កីឡាអន្តរជាតិ
អន្តរជាតិ
Tuchel មិន​ហ៊ាន​ធានាថា Neymar និង Mbappe បន្ត​នៅ PSG ឡើយ​
27, May 2019 , 10:19 pm        
រូបភាព
Neymar និង Kylian Mbappe អាច​ចាក​ចេញពី Paris Saint-Germain ឬ​យ៉ាងណា​នៅ​មិនទាន់​ប្រា​ដក​ឡើយ​នៅពេលនេះ បន្ទាប់ពី​អ្នកចាត់ការ​ទូទៅ​លោក Thomas Tuchel ចេញមក​អះអាងថា​លោក​មិនអាច​ធានាបាន​ទេពី​អនាគត​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​ទាំងពីរ​ជាមួយ​ម្ចាស់​ជើងឯក Ligue 1 បារាំង​។


 
​ក្រុម​យក្ស​បារាំង PSG បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ជាមួយ​លោក Tuchel រហូតដល់​ឆ្នាំ​២០២១ ស្រប​ពេលដែល Neymar កំពុងមាន​ទំនាក់ទំនង​ទៅនឹង​ការ​ត្រឡប់​ទៅកាន់ La Liga វិញ​។ Mbappe ក៏បាន​ប្រ​លយ​ពាក្យ​ថា​រូបគេ​ចង់​សាកល្បង​គម្រោង​ថ្មី​មួយ​ជាមួយនឹង​ការប្រកួតប្រជែង​ថ្មី​ផងដែរ​។​
 
​អតីត​ខ្សែប្រយុទ្ធ​ឆ្មើ​ម Barcelona កំពុង​ត្រូវបាន​សារព័ត៌មាន​កីឡា​ល្បីៗ​ជុំវិញ​ពិភពលោក​ចុះផ្សាយ​ពី​ការផ្លាស់​ទៅ​ចូលរួម​ជាមួយ Real Madrid ខណៈដែល​ក្រុម​ស្តេច​ស​មួយ​នេះ​កំពុង​បញ្ហា​ទម្រង់​លេង និង​ត្រូវការ Super Star ដើម្បី​ទៅ​ជំនួស Gareth Bale និង Cristiano Ronaldo​។ 
 
​លោក Tuchel ត្រូវបាន​អ្នកព័ត៌មាន​ចោទសួរ​អំពី Neymar និង Mbappe នៅពេល​លោក​បង្ហាញខ្លួន​ក្នុង​កម្មវិធី​ប្រណាំង​រថយន្ត Formula One នៅឯ​ទីលាន Monaco Grand Prix ថ្ងៃទី​២៦ ខែឧសភា​។ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ វ័យ​៤៥​ឆ្នាំ​រូបនេះ​បាន​ឆ្លើយ​ប្រាប់​ទូរទស្សន៍ Sky Sports ថា​លោក​មិន​ហ៊ាន​ធានា​ពី​វត្តមាន​អ្នក​ទាំងពីរ​ឡើយ​។ 
 
«​នេះ​ក្នុង​ខែឧសភា ប៉ុន្តែ​នៅ​ខែក្រោយ​អ្វីៗ​អាច​កើតឡើង​បាន​គ្រប់ពេល​។ យើង​បានដឹងហើយថា​ពួកគេ​ជា​កីឡាករ​ដែលមាន​គុណភាព និង​ទេពកោសល្យ​ខ្ពស់​។ បំណង​របស់ខ្ញុំ​ក្នុងនាម​ជា​អ្នកចាត់ការ និង​ជា​គ្រូបង្វឹក​គឺ​ប្រាកដ​ណាស់​ខ្ញុំ​ចង់​ឲ្យ​កីឡាករ​របស់ខ្ញុំ​ទាំងអស់​ស្នាក់នៅ PSG ដើម្បី​បន្ត​គម្រោង​របស់​យើង ហើយ​ការងារ​នេះ​ទើបតែ​ចាប់ផ្តើម​ប៉ុណ្ណោះ​។ បំណង​របស់ខ្ញុំ​ច្បាស់លាស់​ណាស់ ប៉ុន្តែ​ខ្ញុំ​មិនអាច​សន្យាថា​ពួកគេ​នៅ​បន្ត​ជាមួយ​យើង​ទេ ព្រោះនេះ​ជា​ជំនួញ​»​។​
 
Mbappe ខ្សែប្រយុទ្ធ​វ័យក្មេង​ដែល​ជួយ​បារាំង​ឈ្នះ World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី ក្លាយជា​ម្ចាស់​ស្បែកជើង​មាស​នៅ​ក្របខណ្ឌ Ligue 1 ដោយ​ស៊ុត​បញ្ចូល​ទី​៣៣​គ្រាប់​ឲ្យ PSG និង ៣៩​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​គ្រប់ការ​ប្រកួត​នៅ​រដូវ​កាល ២០១៨-១៩​។ ចំណែក Neymar រកបាន​តែ ១៥ គ្រាប់​ប៉ុណ្ណោះ​ក្នុង ២៣ ប្រកួត ដ្បិត​មិនសូវ​បានបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ព្រោះ​ញាំញី​ដោយសារ​របួស​៕

Tag:
 បាល់ទាត់​
  Paris Saint-Germain
  Thomas Tuchel
  Neymar
  Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com