ជាតិ
​​​ន​យោ​បាយ​ជាតិ​
នយោបាយ​ចម្រុះ​ពណ៌​!
27, May 2019 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្វី​ទៅជា​គោលនយោបាយ​ចម្រុះ​ពណ៌ «Multi-Colored Politics» «Politique Multicolore»? វា​គឺជា​គោលនយោបាយ​បត់បែន​គ្រប់​កាលៈទេសៈ​មួយ ក្នុងការ​ទទួលយក​គ្រប់​មនោគមវិជ្ជា​នយោបាយ​បរទេស​ទាំងអស់​។​

 
​ប្រាកដ​ជាមាន​អ្នក​យល់ឃើញ និង​ឲ្យ​និយមន័យ​ផ្សេងគ្នា លើ​ពាក្យ​គោលនយោបាយ​ចម្រុះ​ពណ៌​នេះ​។ សារព័ត៌មាន​ThmeyThmey ក៏​មិនអាច​ជំទាស់​រាល់​ការ​ឲ្យ​និយមន័យ​លើ​ពាក្យ​នេះដែរ​។ តែ​យ៉ាងណា​សៀវភៅ​សទ្ទានុក្រម​វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត​ខ្មែរ​-​អង់គ្លេស​-​បារាំង នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ដែល​សារព័ត៌មាន​ThmeyThmey ដកស្រង់​មកនេះ បាន​ពន្យល់​ពី​ពាក្យ​នៃ​នយោបាយ​ចម្រុះ​ពណ៌​។​
 
​នយោបាយ​ចម្រុះ​ពណ៌ គឺ​សំដៅលើ​នយោបាយ​ទទួលយក​មនោគមវិជ្ជា​នយោបាយ​គ្រប់​និន្នាការ ក្នុងទិសដៅ​បង្ហាញ​ពិភពលោក​ថា ខ្លួន​មិន​រើសអើង​និន្នាការ​នយោបាយ​។​
 
​ត្រង់ចំណុច​នេះ គេ​អាច​ឲ្យ​ជា​ឧទាហរណ៍​បាន​ថា ក្រោយពី​ការបង្កើត​បក្សសម្ព័ន្ធ​សេអាតូ នៅ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​១៩៥៤ នោះ កម្ពុជា​បានប្រកាស​ជំហរ​ជា​ប្រទេស​កាន់​នយោបាយ​អ​ព្យា​ក្រឹត្យ ដោយ​មិន​ចូលបក្ស​សម្ព័ន្ធ​ណាមួយ​។ តាមរយៈ​គោលនយោបាយ​នេះហើយ ទើប​គេ​ឃើញថា​ប្រទេស​កម្ពុជា កាលណោះ បាន​ប្រើប្រាស់​នយោបាយ​បត់បែន​មួយ ដោយ​បញ្ចៀស​ខ្លួន​ឲ្យ​ផុតពី​ការប្រកាន់យក​នយោបាយ​ឆ្វេងនិយម ឬ​ស្ដាំនិយម ពោលគឺ​កម្ពុជា​ប្រើប្រាស់​នយោបាយ​ការទូត ទទួលយក​មនោគមវិជ្ជា​គ្រប់​និន្នាការ ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ផង និង​ទទួលបាន​ជំនួយ​ផង តួយ៉ាង​ជំនួយ​ពី​ចិន រុស្ស៊ី និង​អាម៉េរិក​ជាដើម​។ ចំណុច​ទាំងនេះហើយ ទើប​គេ​ឲ្យ​និយមន័យ​ថា ជា​នយោបាយ​ចម្រុះ​ពណ៌​។ 
 
​សារព័ត៌មាន ThmeyThmey ទទួលបាន​សិទ្ធិ​ចុះផ្សាយ​ពី​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​៕
 

Tag:
 នយោបាយ​
  ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com