អន្តរជាតិ
អ្នកជំនាញចង់ឃើញ អាមេរិកនិងជប៉ុនរួមគ្នាជួយមីយ៉ាន់ម៉ាអភិវឌ្ឍសេដ្ឋកិច្ច និងសិទ្ធិមនុស្ស រូបភាព៖ Japan Times
× ក្រុមអ្នកជំនាញអាមេរិក និងជប៉ុន ចង់ឃើញរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងតូក្យូ រួមគ្នាដើរតួនាទីឲ្យកាន់តែសកម្មជាមួយនឹងរដ្ឋាភិបាលក្រុងណៃពិដោរលើការអភិវឌ្ឍប្រទេស និងសិទ្ធិមនុស្ស ។ សម្រាប់អ្នកជំនាញ វត្តមានរបស់រដ្ឋាភិបាលទាំងពីរក្នុងពេលដូចគ្នា អាចធ្វើឲ្យរដ្ឋអាស៊ីអាគ្នេយ៍មួយនេះ មានភាពល្អប្រសើរ ខណៈបច្ចុប្បន្ន ក្រុងណៃពិដោរ កំពុងតែពឹងផ្អែកខ្លាំងទៅលើក្រុងប៉េកាំង។
តាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមអ្នកជំនាញ នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) មានមូលដ្ឋាននៅអាមេរិក និង គំនិតផ្តួចផ្តើមអាស៊ីប៉ាស៊ីហ្វិក (API) អាមេរិក និងជប៉ុន អាចក្លាយជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងការអភិវឌ្ឍរបស់មីយ៉ាន់ម៉ាទាំងការផ្លាស់ប្តូរតាមផែនប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងកំណើនសេដ្ឋកិច្ច។
ក្រុមអ្នកស្រាវជ្រាវតាមរយៈរបាយការណ៍ដដែលនោះ បានផ្តល់អនុសាសន៍ និងយុទ្ធសាស្ត្រដល់អាមេរិក និងជប៉ុន ដើម្បីអនុវត្តក្នុងគោលដៅពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរនៅក្នុងប្រទេសទីបី ដែលរាប់បញ្ចូលទាំងមីយ៉ាន់ម៉ានោះ។
ក្រុមអ្នកស្រាវជ្រាវ រកឃើញថា ក្នុងករណីមីយ៉ាន់ម៉ា វត្តមានអាមេរិក និងជប៉ុន តាមរយៈការពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ, សមត្ថភាពធនធានមនុស្ស និងអភិបាលកិច្ច មីយ៉ាន់ម៉ា នឹងក្លាយជារដ្ឋដែលកាន់តែរឹងមាំ ប្រជាធិបតេយ្យ ស្ថិរភាព និងកាន់តែមានលទ្ធភាពខ្លាំងជាងមុនក្នុងការចរចាជាមួយនឹងប្រទេសជិតខាងធំៗ ដូចជាចិនជាដើម។
គួររម្លឹកបន្តិចថា មីយ៉ាន់ម៉ា បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាមួយនឹងអាមេរិកតាំងពីឆ្នាំ១៩៤៧ និងជាមួយនឹងជប៉ុន តាំងពីឆ្នាំ១៩៥៤ មកម្ល៉េះ។ ប្រទេសទាំងពីរ សុទ្ធសឹងតែស្ថិតនៅក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតទាំង១០របស់មីយ៉ាន់ម៉ា។ ពោលគឺ ប្រទេសទាំងពីរ មានសក្តានុពលស្រាប់រួចទៅហើយនៅក្នុងទំនាក់ទំនងជាមួយនឹងមីយ៉ាន់ម៉ា។
បច្ចុប្បន្នមីយ៉ាន់ម៉ា កំពុងស្ថិតនៅក្នុងដំណាក់កាលអន្តរកាលនៃប្រជាធិបតេយ្យ ដែលមានបញ្ហាប្រឈមជាច្រើនត្រូវដោះស្រាយ។ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា ក៏មិនទាន់មានលក្ខណៈល្អប្រសើរ ខណៈកម្រិតបំណុល ក៏មិនអាចធានាពីនិរន្តរភាព និងការពឹងផ្អែកទៅលើចិន ក៏ស្ថិតនៅក្នុងកម្រិតលើសលប់ផងនោះ។
ចំណុចនេះហើយ ដែលក្រុមអ្នកស្រាវជ្រាវ ជំរុញឲ្យអាមេរិក និងជប៉ុន បង្កើនសកម្មភាពតាមរយៈជំនួយ ដើម្បីធ្វើឲ្យដំណើរការនៃសេដ្ឋកិច្ច នយោបាយ និងប្រជាធិបតេយ្យមីយ៉ាន់ម៉ា បន្តទៅមុខ និងរីកលូតលាស់បាន៕
© រក្សាសិទ្ធិដោយ thmeythmey.com