ដែលតែងតែឈ្លោះទាស់ទែងគ្នាមិនចេះចប់»។
ក្រោយអវត្តមានគណបក្សប្រឆាំង អាសនៈនៅគ្រប់លំដាប់ថ្នាក់ បានធ្លាក់ទៅលើគណបក្សកាន់អំណាច។ ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ គណបក្សកាន់អំណាច ទទួលបានអាសនៈទាំងអស់ ហើយការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក៏គណបក្សកាន់អំណាច ទទួលបានអាសនៈទាំងអស់ដែរ។
ចំណែក អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ជាង៥ពាន់របស់អតីតគណបក្សប្រឆាំង ក៏ត្រូវយកទៅចែកឲ្យគណបក្សកាន់អំណាចស្ទើរទាំងអស់ ដោយគណបក្សផ្សេងទទួលបានតិចតួចប៉ុណ្ណោះ។
អាចនិយាយបានថា បច្ចុប្បន្ន អាសនៈទាំង៤កន្លែង គឺអាសនៈរដ្ឋសភា អាសនៈព្រឹទ្ធសភា អាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង អាសនៈឃុំ សង្កាត់ សុទ្ធតែក្តោបក្តាប់ដោយគណបក្សកាន់អំណាច៕