កីឡាអន្តរជាតិ
អន្តរជាតិ
Derby vs Aston៖ ក្រុម​ដែល​ឡើងទៅ EPL អាច​រកចំណូលបាន​២១៦​លាន​ដុល្លារ​
27, May 2019 , 4:52 pm        
រូបភាព
ដោយ: ថ្មីៗ
Derby County និង Aston Villa ត្រូវ​ប្រជែង​គ្នា​ក្នុងការ​ប្រកួត play-off វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើម​កៅអី​ទៅកាន់​ក្របខណ្ឌ Premier League រដូវ​កាល​ក្រោយ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ខែឧសភា នា​កីឡដ្ឋាន Wembley វេលា​ម៉ោង ៩:០០​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​]​។​


​យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន Deloitte (​ក្រុមហ៊ុន​ប្រឹក្សា​ពន្ធ និង​ហិរញ្ញវត្ថុ​) ក្រុម​ដែល​ឈ្នះ​ការប្រកួត​នេះ​នឹង​ទទួលបាន​ប្រាក់ចំណូល​បន្ថែម​ប្រហែល ១៧០​លាន​ផោន (២១៦ លាន​ដុល្លារ​អាមេរិក​) ក្នុង​រយៈពេល​៣​រដូវ​កាល​បន្ទាប់​។​
 
Aston Villa ដែល​ធ្លាប់ជា​ម្ចាស់​ពាន​កំពូល​អឺរ៉ុប​១​លើក​កំពុង​ស្វែងរក​ការវិលត្រឡប់​ទៅកាន់​លី​គ​កំពូល​អង់គ្លេស​វិញ​ក្រោយ​អវត្តមាន​រយៈពេល​៣​ឆ្នាំ​។ ដោយឡែក Derby បាន​អាក់ខាន​បង្ហាញមុខ​នៅ Premier League តាំងពី​ឆ្នាំ ២០០៨ បន្ទាប់ពី​ពួកគេ​ធ្លាក់​ទៅ​លី​គ​ទី​២​ដោយ​ទទួលបាន​លទ្ធផល​អាក្រក់​បំផុត​មិន​ធ្លាប់មាន ដោយ​រកបាន​ត្រឹមតែ​១១​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​មួយ​រដូវ​កាល​។​
 
​នេះ​ក៏​ជាការ​ប្រឈមមុខគ្នា​រវាង​អតីត​មិត្ត​រួម​ក្រុម Chelsea ពី​រូប​គឺ Frank Lampard និង John Terry ផងដែរ​។ Lampard ជា​អ្នកចាត់ការ​ក្រុម Derby រីឯ Terry ជា​ជំនួយការ​លោក Dean Smith អ្នកចាត់ការ Aston Villa​។​
 
​ក្រោម​ការដឹកនាំ​របស់ Lampard អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស វ័យ​៤០​ឆ្នាំ Derby បាន​ទម្លាក់ Leeds United ដោយ​លទ្ធផល​ទាំងពីរ​ជើង ៤-៣ ក្នុងការ​ប្រកួត play-off វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ រីឯ Aston Villa របស់ Terry វិញ បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​តាមរយៈ​ការ​ឈ្នះ West Bromwich Albion ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ​។ តើ Derby ឬ Aston Villa ដែល​អាច​បង្ហាញមុខ​នៅ​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​ក្រោយ​?
 
​ការវិភាគ​របស់ Deloitte បង្ហាញថា​ក្លិប​ណា​ដែល​ឡើងទៅ Premier League អាច​នឹង​រកប្រាក់​ចំណូល​បាន​ប្រមាណ ២១៦​លាន​ដុល្លារ​ឯណោះ​ប្រសិនបើ​ក្រុម​នោះ​ឈរជើង​បាន​៣​រដូវ​កាល​ជាប់​គ្នា​។ ក្រុមហ៊ុន​ដដែល​ក៏​ទស្ស​ទាយ​ថា លេង​បាន​បី​រដូវ​កាល​ហើយ ក្រុម​នោះ​នឹង​ធ្លាក់​ទៅ​លី​គ​ទី​ពីរ​របស់​អង់គ្លេស​វិញ​។ 
 
​ក្រុមហ៊ុន​មាន​មូលដ្ឋាន​ក្នុងប្រទេស​អង់គ្លេស​ខាងលើនេះ​ពន្យល់ថា ប្រាក់ចំណូល​បន្ថែម​ដែល​ពួកគេ​នឹង​ទទួលបាន​ពី​ការលេង​នៅ​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល ២០១៩-២០ យ៉ាងហោចណាស់​ចំនួន ៩៥​លាន​ផោន (១២១​លាន​ដុល្លារ​អាមេរិក​) ដែល​ភាគច្រើន​បាន​ពី​ការផ្សាយ​តាម​ទូរទស្សន៍​។ ដោយឡែក ២ រដូវ​កាល​បន្ទាប់​ទៀត ពោល ២០២០-២១ និង ២០២១-២២ ពួកគេ​អាច​នឹង​រកប្រាក់​បាន ៧៥​លាន​ផោន (៩៥​លាន​ដុល្លារ​អាមេរិក​)៕ 
 

Tag:
 បាល់ទាត់​
  Premier League
  Deloitte
© រក្សាសិទ្ធិដោយ thmeythmey.com