កីឡាអន្តរជាតិ
អន្តរជាតិ
Tuchel មិនហ៊ានធានាថា Neymar និង Mbappe បន្តនៅ PSG ឡើយ
× Neymar និង Kylian Mbappe អាចចាកចេញពី Paris Saint-Germain ឬយ៉ាងណានៅមិនទាន់ប្រាដកឡើយនៅពេលនេះ បន្ទាប់ពីអ្នកចាត់ការទូទៅលោក Thomas Tuchel ចេញមកអះអាងថាលោកមិនអាចធានាបានទេពីអនាគតរបស់ខ្សែប្រយុទ្ធឆ្នើមទាំងពីរជាមួយម្ចាស់ជើងឯក Ligue 1 បារាំង។
ក្រុមយក្សបារាំង PSG បានយល់ព្រមបន្តកិច្ចសន្យាជាមួយលោក Tuchel រហូតដល់ឆ្នាំ២០២១ ស្របពេលដែល Neymar កំពុងមានទំនាក់ទំនងទៅនឹងការត្រឡប់ទៅកាន់ La Liga វិញ។ Mbappe ក៏បានប្រលយពាក្យថារូបគេចង់សាកល្បងគម្រោងថ្មីមួយជាមួយនឹងការប្រកួតប្រជែងថ្មីផងដែរ។
អតីតខ្សែប្រយុទ្ធឆ្មើម Barcelona កំពុងត្រូវបានសារព័ត៌មានកីឡាល្បីៗជុំវិញពិភពលោកចុះផ្សាយពីការផ្លាស់ទៅចូលរួមជាមួយ Real Madrid ខណៈដែលក្រុមស្តេចសមួយនេះកំពុងបញ្ហាទម្រង់លេង និងត្រូវការ Super Star ដើម្បីទៅជំនួស Gareth Bale និង Cristiano Ronaldo។
លោក Tuchel ត្រូវបានអ្នកព័ត៌មានចោទសួរអំពី Neymar និង Mbappe នៅពេលលោកបង្ហាញខ្លួនក្នុងកម្មវិធីប្រណាំងរថយន្ត Formula One នៅឯទីលាន Monaco Grand Prix ថ្ងៃទី២៦ ខែឧសភា។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ វ័យ៤៥ឆ្នាំរូបនេះបានឆ្លើយប្រាប់ទូរទស្សន៍ Sky Sports ថាលោកមិនហ៊ានធានាពីវត្តមានអ្នកទាំងពីរឡើយ។
«នេះក្នុងខែឧសភា ប៉ុន្តែនៅខែក្រោយអ្វីៗអាចកើតឡើងបានគ្រប់ពេល។ យើងបានដឹងហើយថាពួកគេជាកីឡាករដែលមានគុណភាព និងទេពកោសល្យខ្ពស់។ បំណងរបស់ខ្ញុំក្នុងនាមជាអ្នកចាត់ការ និងជាគ្រូបង្វឹកគឺប្រាកដណាស់ខ្ញុំចង់ឲ្យកីឡាកររបស់ខ្ញុំទាំងអស់ស្នាក់នៅ PSG ដើម្បីបន្តគម្រោងរបស់យើង ហើយការងារនេះទើបតែចាប់ផ្តើមប៉ុណ្ណោះ។ បំណងរបស់ខ្ញុំច្បាស់លាស់ណាស់ ប៉ុន្តែខ្ញុំមិនអាចសន្យាថាពួកគេនៅបន្តជាមួយយើងទេ ព្រោះនេះជាជំនួញ»។
Mbappe ខ្សែប្រយុទ្ធវ័យក្មេងដែលជួយបារាំងឈ្នះ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី ក្លាយជាម្ចាស់ស្បែកជើងមាសនៅក្របខណ្ឌ Ligue 1 ដោយស៊ុតបញ្ចូលទី៣៣គ្រាប់ឲ្យ PSG និង ៣៩គ្រាប់ក្នុងការបង្ហាញខ្លួនគ្រប់ការប្រកួតនៅរដូវកាល ២០១៨-១៩។ ចំណែក Neymar រកបានតែ ១៥ គ្រាប់ប៉ុណ្ណោះក្នុង ២៣ ប្រកួត ដ្បិតមិនសូវបានបង្ហាញខ្លួនឲ្យក្រុមព្រោះញាំញីដោយសាររបួស៕
Tag:
បាល់ទាត់
Paris Saint-Germain
Thomas Tuchel
Neymar
Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com