កីឡាអន្តរជាតិ
អន្តរជាតិ
Atalanta បាន​កៅអី Champions League លើកដំបូង​ក្រោយ​ចាំ​អស់​១១២​ឆ្នាំ​
27, May 2019 , 5:37 pm        
រូបភាព
Atalanta ក្លិប​នៃ​លី​គ​កំពូល​អ៊ីតាលី Serie A ទទួលបាន​សិទ្ធិ​លេង​ក្នុង​ក្របខណ្ឌ UEFA Champions League លើកដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​បន្ទាប់ពី​ចូល​ប្រ​លួ​ក​ក្នុង​វិស័យ​កីឡាបាល់ទាត់​តាំងពី​ឆ្នាំ ១៩០៧​។​


 
​ជ័យជម្នះ​របស់ Atalanta លើ Sassuolo ៣-១ ក្នុងការ​ជួបគ្នា​សប្តាហ៍​ចុងក្រោយ​ដើម្បី​បិទ​រដូវ​កាល ២០១៨-១៩ នៅ​ថ្ងៃទី​២៦ ខែឧសភា គ្រប់គ្រាន់​ក្នុង​ការនាំ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Gian Piero Gasperini បាន​កៅអី​លេង​ក្នុង​វគ្គ​ចែក​ពូ​ល​ក្របខណ្ឌ​កំពូល​អឺរ៉ុប​រដូវ​កាល​ក្រោយ​តែម្តង​។ ឆ្លងកាត់ ៣៨ ប្រកួត Atalanta បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​៣ រកបាន​៦៩​ពិន្ទុ​ស្មើ Inter Milan តែ​ឈ្នះ​គ្រាប់​ស៊ុត​បញ្ចូល​ទី និង​នាំមុខ AC Milan ដែល​បាន​លេខ​៥ ចំនួន​១​ពិន្ទុ​ប៉ុណ្ណោះ​។​

 
 
​នេះ​ជា​លើកដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង Bergamo សម្រាប់​ការបង្ហាញ​ខ្លួន​ក្នុង​លី​គ​អឺរ៉ុប ក្រោយ​រយៈពេល ១១២​ឆ្នាំ​នៃ​ការកកើត​ក្លិប តាមរយៈ​ការនាំ​មុខ​គូប្រជែង​ខ្លាំងៗ​ដូចជា Inter Milan, AC Milan និង Roma​។​
 
​ដូច្នេះ​៤​ក្រុម​ពី​អ៊ីតាលី​ដើម្បី​លេង​នៅ Champoins League រដូវ​កាល​ក្រោយ​រួមមាន Juventus (​ជើង​ឯ Serie A) Napoli, Atalanta និង Inter Milan​។ AC Milan ដែល​ឈរ​លេខ​៥ បាន​កៅ​ទៅ Europa League ដោយ​ស្វ័យប្រវត្តិ​ជាមួយ Lazio (​ជើងឯក Coppa Italia) ខណៈ Roma លេខ​៦ ត្រូវ​ប្រកួត play-off៕

Tag:
 បាល់ទាត់​
  Atalanta
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com